ទីភ្នាក់ងារ FBI ស៊ើបអង្កេត​លើ​តួនាទី​របស់​ប៉ូលិស​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd

អ្នក​បើក​បរ​រថយន្ត​ត្រូវ​ប៉ូលិស​បញ្ជា​ឲ្យ​ចេញ​ពី​រថយន្ដ​របស់​ខ្លួន​​ហើយ​ក្រាប​ទៅ​នឹង​ដី ក្នុង​អំឡុងពេល​តវ៉ា​ករណី​ស្លាប់​របស់​លោក George Floyd នៅ​ក្នុង​ក្រុង Minneapolis សហរដ្ឋអាមេរិក ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០។ (AP Photo/John Minchillo)

ការ​ស្លាប់​របស់​លោក George Floyd កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota បាន​ធ្វើ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​អាទិភាព​បន្ទាន់​មួយ​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក។

វីដេអូ​មួយ​ដែល​ថត​បាន​ដោយ​អ្នក​ឈរ​មើល​ម្នាក់​បង្ហាញ​ឱ្យ​ឃើញ​ថា មន្ត្រី​ប៉ូលិស​ម្នាក់​ក្នុង​ចំណោម​ប៉ូលិស ៤ នាក់ បាន​ប្រើ​ជង្គង់​សង្កត់​ពី​លើ​ក​របស់​លោក George Floyd វ័យ ៤៦ ឆ្នាំ ដែល​កំពុង​ជាប់​ខ្នោះ​ដៃ។ នៅ​ពេល​ដែល​លោក George Floyd ត្រូវ​បាន​ផ្តួល​ទៅ​ផ្ទប់​នឹង​ដី​អស់​រយៈពេល ៨ នាទី មុន​ពេល​លោក​ផុត​ដង្ហើម​ស្លាប់ លោក​បាន​ប្រាប់​ប៉ូលិស​នោះ​ថា «ខ្ញុំ​មិន​អាច​ដក​ដង្ហើម​បាន​ទេ»។

ប៉ូលិស​ទាំង ៤ នាក់​នោះ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ហេតុការណ៍​នោះ​បាន​កើត​ឡើង។

លោក Derek Chauvin អតីត​មន្ត្រី​ប៉ូលិស​ប្រចាំ​ទីក្រុង Minneapolis រដ្ឋ Minnesota ត្រូវ​បាន​ចោទ​ប្រកាន់​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd។

កាល​ពី​ថ្ងៃ​សុក្រ​ទី ២៩ ខែ​ឧសភា លោក Derek Chauvin ដែល​ជា​មន្ត្រី​ប៉ូលិស​ដែល​បាន​សង្កត់​ក​លោក Floyd នោះ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋ​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​កម្រិត​ទី ៣ និង​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​កម្រិត​ទី ២។ គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ប៉ូលិស​រូប​នេះ​នឹង​ប្រឈម​មុខ​នឹង​បទ​ចោទ​អ្វី ប្រសិន​បើ​មាន​ការ​ចោទប្រកាន់​កម្រិត​សហព័ន្ធ​នោះ។

នៅ​ពេល​ដែល​អាជ្ញាធរ​ក្នុង​រដ្ឋ Minnesota ប្រកាស​ពី​ការ​ចាប់​ខ្លួន​លោក Chauvin រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក លោក William Barr បាន​និយាយ​ថា ក្រសួង​យុត្តិធម៌ និង​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​ដែល​ហៅ​កាត់​ថា FBI កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​ស្លាប់​របស់​លោក Floyd ដើម្បី​កំណត់​ថា​តើ «មាន​ច្បាប់​សហព័ន្ធ​ណា​មួយ​ស្តី​ពី​សិទ្ធិ​ស៊ីវិល​ត្រូវ​បាន​គេ​រំលោភ​បំពាន​ឬ​ក៏​យ៉ាង​ណា​នោះ»។

លោក Barr បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «ជា​ការ​អនុវត្ត​ធម្មតា ការ​សម្រេច​ចោទប្រកាន់​របស់​រដ្ឋ​នឹង​ធ្វើ​ឡើង​មុន។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា យុត្តិធម៌​នឹង​កើត​មាន​ឡើង»។

សិទ្ធិ​រដ្ឋ​ធម្មនុញ្ញ

នៅ​ក្រោម​ច្បាប់​សហព័ន្ធ វា​គឺ​ជា​បទល្មើស ប្រសិនបើ​មន្ត្រី​អនុវត្ត​ច្បាប់​ដកហូត​សិទ្ធិ​រដ្ឋ​ធម្មនុញ្ញ​ពី​បុគ្គល​ណា​ម្នាក់​ដោយ​ចេតនា។

រដ្ឋ​អាជ្ញា​សហព័ន្ធ​ពឹងផ្អែក​លើ​រដ្ឋធម្មនុញ្ញ​នេះ​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​បាញ់​កាំភ្លើង​របស់​មន្ត្រី​ប៉ូលិស​ដែល​កំពុង​បំពេញ​តួនាទី។

ប៉ុន្តែ​ការ​ចោទប្រកាន់​ថ្នាក់​សហព័ន្ធ​ដូច​ក្នុង​ករណី​ទាំង​នេះ​កម្រ​នឹង​មាន​ណាស់។ នេះ​ដោយសារ​តែ​ច្បាប់​តម្រូវ​ឱ្យ​រដ្ឋ​អាជ្ញា​បំពេញ​នូវ​កម្រិត​ស្តង់ដារ​ដ៏​ខ្ពស់​មួយ។

អ្នកស្រី Kanya Bennett ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​សហជីព​សេរីភាព​ស៊ីវិល​អាមេរិកាំង ឬ American Civil Liberties Union បាន​ពន្យល់​ថា «អ្នក​ត្រូវ​បង្ហាញ​ថា មន្ត្រី​នោះ​មាន​បំណង​ដកហូត​សិទ្ធិ​អ្នក​ណា​ម្នាក់​ដោយ​ចេតនា។ នៅ​ពេល​យើង​ឃើញ​សកម្មភាព​អាក្រក់ៗ​ទាំង​នេះ ទោះបីជា​មាន​ច្បាប់​ដែល​គួរតែ​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ទទួល​ខុសត្រូវ​នៅ​កម្រិត​សហព័ន្ធ​ក៏​ដោយ ក៏​ការ​ពិត​គឺ​ថា គេ​កម្រ​ឃើញ​ថា​មាន​ការ​កាត់​ទោស​ណាស់»។

ប៉ូលិស​ប្រដាប់​ដោយ​ឧបករណ៍​ទប់ទល់​នឹង​កុប្បកម្ម ឃ្លាំមើល​កុប្បកម្ម​ខណៈ​ក្រុមបាតុករ​ប្រមូល​ផ្តុំគ្នា ដើម្បី​តវ៉ា​អំពី​ការស្លាប់​របស់​លោក George Floyd នៅ​ថ្ងៃសៅរ៍​ទី ៣០ ខែឧសភា ឆ្នាំ ២០២០ ក្បែរ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

យើង​អាច​សាក​ធ្វើ​ការ​ពិចារណា​លើ​ករណី​កាលពី ៦ ឆ្នាំ​មុន ដែល​អាច​ជា​ការ​ប្រៀបធៀប​ទៅ​នឹង​ករណី​ស្លាប់​របស់​លោក Floyd នេះ។

កាល​ពី​ឆ្នាំ ២០១៤ លោក Eric Garner ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក និង​ជា​អ្នក​លក់ដូរ​នៅ​តាម​ផ្លូវ​ម្នាក់​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក បាន​ស្លាប់​បន្ទាប់ពី​ត្រូវ​បាន​ប៉ូលិស​ស្បែក​ស​ម្នាក់​ចាប់​ខ្លួន និង​រឹត​ក។ ពាក្យ​ចុង​ក្រោយ​របស់​លោក​គឺ​ដូច​ជា​ពាក្យ​ចុងក្រោយ​របស់​លោក Floyd ដែរ​គឺ​ថា «ខ្ញុំ​មិន​អាច​ដក​ដង្ហើម​បាន​ទេ»។

ក្រសួង​យុត្តិធម៌​បាន​បើក​ការ​ស៊ើបអង្កេត​ផ្នែក​សិទ្ធិ​ស៊ីវិល​ទៅ​លើ​ករណី​នេះ ដែល​ចំណាយ​ពេល​អស់​រាប់​ឆ្នាំ។ នៅ​ចុង​បញ្ចប់ រដ្ឋ​អាជ្ញា​សហព័ន្ធ​បាន​ប្រកាស​ថា ពួកគេ​មិន​មាន​ភស្តុតាង​ដើម្បី​ចោទប្រកាន់​មន្ត្រី​ប៉ូលិស​រូប​នោះ​ទេ ដែល​នោះ​គឺ​លោក Daniel Pantaleo។

នៅ​ក្នុង​ការ​ប្រកាស​អំពី​សេចក្តីសម្រេច​របស់​ក្រសួង​យុត្តិធម៌​កាល​ពី​ឆ្នាំ​មុន លោក Richard Donoghue រដ្ឋអាជ្ញា​ប្រចាំ​តំបន់ Eastern District នៃ​ទីក្រុង​ញូវយ៉ក​បាន​និយាយ​ថា ទោះបីជា​ការ​ស្លាប់​របស់​លោក Garner គឺ​ជា​សោកនាដកម្ម​មួយ​ក៏​ដោយ ក៏​អ្នក​ស៊ើបអង្កេត​មិន​អាច «បង្ហាញ​បាន​ថា បទ​ល្មើស​ណា​មួយ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នោះ​ទេ»។

បញ្ជី​ឈ្មោះ​មន្ត្រី​ប៉ូលិស​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ជន​សង្ស័យ ដែល​មិន​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ថ្នាក់​សហព័ន្ធ​មាន​ដូចជា​លោក Darren Wilson ដែល​បាន​បាញ់​សម្លាប់​លោក Michael Brown នៅ​ក្នុង​ទីក្រុង Ferguson រដ្ឋ Missouri ក្នុង​ឆ្នាំ ២០១៤ និង​លោក Mark Ringgenberg និង​លោក Dustin Schwarze ដែល​បាន​បាញ់​សម្លាប់​លោក Jamar Clark យុវជន​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​វ័យ ២៤ ឆ្នាំ នៅ​ក្នុង​ទីក្រុង Minneapolis កាលពី​ឆ្នាំ ២០១៥។

ករណី​លើក​លែង​ដ៏​កម្រ​មួយ​គឺ​លោក Michael Slager អតីត​មន្ត្រី​ប៉ូលិស​ស្បែក​ស​នៅ​ក្នុង​រដ្ឋ South Carolina ដែល​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​បំពាន​សិទ្ធិ​ស៊ីវិល​ថ្នាក់​សហព័ន្ធ​នៅ​ក្នុង​ឆ្នាំ ២០១៦ បន្ទាប់​ពី​ក្រុម​ជំនុំ​ជម្រះ​ថ្នាក់​រដ្ឋ​បរាជ័យ​ក្នុង​ការ​កាត់ទោស​លោក​ពាក់ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​មួយ​កាល​ពី​ឆ្នាំ ២០១៥ ទៅ​លើ​លោក Walter Scott វ័យ ៥០ ឆ្នាំ ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក។ លោក Slager ត្រូវ​បាន​កាត់​ទោស​ថា​មាន​កំហុស និង​ត្រូវ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​២០ ឆ្នាំ កាល​ពី​ឆ្នាំ ២០១៧។

នៅក្នុងបាតុកម្មនៅថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ ២០២០ ក្បែរ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ស្រ្តី​ម្នាក់​នេះ កាន់​ស្លាក​សញ្ញា​ដែល​សរសេរ​ថា «ខ្ញុំ មិន​អាច​ដក​ដង្ហើម​បាន​ទេ» ដែល​នោះ​ជា​ឃា្ល​ដែល​លោក George Floyd បាន​និយាយ​មុន​ពេល​លោក​ស្លាប់។ (AP)

«លំនាំ និង​ការ​អនុវត្ត» នៃ​ការ​ប្រព្រឹត្ត​ខុស

ទោះបីជា​ក្រសួង​យុត្តិធម៌​ជា​រឿយៗ​មិន​អាច​ដាក់​ទោស​ព្រហ្មទណ្ឌ​លើ​មន្ត្រី​ប៉ូលិស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​នរណា​ម្នាក់​នៅ​ពេល​មន្ត្រី​ប៉ូលិស​នោះ​បំពេញ​តួនាទី​ក៏​ដោយ ក៏​ក្រសួង​យុត្តិធម៌​មាន​លទ្ធភាព​ក្នុង​ការ​ស៊ើបអង្កេត និង​ក្នុង​ករណី​ចាំបាច់​អាច​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ​បំពាន​សិទ្ធិ​ស៊ីវិល ប្រឆាំង​នឹង​មន្ទីរ​ប៉ូលិស ជាមួយ​នឹង «លំនាំ និង​ការ​អនុវត្ត» នៃ​ការ​ប្រព្រឹត្ត​ខុស។

នៅ​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី អូបាម៉ា ក្រសួង​យុត្តិធម៌​បាន​បើក​ការ​ស៊ើបអង្កេត​ប្រមាណ​ជា​២៤ លើក​ទៅ​លើ​មន្ទីរ​ប៉ូលិស ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​បំពាន និង​ការ​ប្រព្រឹត្ត​ខុស ដោយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កំណែ​ទម្រង់​ដែល​បង្គាប់បញ្ជា​ដោយ​តុលាការ​ចំនួន ១៤ កិច្ច ព្រមព្រៀង។ កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​គេ​ហៅ​ថា «ក្រឹត្យ​ព្រមព្រៀង» ជាមួយ​នឹង​ទីក្រុង​នានា​ទូទាំង​ប្រទេស។

អ្នក​គាំទ្រ​លើ​ក្រឹត្យ​ព្រមព្រៀង​នេះ ដូចជា​គណៈកម្មការ​អាមេរិកាំង​សម្រាប់​សិទ្ធិ​ស៊ីវិល​ជា​ដើម បាន​និយាយ​ថា ក្រឹត្យ​ព្រមព្រៀង​នេះ «មាន​ភាព​ចាំបាច់​ដើម្បី​ធានា​ថា ស្តង់ដារ​អនុវត្ត​ច្បាប់​របស់​ប៉ូលិស​ស្រប​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ត្រូវ​បាន​ប្រកាន់​ខ្ជាប់»។

ប៉ុន្តែ​ការ​ស៊ើបអង្កេត​លើ​ការ​ប្រព្រឹត្ត​ខុស​របស់​ប៉ូលិស​មិន​មែន​ជា​អាទិភាព​សម្រាប់​ក្រសួង​យុត្តិធម៌​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​ត្រាំ​នោះ​ទេ។ លោក Jeff Sessions ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ដំបូង​ក្នុង​រដ្ឋបាល​របស់​លោក Trump បាន​បញ្ចប់​ការ​អនុវត្ត​រាប់​ទសវត្សរ៍​មក​ហើយ​របស់​ក្រសួង​យុត្តិធម៌​អំពី ការ​ព្រមព្រៀង​រវាង​មន្ទីរ​ប៉ូលិស និង​ទីក្រុង​នានា ដោយ​បាន​ហៅ​វា​ថា​ជា​ការ​ប្រមាថ​ដល់​យុត្តាធិការ​មូលដ្ឋាន។

កម្រងរូបភាព VOA៖ ពលរដ្ឋ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​តវ៉ា​អំពី​ការស្លាប់​របស់​លោក George Floyd

លោក Barr ទំនង​ជា​នៅ​បន្ត​អនុវត្ត​គោល​នយោបាយ​របស់​លោក Sessionsដដែល។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​មិន​បាន​ឆ្លើយតប​នឹង​សំណួរ​អំពី​គោល​នយោបាយ​ថ្មីៗ​របស់​ក្រសួង​យុត្តិធម៌​ទាក់ទិនឹ​នឹង​ក្រឹត្យ​ព្រមព្រៀង​នេះ​ទេ និង​អំពី​សំណួរ​ថា​តើ​ក្រសួង​យុត្តិធម៌​មាន​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ទៅ​លើ​មន្ទីរ​ប៉ូលិស​ណា​មួយ​ឬ​ទេ ចាប់​តាំង​ពី​ឆ្នាំ២០១៧ មក។

លោក​ ត្រាំ ដែល​ធ្វើ​យុទ្ធនាការ​ឲ្យ​មាន​ការ​បញ្ចប់ «សង្គ្រាម» ប្រឆាំង​នឹង​ប៉ូលិស បាន​ចាត់​ទុក​ការ​គាំទ្រ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ជា​អាទិភាព​សម្រាប់​រដ្ឋបាល​របស់​លោក។ នៅ​ក្នុង​ខែ​មករា លោក​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រតិបត្តិ​មួយ​ដើម្បី​បង្កើត​គណៈកម្មការ​សិក្សា​លើ​បញ្ហា​ដែល​ប៉ះពាល់​ដល់​មន្ត្រី​ប៉ូលិស ដោយ​បង្ហាញ​ពី​ការ​សោកស្តាយ​ចំពោះ «កង្វះខាត​ទំនុកចិត្ត និង​ការ​គោរព​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​បន្ត​កើត​មាន​នៅ​ក្នុង​សហគមន៍​ជាច្រើន»។

អ្នកស្រី Kristen Clarke ដែល​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​មេធាវី​សម្រាប់​សិទ្ធិ​ស៊ីវិល​ក្រោម​ច្បាប់ (Lawyers Committee for Civil Rights Under Law) និយាយ​ថា ការ​ស្លាប់​របស់​លោក Floyd បង្ហាញ​ពី «ការ​រំឭក​ដ៏​សោកសៅ និង​មាន​ឥទ្ធិពល​មួយ​ចំពោះ​បញ្ហា​នៃ​អំពើ​ហិង្សា​ជា​ប្រព័ន្ធ​របស់​ប៉ូលិស​នៅ​ក្នុង​ប្រទេស​របស់​យើង ដែល​ជារឿយៗ​ត្រូវ​បាន​បង្ក​ឡើង​ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ដែល​មិន​មាន​អាវុធ និង​មិន​មាន​ហិង្សា»។

លោកChauvin ដែល​ជា​មន្ត្រី​ប៉ូលិស​រង​ការ​ចោទប្រកាន់​ថា​បាន​សម្លាប់​លោក Floyd ធ្លាប់​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​យ៉ាង​ហោចណាស់ ៣ ដង និង​មាន​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក​ជិត ២០ ពាក្យ​បណ្តឹង។

អ្នកស្រី Clarke និយាយ​ថា ការ​ធ្វើ​ឱ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ស្លាប់​នេះ​ទទួល​ខុសត្រូវ គឺ​ជា​រឿង​សំខាន់​ណាស់​នៅ​ក្នុង​ការ​ដោះស្រាយ «បញ្ហា​ជា​ប្រព័ន្ធ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មន្ទីរ​ប៉ូលិស»។

អ្នកស្រី​បន្ថែម​ថា៖ «សហគមន៍​នេះ​សក្តិសម​នឹង​ទទួល​បាន​សុវត្ថិភាព និង​មន្ទីរ​ប៉ូលិស​ដែល​ពួកគេ​អាច​ទុក​ចិត្ត​បាន។ ហើយ​ច្បាស់​ណាស់ មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើ»៕