ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរខេត្តមួយចំនួនសម្រុកដោះស្រាយបញ្ហាខ្វះទឹកសម្រាប់កសិករធ្វើស្រែប្រាំង


រូបឯកសារ៖ កសិករ​ម្នាក់​បាញ់ទឹក​ស្រោច​ដំណាំ​ត្រកួន​ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ កសិករ​ម្នាក់​បាញ់ទឹក​ស្រោច​ដំណាំ​ត្រកួន​ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

ខណៈ​មាន​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​កង្វះ​ទឹក​ស្រោច​ស្រព​ស្រែ​ប្រាំង​នា​ដើម​ឆ្នាំ​ ២០២៤ ​នេះ ​អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង​នៅ​រដូវ​ក្រោយ ​និង​កំពុង​ធ្វើ​កិច្ច​អន្តរាគមន៍​ទាញ​ទឹក​ពី​ប្រភព​ផ្សេងៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​នេះ។ ​ចំណែក​កសិករ​មួយ​ចំនួន​នៅ​តែ​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ផល​ស្រូវ​របស់​ពួកគេ​ខូចខាត ​និង​ប៉ះពាល់​សេដ្ឋកិច្ច ​ដោយសារ​ការ​ប្រមូល​ផល​ស្រូវ​ប្រាំង​នឹង​ប្រើ​រយៈ​ពេល​ជាង​មួយខែ​ទៀត។​

ខេត្ត​ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​ខ្លាំង​ជាង​គេ ​ឬ​ប្រឈម​នឹង​ការ​រីងស្ងួត​នា​ពេល​ខាង​មុខ ​រួម​មាន​ខេត្ត​បាត់ដំបង ​និង​ខេត្ត​ពោធិ៍សាត់​ជាដើម។ ​ចំណែក​ខេត្ត​ផ្សេង​ទៀត ​ដូចជា​ខេត្ត​កំពង់ឆ្នាំង​ និង​ខេត្ត​ស្វាយរៀង​នៅ​អាច​មាន​ទឹក​គ្រប់គ្រាន់ ​ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​ជួយ​ដំណាំ​របស់​កសិករ។ ​នេះ​បើ​តាម​អាជ្ញាធរ​ខេត្ត។​

អភិបាល​ខេត្ត​ពោធិ៍សាត់ ​លោក ​ខូយ រីដា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ អាជ្ញាធរ​កំពុង​ទាញ​ទឹក​ពី​អាង​ស្តុក​ទឹក​ផ្សេងៗ ​ដែល​មាន​ក្នុង​ខេត្ត ​ដើម្បី​ចែក​ចាយ​តាម​ប្រឡាយ​ឱ្យ​ប្រជា​ពលរដ្ឋ​ទាញ​យក​ដាក់​ស្រែ​ប្រាំង​របស់​ពួក​គេ ​ដែល​កំពុង​ប្រឈម​ការ​រីង​ស្ងួត​ និង​ទុក​មួយ​ផ្នែក​សម្រាប់​សត្វ​ពាហនៈ ​និង​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​នា​រដូវ​ប្រាំង​នេះ។ ​លោក​បញ្ជាក់​ថា​ មូលហេតុ​ដែល​កង្វះ​ទឹក​សម្រាប់​បង្ក​បង្កើត​ផល​ស្រូវ​ប្រាំង​នេះ ​ដោយ​សារតែ​ប្រជា​កសិករ​នាំ​គ្នា​សម្រុក​ធ្វើ​ស្រែ​ប្រាំង​លើស​ផែន​ការ​ទឹក​ដែល​អាច​ផ្គត់​ផ្គង់​បាន​ត្រឹម​តែ​ផ្ទៃ​ដី​ស្រែ​២​ម៉ឺន​ហិកតា ​ប៉ុន្តែ​កសិករ​បង្ក​បង្កើន​ផល​ដល់ ​៥ ​ម៉ឺន​ហិកតា។​

បើ​តាម​អភិបាល​ខេត្ត​ពោធិ៍សាត់ ​ដោយសារ​តម្លៃ​ស្រូវ​លក់​បាន​ថ្លៃ​ ទើប​កសិករ​សម្រុក​បង្ក​បង្កើន​លើស​ផែន​ការ​ទឹក​បែប​នេះ។​

បើ​តាម​លោក ​ខូយ រីដា ​ការ​ធ្វើ​អន្តរាគមន៍​ទឹក​នា​ពេល​នេះ​នឹង​ជួយ​ដល់​កសិករ​បាន​ច្រើន​ ដោយ​សារ​កសិករ​ភាគ​ច្រើន​នឹង​ប្រមូល​ផល​ក្នុង​រយៈ​ពេល​មួយខែ​ទៀត។ ​ចំណែក​កសិករ​មួយ​ចំនួន​តូច​នឹង​រងផល​ប៉ះពាល់​ ដោយ​សារ​ពួក​គេ​ទើប​ដាំ​ស្រូវ​ឡើង​វិញ​បាន​រយៈ​ពេល​មួយ​ខែ។​

លោក​ថ្លែង​ថា៖​ «ជិត​ ៣ ​ម៉ឺន​ហិកតា​នេះ ​ភាគ​ច្រើន​គឺ​ស្រូវ​កំពុង​តែ​ដាក់​គ្រាប់​ហើយ​ តែ​អ្នក​ដែល​ធ្វើ​ក្រោយៗ​ ដែល​កំពុង​ប្រឈម ​ដែល​គាត់​ច្រូត​ហើយ​ភ្លាម ​គាត់​វាយ​[ដី​និង​ព្រោះ]​ ក្នុង​រយៈ​ពេល​ ១ ​ខែ​មុន​នេះ​ អាហ្នឹង​ដែល​ប្រឈម។ ​ហើយ​អ្នក​ដែល​ធ្វើ​រយៈ​ពេល​ ២ ​ខែ​មក​ហ្នឹង ​នឹង​ត្រៀម​ប្រមូល​ផល​ក្នុង​រយៈ​ពេល​ខាង​មុខ​នេះ​ ព្រោះ​ខ្វះ​ទឹក​តិច​តួច ​យើង​អាច​បំពេញ​បាន។ ​តែ​បើ​ខ្វះ​ក្នុង​រយៈ​ពេល​វែង​នឹង​ជួប​បញ្ហា​ប្រឈម​ហើយ»។​

លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជា​កសិករ​ក្នុង​ខេត្ត​ពោធិ៍សាត់​ផ្អាក​ធ្វើ​ស្រែ​ប្រាំង ​នៅ​ពេល​ប្រមូល​ផល​ស្រូវ​លើក​នេះ​រួច ​ដោយ​ថា​ ​ទឹក​ក្នុង​ស្ទឹង​និង​ប្រឡាយ​មិន​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ឡើយ។​

កសិករ​ម្នាក់​ក្នុង​ខេត្ត​ពោធិ៍សាត់ ​ដែល​កំពុង​ប្រឈម​កង្វះ​ទឹក​ដាក់​ស្រែ ​លោក​ ម៉ែន កុសល ​ប្រាប់​វីអូអេ​ថា ​មក​ដល់​ពេល​នេះ ​អាជ្ញាធរ​បាន​ទម្លាក់​ទឹក ​ដើម្បី​ឱ្យ​កសិករ​បូម​ដាក់​ស្រែ​សម្រាប់​រដូវ​នេះ។

លោក​ថា៖ ​«ឥឡូវ​ភូមិ ​ឃុំ ​គាត់​ស្នើ​ទៅ​ខេត្ត។ ​ឥឡូវ​ខេត្ត​ គេ​ទម្លាក់​ម៉ាស៊ីន​ទឹក ​ទម្លាក់​មក​រហូត​តើស។​ យើង​ឮ​ថា​ ទម្លាក់​ទឹក ​រហូត​ដល់​ស្រូវ​ច្រូត​មួយ​សារ​នេះ​អស់​បាន​គាត់​ឈប់​ទម្លាក់​ ហើយ​ក៏​ស្នើ​ឱ្យ​ប្រជាជន​ឈប់​ធ្វើ​ទៀត។​ បើ​សិន​ជា​ធ្វើ​ ក៏​គេ​អត់​ទទួល​ខុស​ត្រូវ​ដែរ។ ​គេ​ថា​ ខ្លាច​ខ្វះ​ទឹក​ខ្វះ​អី ​អ៊ីចឹង»។​

កសិករ​ក្នុង​ខេត្ត​ពោធិ៍សាត់​ម្នាក់​ទៀត ​លោក​ ហែម ផល្លា ​ព្រួយ​បារម្ភ​អំពី​ផល​ស្រូវ​ដែល​អាច​ខូចខាត​ ដោយ​សារ​តែ​ទឹក​មិន​គ្រប់គ្រាន់​ ដើម្បី​បញ្ជូល​ដាក់​ក្នុង​ស្រែ។ ​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ទើប​បាន​ម្សិលមិញ ​បូម​បាន​ទើប​តែ​ ២ ​ទៅ ​៣ ​ម៉ោង ​ឥឡូវ​អស់​ទឹក។​ ឥឡូវ​ព្រឹកមិញ​បូម​ប្រហែល​២​ម៉ោង​ទៀត​ អស់​ទឹក​ទៀត។ ​ខ្ញុំ​នៅ​ចុង​គេ​បង ​ដល់​ពេល​បូម​មួយ​ថ្ងៃ​ ទាល់​ល្ងាច​ ម៉ាស៊ីន​ ២​ ទៅ ​៣​ ទម្រាំ​មក​ដល់​ខ្ញុំ​ គេ​លើ​បូម​អស់​បាត់»។​

បើ​តាម​លោក​ហែម ផល្លា ​ដោយ​សារ​ឆ្នាំ​នេះ​ស្រូវ​លក់​បាន​ថ្លៃ​រហូត​ដល់​ ១៣០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ ទើប​កសិករ​នាំ​គ្នា​សម្រុក​ដាំ។​

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង ​លោក ​ឈឹម វជិរា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ជំហាន​ដំបូង​នេះ ​អាជ្ញាធរ​ខេត្ត ​និង​មន្ត្រី​ពាក់ព័ន្ធ​កំពុង​ធ្វើ​កិច្ច​អន្តរាគមន៍​ទាញ​យក​ទឹក ​ដើម្បី​ជួយ​ដល់​ស្រូវ​ផើម ​និង​កំពុង​កកើត​គួរ​ប្រមាណ​៤០០​ហិកតា​ដែល​រាំង​ស្ងួត។ ​លោក​ថា​ ប្រជា​កសិករ​បាន​ធ្វើ​ស្រូវ​ប្រាំង​ជាង​ ៦​ម៉ឺន​ ២​ពាន់​ហិកតា ​ដែល​លើស​ផែន​ការ​ទឹក​របស់​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​សម្រាប់​ការ​ដាំដុះ​ត្រឹម​ទំហំ​ ២១០០០​ហិកតា។​

លោក​ថា​ ផ្ទៃដី​ស្រូវ​ប្រាំង​ប្រមាណ​ ៨០០០​ហិកតា ​ផ្សេង​ទៀត​ក៏​នឹង​ប្រឈម​បញ្ហា​រាំង​ស្ងួត​ខ្លាំង​ ដែល​នឹង​ពិបាក​ជួយ​សង្គ្រោះ ​ដោយ​សារ​កសិករ​ទើប​ចាប់​ផ្តើម​ដាំ​ដុះ​ថ្មី ​និង​ខ្លះ​ទើប​ដាំ​បាន​រយៈ​ពេល ​២០​ថ្ងៃ។​

លោក​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ផែន​ការ​ធ្វើ​ស្រូវ​ប្រាំង​គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​បាន​ផ្សព្វផ្សាយ​ដល់​ប្រជា​កសិករ​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «គាត់​សប្បាយ​ចិត្ត​នឹង​ស្រូវ​មាន​តម្លៃ​ខ្ពស់​ អ៊ីចឹង​គាត់​ប្រថុយ​ធ្វើ។ ដល់​អ៊ីចឹង​ធ្វើ​ទៅ​លើស​ផែន​ការ​ លើស​កំណត់​អ្វី​ដែល​យើង​មាន​ទឹក​សម្រាប់​ផ្គត់​ផ្គង់»។​

លោក​ ស៊ុន សុវណ្ណារិទ្ធ ​អភិបាល​ខេត្ត​កំពង់ឆ្នាំង ​ប្រាប់​វីអូអេ​ថា ​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​មក​នេះ ​អាជ្ញាធរ​បាន​ជួយ​ធ្វើ​អន្តរាគមន៍​ស្រូវ​ប្រាំង​របស់​ប្រជា​កសិករ​ក្នុង​ស្រុក​រលាប្អៀរ​ចំនួន​៥០០​ហិកតា។​ លោក​ថា​ មក​ដល់​ពេល​នេះ​គឺ​មិន​មាន​បញ្ហា​ប្រឈម​អ្វី​ទៀត​នោះ​ទេ។​

លោក​ថា៖ ​«ស្រូវ​ឡើង​ថ្លៃ ​ប្រជាជន ​គាត់​ធ្វើ​លើស​អ៊ីចឹង។ ​តម្លៃ​ស្រូវ​រៀង​ឡើង​ថ្លៃ ​ អ៊ីចឹង​បងប្អូន​បង្កើន​ការ​ផលិត។​ បរិមាណ​ស្រូវ​វា​កើន​អ៊ីចឹង។​ ប៉ុន្តែ​មក​ដល់​ម៉ោង​នេះ​ យើង​បាន​យក​គ្រឿង​ចក្រ ​យក​អី​[ផ្សេងៗ]​ជាមួយ​[មន្ទីរ]​ធនធានទឹក ​ជាមួយ​[មន្ទីរ]​កសិកម្ម​ បាន​ដោះស្រាយ​ជូន​គាត់ ​រួច​រាល់​អស់​ហើយ»។​

អភិបាល​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ​បន្ត​ថា​ លោក​កំពុង​រៀបចំ​គម្រោង​ ប្រើប្រាស់​ប្រព័ន្ធ​សឡា​ដើម្បី​ស្រោច​ស្រព​ដំណាំ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​កសិករ​ និង​បញ្ចៀស​កុំ​ឱ្យ​កសិករ​ខ្វះ​ទឹក​លើក​ក្រោយ​ទៀត។​

លោក​បន្ថែម​ថា៖ ​« ៣ ​ទៅ ​៤​ថ្ងៃ​ទៀត ​ខ្ញុំ​បង្កើត​គណៈ​កម្មការ​ចុះ​សិក្សា​ភ្លាម។ ​ហើយ​ខ្ញុំ​ឱ្យ​ក្រុមហ៊ុន​ចុះ​សិក្សា​ហើយ​ ​មិន​បាច់​ឱ្យ​គាត់​[កសិករ]​ទៅ​រវីរវល់​ ប្រជាជន​ចំណាយ​ពេល​ទៅ​បូមទឹក ​សែង​ម៉ាស៊ីន ​សែង​អី ​វា​ហត់​ពេក!​ អ៊ីចឹង​គ្រាន់​តែ ​Sensor ​យើង​ខ្វះ​ទឹក​ វា ​Automatic​ ហ្មង។ ​ខ្ញុំ​កំពុង​រៀបចំ​សាក​ល្បង​ ៥០០​ហិកតា​ដំបូង​គេ​មុន។ ​បើសិន​ជា​លទ្ធផល​បាន​ល្អ ​ខ្ញុំ​នឹង​ចេញ​ទៅ​បណ្តា​ក្រុង ​ស្រុក​ទាំង ​៨។ ​ក្រុង​ស្រុក​ទាំង​អស់»។​

លោក ​ងិន ហ៊ុន ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​ប្រជា​កសិករ​បង្ក​បង្កើន​ផល​ស្រូវ​ប្រាំង​លើស​ផែន​ការ​ផង​ដែរ ​ដែល​មាន​ន័យ​ថា​ ផែន​ការ​សម្រាប់​ឱ្យ​កសិករ​ដាំដុះ​ ៣៧៧០០​ហិកតា ​ប៉ុន្តែ​ប្រជា​កសិករ​ដាំ​ដុះ​រហូត​ដល់​ជាង​ ៤​ម៉ឺន​ហិកតា។ ​លោក​អះអាង​ថា ​បញ្ហា​ខ្វះ​ទឹក​គឺ​អាជ្ញាធរ​ និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ធ្វើ​កិច្ច​អន្តរាគមន៍​ដោះស្រាយ​ដល់​ប្រជា​កសិករ​រួច​រាល់​ហើយ។​

នៅ​ក្នុង​ខេត្ត​ស្វាយរៀង​វិញ ​លោក​ គឹម សាវុធ ​ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​ទី​ ១០​ ខែ​មករា​ថា​ ប្រជា​កសិករ​ក្នុង​ខេត្ត​ស្វាយរៀង​បាន​បង្ក​បង្កើន​ផល​ស្រែ​ប្រាំង​លើ​ផ្ទៃដី​ជាង​ ២៧០០០​ហិកតា ​ដែល​លើស​ផែន​ការ​គ្រោង ​ដែល​ដាក់​ចេញ​ត្រឹម​តែ ​២០៥០០​ហិកតា។ ​លោក​បន្ថែម​ថា​ មន្ទីរ​កំពុង​ជួយ​ធ្វើ​អន្តរាគមន៍​កាយ​ប្រឡាយ​ នាំ​ទឹក​ជួយ​សង្គ្រោះ​នៅ​តាម​តំបន់​មួយ​ចំនួន​ផង​ដែរ។​

លោក ​ម៉ែន អេង​ អភិបាល​រង​ខេត្ត​ស្វាយរៀង ​ប្រាប់​វីអូអេ​ថា​ រហូត​មក​ដល់​ពេល​នេះ​ ក្នុង​ខេត្ត​ស្វាយរៀង​មិន​ទាន់​មាន​បញ្ហា​ប្រឈម ​ដោយ​សារ​កង្វះ​ទឹក​ដាក់​ស្រែ​ប្រាំង​នោះ​ទេ ​បើ​ទោះ​បី​ជា​កសិករ​បាន​បង្ក​បង្កើន​ផល​លើស​ផែន​ការ​ក៏​ដោយ។​

លោក​ថា៖​ «នៅ​ចំពោះ​មុខ​នេះ ​ក្រោយ​យើង​បាន​ចុះ​ត្រួត​ពិនិត្យ​ទៅ​លើ​ដី​ស្រែ​របស់​ប្រជា​កសិករ​របស់​យើង​ហើយ​ យើង​ប្រៀប​ធៀប​មក​ផ្ទៃ​ទឹក​ ដែល​យើង​មាន ​គឺ​ថា​ អាច​ធានា​បាន។​ យើង​មិន​ខ្វះ​ទឹក​ទេ»។​

អភិបាល​រង​ខេត្ត​ស្វាយរៀង​រូប​នេះ​បន្ត​ថា ​អាជ្ញាធរ​នឹង​បន្ត​យក​ចិត្ត​ទុក្ខ​ដាក់​បន្ថែម​ទៀត​ជុំវិញ​បញ្ហា​នេះ ​ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​ដល់​កសិករ​ឱ្យ​បាន​ទាន់​ពេល​វេលា៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG