ប្រជាកសិករនៅទីនេះ ចាប់ផ្តើមចេញមកបូមទឹកពីប្រឡាយមេមួយដែលត្រូវបានស្ថាបនាដោយក្រុមហ៊ុនចិន ដែលមានប្រវែង២០គីឡូម៉ែត្រ។ អ្នកខ្លះប្រើប្រាស់ម៉ាស៊ីនបូមទឹក ហើយអ្នកខ្លះទៀត ប្រើប្រាស់គោយន្តជាម៉ាស៊ីន ដើម្បីជំនួយដល់ការបូមទឹក។
គោយន្តរាប់រយដែលកសិករប្រើប្រាស់ដើម្បីធ្វើដំណើរនិងដឹកកសិផល ត្រូវបានទម្លាក់ចូលក្នុងប្រឡាយទឹកទាំងលំបាក ដើម្បីបូមទឹក ដាក់ស្រែរបស់ពួកគេដែលនៅដាច់ឆ្ងាយពីមួយកន្លែងទៅមួយកន្លែងទៀត។
កំពុងរៀបចំទុយោបូមទឹកពីប្រឡាយសង់ដោយក្រុមហ៊ុន Guangdong Foreign Construction Co., Ltd. លោក ណុប គឹមឡុង អាយុ៤៤ឆ្នាំ ជាកសិករម្នាក់ក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា លោកធ្វើស្រែជាង១៦ហិកតា ដោយក្នុងនោះជួលដីគេចំនួន៨ហិកតា។
ក្នុងសម្លៀកបំពាក់ប្រឡាក់ដោយភក់ លោក គឹមឡុង បានចំណាយពេលប្រហែល២០ថ្ងៃហើយ ដើម្បីបូមទឹក តែមិនទាន់គ្រប់គ្រាន់សម្រាប់ស្រែរបស់លោកនៅឡើយទេ។ លោកបានចំណាយថវិកាប្រហែល២ទៅ៣លានរៀល (ឬប្រហែលជា៥០០ទៅ៧៥០ដុល្លារអាមេរិក) រួចទៅហើយ ដើម្បីបូមទឹកចេញពីប្រឡាយនេះ។
ជាឪពុកមានកូនបីនាក់ក្នុងបន្ទុក លោក គឹមឡុងបានប្រាប់ VOA ថា៖
«ដឹងតែខាតបង់ហើយ។ អត់ចំណេញបណ្តោយ។ ឲ្យតែបានរួចខ្លួន និងបានពូជមកវិញបានហើយ។ ប៉ុន្តែ៦ហិកតាកន្លះ ចោលបាត់ហើយ។ ស្រោចស្រង់អត់បាន អត់ទឹកទៅដល់សោះ»។ លោកបន្តថា៖ «ប៉ះពាល់យ៉ាងធ្ងន់តែម្តង។ បើសិនជាមានទឹកមកឆាប់ៗ នៅអាចសង្រ្គោះបាន។ សំខាន់បើអត់ទឹកអញ្ចឹង ប្រហែលជាខាតបង់ច្រើនហើយខ្ញុំនោះ»។
ឈរនៅក្បែរនោះ កសិករម្នាក់ទៀត គឺអ្នកស្រី វិត ចាន់ធូ អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិបឹងប្រីយ៍ ឃុំត្រពាំងជង កំពុងជួយស្វាមីក្នុងការបូមទឹកដាក់ស្រែទំហំ៣ហិកតា។ ប៉ុន្តែវាត្រូវការបូមច្រើនដង ទម្រាំទៅដល់ស្រែរបស់អ្នកស្រី។
កសិករធ្វើស្រែដែលមានកូន៤នាក់រូបនេះ បានមានប្រសាសន៍ថា ដីស្រែរបស់អ្នកស្រី កំពុងរងផលប៉ះពាល់ ដោយសារកង្វះទឹក។ អ្នកស្រីបានចំណាយប្រាក់ជាង៧០ម៉ឺនរៀល (ឬប្រហែលជា១៧៥ដុល្លារអាមេរិក) រួចមកហើយ ដើម្បីទិញប្រេងបូមទឹកដាក់ស្រែ ដែលនៅឆ្ងាយពីប្រភពទឹក។
អ្នកស្រីបានថ្លែងថា៖ «ឆ្នាំមុនមានភ្លៀងមានអី ឆ្នាំនេះ អត់អាលីង។ បូមទឹកបួនដងហើយ ស្រូវមិនទាន់បានច្រូតផង។ មានតែខាតពេញទំហឹងហើយ ប៉ុន្តែជ្រុលធ្វើហើយ តស៊ូក្រែងបានមកខ្លះវិញ»។
គ្រោះខ្វះទឹកជាផ្នែកមួយនៃបន្ទុកជាច្រើនផ្សេងទៀតរបស់អ្នកស្រីចាន់ធូ។ អ្នកស្រីជំពាក់បំណុលគេចំនួន៦លានរៀល (ឬប្រហែលជា១,៥០០ដុល្លារអាមេរិក) រួចទៅហើយ ហើយអ្នកស្រីនឹងខ្ចីគេចំនួន២លានរៀលទៀត (ឬប្រហែលជា៥០០ដុល្លារអាមេរិក)នៅពេលឆាប់ៗខាងមុខ ដោយក្នុងមួយលានរៀល អ្នកស្រីត្រូវបង់ការប្រាក់ចំនួន៣ម៉ឺនរៀល ក្នុងមួយខែ។
Your browser doesn’t support HTML5
នៅតាមបណ្តោយប្រឡាយ ក្រៅពីកសិករដែលកំពុងបូមទឹក កសិកររាប់សិបនាក់ទៀត សម្រាកចាំមើលថាតើនឹងមានការបង្ហូរទឹកទៅតំបន់ខាងក្រោមៗ ដែលពួកគេត្អូញត្អែរយ៉ាងខ្លាំងថាបង្កឲ្យមានការខ្វះខាតទឹកសម្រាប់ធ្វើស្រែ។
លោក ដួង សាវី មេភូមិឧកញ៉ាមាន់ ឃុំអូរតាប៉ោង ខេត្តពោធិ៍សាត់ និងកសិកររាប់សិបនាក់ទៀត បានកំពុងរង់ចាំសាកសួរព័ត៌មានអំពីការបើកទឹក ដើម្បីឲ្យពលរដ្ឋដែលនៅឆ្ងាយៗ អាចទទួលបានទឹកបង្ហូរចូលដីស្រែរបស់ពួកគាត់។ លោកមានប្រសាសន៍ថាស្រែរបស់លោកចំនួន៤ហិកតា កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង។
លោកនិយាយថា៖ «អាខ្លះទើបតែបានមួយខែ អាខ្លះទើបតែកន្លះខែហ្នឹង ឥឡូវកំពុងតែអត់ទឹក ស្វិតអស់រលីង»។ លោកបន្ថែមថា៖ «ខ្ញុំថាប្រជាពលរដ្ឋឆ្នាំនេះចំណាកស្រុកច្រើន(ទាំងក្នុងនិងក្រៅប្រទេស)។ បើអត់បានទឹកទៅស្រោចស្រប់ស្រែទេ។ ទៅធ្វើកម្លាំងពលកម្មស៊ីឈ្នួលគេ ទៅធ្វើសំណង់ ដកដំឡូង ដាំពោតអីចឹងទៅ»។
កាលពីថ្ងៃទី១១ ខែធ្នូឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសថាប្រទេសកម្ពុជា ប្រឈមនឹងការខ្វះទឹកសម្រាប់ធ្វើស្រែចម្ការ។ លោកអំពាវនាវឲ្យប្រជាកសិករធ្វើស្រូវប្រាំងតែម្តងបានហើយ។
លោកបានមានប្រសាសន៍ថា៖ «កង្វល់ពិតប្រាកដរបស់យើង ខ្វះទឹក សូមឲ្យប្រជាពលរដ្ឋ កុំធ្វើស្រែស្រូវប្រាំងពីរដង។ ធ្វើម្តងច្រូតកាត់ហើយ អាចធ្វើដាំណាំអីផ្សេងវិញ»។
ជំទប់ទី១នៃឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ លោកស្រី ពេជ្រ ស្រីសុផល បានប្រាប់ VOA នៅសាលាឃុំថា ដីស្រែជាង២.៦០០ហិកតា គឺស្មើនឹងជាងពាក់កណ្តាលនៃដីស្រែសរុបនៅក្នុងឃុំ កំពុងរងផលប៉ះពាល់។ លោកស្រីបានបន្តថាកង្វះទឹកនេះ គឺដោយសារមេឃមិនបង្អុរភ្លៀងខ្លាំង និងមួយវិញទៀត ប្រឡាយកំពុងស្ថិតក្នុងការជុសជួល ដែលនាំឲ្យមានការបិទទឹកនៅតំបន់ខ្លះ។
ជំទប់ឃុំរូបនេះ បានបញ្ជាក់ថាកន្លងទៅលោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើស្រែបន្តិចបន្តួចបានហើយ ដោយសារកង្វះទឹក ប៉ុន្តែប្រជាពលរដ្ឋប្រកែក។
លោកស្រីនិយាយថា៖ «គាត់ធ្វើតាមគេ។ គាត់មិនជឿថា(អត់ទឹក)។ ដល់ពេលណាគាត់ធ្វើស្រែ យើងត្រូវរកទឹកឲ្យគាត់។ ហើយយើងទៅរកទឹកពីណា។ ដល់ពេលអញ្ចឹងគាត់ខឹងជាមួយរដ្ឋាភិបាល។ ហើយមិនថែមទាំងខឹងជាមួយរដ្ឋាភិបាល មួយចំនួនគាត់ទម្លាក់បន្ទុកទៅលើសន្លឹកឆ្នោត។ វាចេះតែមានមតិមកអញ្ចឹងថាបើអត់បើកទឹកឲ្យអញ អញអត់បោះឆ្នោត(ឲ្យ)។ ទៅយកទឹកពីណា បើទឹកមានតែប៉ុណ្ណឹង»។
ទោះយ៉ាងណា លោកស្រី ពេជ្រ ស្រីសុផល បានទទួលស្គាល់ថា ការខាតបង់ផលស្រូវនេះប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់កសិករ ដែលអាចធ្លាក់ខ្លួនក្រពីមួយឆ្នាំ ទៅបីឆ្នាំ។
លោកស្រីបញ្ជាក់ថា៖ «បើអត់បានស្រូវមួយឆ្នាំ គាត់អាចក្រ បីឆ្នាំ។ មិនមែនអត់ឆ្នាំហ្នឹង គាត់អាចក្រតែឆ្នាំហ្នឹងទេ»។
លោក យ៉ង់ សាំងកុមារ អ្នកជំនាញកសិកម្ម ដែលមានបទពិសោធន៍ធ្វើការងារជាមួយកសិករច្រើនឆ្នាំមកហើយ កត់សម្គាល់ថា កម្ពុជាមានសក្តានុពលទឹកខ្ពស់ គឺសម្បូរបឹង ទន្លេ តែការគ្រប់គ្រងទឹក មិនទាន់បានល្អនៅឡើយ។
អតីតប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ CDAC លោក សាំងកុមារ ដែលឥឡូវនេះ ជាប្រធានគណៈកម្មការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បន្ថែមថា ថវិកាជាតិ ត្រូវទម្លាក់ទៅថ្នាក់ក្រោមជាតិ ដើម្បីឲ្យពួកគេមានធនធានគ្រប់គ្រាន់ក្នុងការបំពេញការងារទាំងអស់នេះ។
លោកបានថ្លែងថា៖ «ដើម្បីឲ្យដោះស្រាយបញ្ហាទឹកបានហ្នឹង ទាល់ឲ្យនៅថ្នាក់ក្រោមជាតិហ្នឹង ថ្នាក់ឃុំថ្នាក់ស្រុកហ្នឹង ឲ្យមានសិទ្ធិ មានអំណាច ធនធានគ្រប់គ្រាន់»។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា ផ្ទៃដីជាង៤ពាន់ហិកតានៅក្នុងខេត្តពោធិ៍សាត់ បានរងផលប៉ះពាល់ដោយសារកង្វះទឹក ប៉ុន្តែត្រូវបានជួយសង្រ្គោះជិត២ពាន់ហិកតារួចមកហើយ មកដល់ពេលនេះ។
លោកមានប្រសាសន៍ថា៖ «ទឹកយើងមានគ្រប់គ្រាន់ អត់អីទេ។ គ្រាន់តែទាមទារពេលវេលាបន្តិចហើយ។ យើងកំពុងតែទម្លាក់ទៅហើយ អាចមួយថ្ងៃពីរទៀតហ្នឹង ទៅដល់ហើយ»។
លោកបន្តថាអាជ្ញាធរកំពុងធ្វើសកម្មភាពជួយសង្រ្គោះក្នុងខេត្តចំនួន១៣ លើផ្ទៃដីប្រហែល៤ម៉ឺន៥ពាន់ហិកតា ហើយក្នុងនោះប្រហែល២ម៉ឺនហិកតា ត្រូវបានជួយសង្រ្គោះរួចហើយ។
លោក ចាន់ យុត្ថា បន្ថែមថាប្រព័ន្ធស្តុកទឹករបស់កម្ពុជា មានលទ្ធភាពជួយសង្រ្គោះជាង៦៨ភាគរយនៃផ្ទៃដីបង្កបង្កើនផលសរុបនៅទូទាំងប្រទេស ហើយរដ្ឋាភិបាលកំពុងស្ថាបនាអាងទឹក និងស្តារកន្លែងស្តុកទុកទឹកផ្សេងទៀត ដើម្បីបំពេញតម្រូវការនៅទូទាំងប្រទេសឲ្យបាន១០០ភាគរយនៅពេលខាងមុខ។
លោកមានប្រសាសន៍ថា៖ «និយាយឲ្យសាមញ្ញ យើងមិនមែនជប់ណា។ ការធ្វើហ្នឹងទាមទារពេលវេលា ទាមទារថវិកា។ ប៉ុន្តែយើងបាននិងកំពុងអនុវត្តជាបណ្តើរហើយ»៕