ប្រធាន​ប៉ូលិស ​FBI ប្រឈម​ការ​ចោទ​សួរ​ពី​សកម្មភាព​ជ្រុល​និយម​និង​កុប្បកម្ម​​នៅ​វិមាន​សភា​អាមេរិក

នាយក​​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ FBI លោក Chris Wray​ ថ្លែងទៅកាន់គណៈកម្មាធិការបន្ទុកកិច្ចការច្បាប់ប្រចាំព្រឹទ្ធសភាអាមេរិក នៅវិមានសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

នាយកការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ FBI លោក Chris Wray​ ​ត្រៀម​ខ្លួនដើម្បី​ផ្តល់​សក្ខី​កម្មជា​លើក​ដំបូង​ ចាប់​តាំង​ពី​មានកុប្បកម្មនៅ​វិមាន​សភា​អាមេរិក ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មករាក​ន្លង​ទៅ។​

នៅថ្ងៃ​អង្គារ​នេះ សមាជិក​សភា​អាមេរិក​ទំនង​ជា​ជជីក​សួរលោកថា ​តើ​ការិយាល័យរបស់​លោក​បាន​ធ្វើ​ទំនាក់​ទំនង​ត្រឹមត្រូវជា​មួយ​ទី​ភ្នាក់​ងារ​អនុវត្ត​ច្បាប់​ដទៃ​ផ្សេងៗ​ទៀត​ដែរ​ឬ​ទេ ​អំពីអំពើ​ហិង្សាដ៏ធំ​ដែលបានកើត​ឡើង​នៅ​ថ្ងៃ​នោះ។

សំណួរ​ទាក់​ទងអំពី​ការ​ត្រៀម​ខ្លួន​របស់​ស្ថាប័ន FBI សម្រាប់​ទប់​ទល់​នឹងសកម្មភាព​កុប្បកម្ម និង​ការ​ស៊ើប​អង្កេតជុំវិញ​រឿង​នេះ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​គ្រប​ដណ្តប់​ការ​ផ្តល់​សក្ខី​កម្ម​របស់លោក​ Wray នៅ​ចំពោះ​មុខ​គណៈ​កម្មាធិការបន្ទុកកិច្ចការច្បាប់ប្រចាំព្រឹទ្ធសភា​សហរដ្ឋអាមេរិក។​

នាយក ​FBI រូបនេះ ក៏​ទំនង​នឹង​ត្រូវ​ទទួល​ការជជីក​សួរ​ផង​ដែរ អំ​ពីរបៀប​ដែល​ស្ថាប័ន FBI ត្រូវដោះ​ស្រាយ​ការគំរាម​កំហែង​សន្តិសុខ​ជាតិ​ ពីសំណាក់​ក្រុម​ជាតិ​និយម​ស្បែក​ស​ និងក្រុម​ជ្រុល​និយម​ដែល​បង្ករអំពើ​ហិង្សា​ក្នុង​សហរដ្ឋអាមេរិក​នោះ៕