​​ការ​ភ័យ​ខ្លាច​ពី​ជម្លោះ​ពាណិជ្ជ​កម្ម​កើត​មាន​ឡើង​នៅ​តំបន់​អាស៊ី​លើ​បញ្ហា​ការ​យក​ពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក​

រូបឯកសារ៖ ក្រុម​ហ៊ុន​ដែក​ថែម JFE Steel Corporation នៅ​ក្នុង​ទីក្រុង Kawasaki ប្រទេស​ជប៉ុន។

ប្រទេសជា​ច្រើន​នៅ​តំបន់​អាស៊ីដែល​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ជាមួយ​សហរដ្ឋ​អាមេរិក​មាន​ប្រតិកម្មយ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​សុក្រ​ ចំពោះការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​យក​ពន្ធ​គយលើ​ការ​នាំ​ចូល​លោហៈធាតុ ​ដែល​កំពុង​បង្កើន​ការ​ព្រួយ​កង្វល់​ពី​ជម្លោះ​ពាណិជ្ជកម្ម​សាកល​លោក។

ប្រទេស​ចិន​ដែល​ជា​ទីដៅ​ដ៏​សំខាន់​នៃ​ការ​ព្រួយ​កង្វល់​របស់​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ថា​ខ្លួន​ជំទាស់​ប្រឆាំង​ដាច់​ខាត​ដល់​ការ​សម្រេច​យក​ពន្ធគយ​របស់​សហរដ្ឋ​អាមេរិក។ ប្រទេស​ជប៉ុន​បាន​ព្រមាន​ពី​ផលប៉ះ​ពាល់​នៃ​ចំណង​ទាក់​ទង​ទ្វេភាគី។

​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រាប់​ឲ្យ​ដឹងថា ​ខ្លួនប្រហែល​ដាក់​ពាក្យ​ទៅ​កាន់​អង្គការ​ដោះ​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​អន្តរជាតិ ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO)។ កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​នាំ​ចេញដែក​ថែប​ធំ​ទី៣​ទៅ​កាន់​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​ប្រទេស​កាណាដា ​និង​ប្រេស៊ីល។

​ប្រទេស​អាស៊ី​អាគ្នេយ៍​ជា​ច្រើនប្រាប់​ឲ្យ​ដឹង​ថា ​ពួកគេ​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ផ្ទុះ​ឡើង​នូវ​ការ​នាំ​ចូល​ផលិត​ផល​ដែក​ថែប​និង​អាលុយមីញ៉ូម​តម្លៃ​ថោកៗ។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ដែល​មិនអើ​ពើ​ការ​ព្រមាន​ពីសេដ្ឋ​វិទូ​និង​ពួក​សមាជិក​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ដើម្បី​យក​ពន្ធគយ​ថ្មី​ចំនួន​២៥​ភាគរយ​លើ​ដែក​ថែប​និង​១០​ភាគរយ​លើ​អាលុយមីញ៉ូម​ដែល​នាំចូល​មក​សហរដ្ឋ​អាមេរិកដោយ​និយាយ​ថា ​វិធានការ​នេះ​ជា​កា​រសំខាន់​ដើម្បីការ​ពារ​ឧស្សាហកម្ម​សហរដ្ឋ​អាមេរិក។

ប្រធានា​ធិបតី​ ត្រាំ​ បាន​ឲ្យ​រួច​ពន្ធ​ប្រទេស​នាំ​ចេញ​ដែក​ថែប​និង​អាលុយមីញ៉ូម​សំ​ខាន់ៗ​គឺ​ប្រទេស​កាណាដា​ និង​ម៉ិចសិច ​ខណៈ​ដែល​ការ​ចរចា​ដើម្បី​កែ​ប្រែ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាមេរិក​ខាង​ជើង ហើយ​និង​ប្រទេស​នានា​ដូចជា​អូស្រ្តាលី​ក៏​ប្រហែលបាន​រួច​ផុត​ពីការ​យក​ពន្ធ​គយ​នេះ​ដែរ៕