កសិករមួយចំនួនត្អូញត្អែរពីតម្លៃស្រូវចុះថោក និងស្នើឱ្យរដ្ឋដំឡើងតម្លៃស្រូវចាប់ពី១.០០០៛ ឡើងទៅ ក្នុង១គីឡូក្រាម ខណៈពួកគេអះអាងថា តម្លៃស្រូវដែលលក់បានមិនដល់១.០០០រៀលក្នុង១គីឡូក្រាម។
អ្នកស្រី យង់ សុផល អាយុ២៨ឆ្នាំ ជាកសិករនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ប្រាប់វីអូអេថា អ្នកស្រីធ្វើស្រែប្រភេទស្រូវ OM ៥៤៥១ ទំហំដី៥ហិកតា ហើយតម្លៃស្រូវដែលអ្នកស្រីលក់បានត្រឹមតែ៨១០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។
អ្នកស្រីថ្លែងថា៖ «ចុះថ្លៃខ្លាំងណាស់បងអើយ! ពិបាកដែរ! ខាងខ្ញុំនៅមានតិច។ ស្រូវខ្ញុំផ្ទាល់វាមានតិចទេ តែកសិករផ្សេងទៀត អ្នកខ្លះបានទាបជាងហ្នឹងទៀត។ ខាងតាកែវនោះថោកជាងហ្នឹងទៀត។ ខ្ញុំអត់ដឹងម៉េចដែរ តែឆ្នាំមុនគ្រាន់ជាងហ្នឹង អាចបាន១.០០០៛អីដែរឆ្នាំមុន»។
អ្នកស្រីបន្ថែមថា ចំណូលទទួលបានពីការលក់ស្រូវមិនអាចទូទាត់លើការចំណាយនោះទេ។
អ្នកស្រីបញ្ជាក់ថា៖ «អត់បានរួចខ្លួនទេ មានតែចូលដើម។ ធ្វើ[ស្រែ]សារក្រោយនេះចូលដើម ព្រោះម៉ាស៊ីនច្រូតហ្នឹង១ហិកតា ៤០ម៉ឺន-៤៥ម៉ឺនបាត់ទៅហើយ! អត់សម! អត់ស៊ីជាមួយនឹងតម្លៃសាំង តម្លៃជីរ តម្លៃថ្នាំ តម្លៃម៉ាស៊ីនច្រូតស្រូវទេ។ វាអត់ស៊ីគ្នាតែម្តង»។
អ្នកស្រី សុផល បន្ថែមដោយសំណូមពរថា៖ «ខ្ញុំចង់ឱ្យតម្លៃ១០០០រៀលលើ ព្រោះប៉ុណ្ណឹងបានយើងអាចរួចខ្លួន តែបើឱ្យចំណេញគឺអត់ចំណេញទេ ព្រោះស្រូវយើងត្រូវការទឹក ព្រោះខែនេះយើងត្រូវការបូមទឹក បូមអីរហូត។ ពេលខ្លះ នៅតំបន់ខ្លះ ទឹកគឺត្រូវបូម។ ពេលខ្លះទឹកអត់មានទេ គឺត្រូវទិញទឹកគេទៀត»។
កសិករម្នាក់ទៀត លោក កែ សុគុណ អាយុ ៣២ ឆ្នាំនៅស្រុកសង្កែ ខេត្តបាត់ដំបង ប្រាប់វីអូអេថា ដីធ្វើស្រែរបស់លោកមានទំហំជាង១០ហិកតា ដោយលោកធ្វើស្រូវប្រភេទស្រងែ និងស្រូវ OM។ លោកត្អូញត្អែរថា ការធ្វើស្រូវប្រាំងចំណាយដើមខ្ពស់ ប៉ុន្តែតម្លៃស្រូវលក់បានទាប។
លោកថ្លែងថា៖ «ស្រូវពេលផើម ពេលចេញផ្លែ វាអត់ទាន់ទុំ។ វាបានតម្លៃខ្ពស់ ១គីឡូក្រាម១២០០រៀល។ អ៊ីចឹង១លាន ២០ម៉ឺនរៀល [ក្នុងមួយតោន]។ ពេលដល់វគ្គដែលយើងច្រូតសម្រុកពេញប្រមូលផលច្រើនគ្នាហ្នឹង វាចុះធ្លាក់រហូតដល់៩០ម៉ឺន [រៀល] គឺចុះខ្លាំងមែនទែនហ្មង។ ហើយយើងធ្វើស្រែបើសិនតម្លៃក្រោម១០០០រៀល យើងអត់សូវចំណេញទេ ដោយសារវាចំណាយដើមទុនខ្ពស់ ស្រូវប្រាំង។ ពលរដ្ឋយើងឆ្ងល់ដែរ ហាងឆេងពេលខ្លះក្រឡុក ពេលខ្លះព្រឹកស្រូវបាន១លានជាងក្នុង១តោន។ ពេលច្រូត ចាប់ផ្តើមចុះ ហើយសល់៩០ម៉ឺន»។
លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធកំណត់តម្លៃស្រូវឱ្យបានច្បាស់លាស់ និងធ្វើយ៉ាងណាឱ្យតម្លៃស្រូវលក់បានចាប់ពីតម្លៃ១ពាន់រៀលឡើងទៅក្នុង១គីឡូក្រាម។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសុក្រថា ស្រូវដែលប្រជាពលរដ្ឋធ្វើក្នុងរដូវប្រាំងនេះភាគច្រើន គឺប្រភេទស្រូវនាំចេញទៅប្រទេសវៀតណាម និងថាមូលហេតុដែលនាំឱ្យតម្លៃស្រូវថយចុះ ក៏ដោយសារតែតម្លៃអង្ករនៅលើពិភពលោក«ធ្លាក់ចុះខ្លាំង»ស្របពេលឥណ្ឌាបើកការនាំអង្ករចេញ។
លោកបញ្ជាក់ថា៖ «ភាគច្រើនស្រូវខែនេះ គឺស្រូវជាពូជសម្រាប់លក់ទៅវៀតណាម។ អ៊ីចឹងតម្លៃអង្ករនៅលើពិភពលោកធ្លាក់ចុះខ្លាំង រហូតនៅ១តោនជាង៤០០ដុល្លារ។ តម្លៃជាង៤០០ដុល្លារមែនទែនទល់តែស្រូវហ្នឹងប្រហែលជា៧០០ចុះ។ នេះសម្រាប់វៀតណាម បានគាត់លក់កើត។ បើមិនអ៊ីចឹងទេគាត់ទិញថ្លៃ ទិញអត់កើត[...]។ ការធ្លាក់ចុះតម្លៃស្រូវនេះមិនមែនតែយើងទេ។ នៅវៀតណាមកសិករវៀតណាមក៏ខាតច្រើនដែរ។ នៅថៃ នៅបណ្តាប្រទេសមួយចំនួនដែលដាំស្រូវដូចជាប៉ាគីស្ថាន ដូចភូមា ដូចអីហ្នឹងគឺតម្លៃស្រូវធ្លាក់ចុះទាំងអស់។ កសិករក៏គាត់មានបញ្ហាប្រឈមជាសកលទេ មិនមែនតែកម្ពុជាទេ»។
លោកបន្ថែមថា ការជ្រើសរើសពូជស្រូវមកដាំដុះរបស់កសិករក៏ជាកត្តាកំណត់ពីតម្លៃស្រូវដែរ។
យ៉ាងណាមិញ ប្រជាពលរដ្ឋលើកឡើងថា កន្លងទៅក្រសួងក៏បានណែនាំឱ្យកសិករជ្រើសរើសពូជស្រូវសែនក្រអូបសម្រាប់ដាំដុះដែរ តែស្រូវនេះពិបាកក្នុងការដាំដុះហើយផលទទួលបានតិចបើប្រៀបធៀបទៅនឹងប្រភេទស្រូវដែលលក់ចេញទៅទីផ្សាវៀតណាម និងថៃ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម មិនបានឆ្លើយតបនឹងសំណួររបស់វីអូអេទេ ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា៖«សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍ក្រោយក្រសួងនឹងរៀបចំសន្និសីទកាសែតមួយពាក់ព័ន្ធនឹងការប្រែប្រួលនៃថ្លៃស្រូវ ក្នុងដំណាក់កាលនេះ ដើម្បីកុំឱ្យមានការជូនព័ត៌មានច្រើនដង។ ខ្ញុំគិតថា ល្អបំផុតចាំ រង់ចាំកម្មវិធីសនិ្នសីទកាសែតក្នុងសប្តាហ៍ក្រោយតែម្តង បាទ»។
តារាងតម្លៃមធ្យមភាគស្រូវសើមនៅតាមស្រុកនៃខេត្តមួយចំនួនចេញដោយផ្សាយដោយសហព័ន្ធស្រូវអង្ករ កាលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រភេទស្រូវ OM ១គីឡូក្រាមតម្លៃចន្លោះពី ៧៧០រៀល ដល់៨២០រៀល។ ស្រូវស្រងែ១គីឡូក្រាមតម្លៃ៩៥០រៀល។ ស្រូវអ៊ីអ៊ែ ចន្លោះពី៧៦០រៀល ដល់៨០០រៀល។ ស្រូវនាងខុនក្នុង១គីឡូក្រាមតម្លៃ៦៨០រៀល និងស្រូវឡើងទឹកតម្លៃ៦៥០រៀលក្នុង១គីឡូក្រាម។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាកត់សម្គាល់ថា ជារៀងរាល់ឆ្នាំនៅដើមខែនៃពេលប្រមូលផល ស្រូវប្រាំងតែងតែធ្លាក់ថ្លៃ ដោយសារតែកត្តាទីផ្សារពឹងលើប្រទេសជិតខាង ស្របពេលដែលយន្តការនៃការទប់ស្កាត់ និងដោះស្រាយបញ្ហាធ្លាក់តម្លៃស្រូវក្នុងប្រទេសកម្ពុជាមិនទាន់មាននៅឡើយ។
លោកថ្លែងថា៖ «ឈ្មួញថៃ ឈ្មួញវៀតណាមជារៀងរាល់ដើមឆ្នាំ តែងតែក្រឡុកលើចំណុចហ្នឹង។ ក្រឡុកនេះ គឺដើម្បីផលចំណេញរបស់ថៃ និងវៀតណាម ព្រោះកាលណាធ្លាក់ថ្លៃស្រូវខ្លាំងទៅ វៀតណាមទិញបានតម្លៃថោកពីយើង ហើយជំរុញឱ្យពលរដ្ឋយើងបង្ខំចិត្តលក់ ហើយគេយកទៅផលិតជាអង្ករលក់ទៅកាន់ទីផ្សារអន្តរជាតិ គឺបានផលចំណេញខ្ពស់។ អាហ្នឹងជាយុទ្ធសាស្រ្តទីផ្សារនៃប្រទេសជិតខាងដែលកេងប្រវ័ញ្ចលើផលិតផល ឬផលចំណេញពីប្រទេសកម្ពុជា»។
លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រសួងគួរតែបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការជ្រើសរើសពូជស្រូវងាយរកដែលសមស្របទៅតាមប្រភេទដី និងណែនាំពួកគេពីបច្ចេកទេសដាំដុះដើម្បីឱ្យទិន្នផលស្រូវទទួលបានច្រើន និងមានតម្លៃខ្ពស់ ពេលលក់ចេញ ជាជាងការពឹងផ្អែកលើទីផ្សារប្រទេសជិតខាង៕