ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លៃស្រូវខ្ពស់នាំឱ្យកសិករបង្កើនធ្វើស្រែប្រាំង បើទោះប្រឈមកង្វះទឹកស្រោចស្រពក្តី


រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ប្រមូល​ស្រូវ​ដាក់​ហាល​ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ប្រមូល​ស្រូវ​ដាក់​ហាល​ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ស្រប​ពេល​ដែល​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ជួប​បញ្ហា​កង្វះ​ទឹក​ផ្គត់​ផ្គង់​ស្រែ ប្រជា​កសិករ​មួយ​ចំនួន​ក្នុង​ខេត្ត​ពោធិ៍​សាត់​បាន​លើក​ឡើង​ថា ​ពួក​គេ​បាន​បង្កើន​ការ​ដាំ​ដុះ​ស្រូវ​បន្ថែម​ទៀត​នា​រដូវ​ប្រាំង ដោយ​សារ​តែ​មើល​ឃើញ​ពី​ការ​កើន​ឡើង​តម្លៃ​ស្រូវ ដែល​មាន​តម្លៃ​យ៉ាង​តិច​ ១៣០០​រៀល​ ក្នុង​មួយ​គីឡូក្រាម។ នេះ​ជា​តម្លៃ​ស្រូវ​ខ្ពស់​មួយ ដែល​កសិករ​អះអាង​ថា​មិន​ដែល​មាន​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក ពិល ឆៀក អាយុ​៥៨​ឆ្នាំ កសិករ​មួយ​រូប​ក្នុង​ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ប្រាប់​វីអូអេ​ថា​ តម្លៃ​ស្រូវ​នា​បច្ចុប្បន្ន​នេះ លោក​លក់​បាន​ប្រមាណ​ ១៣០០រៀលទៅ​១៤០០​រៀល ​ក្នុង​មួយ​គីឡូ​ក្រាម​ដែល​ជា​តម្លៃ​ខ្ពស់​មួយ។ ដូច្នេះ​លោក​បាន​ធ្វើ​ស្រែ​ប្រាំង​លើ​ផ្ទៃ​ដី​ប្រមាណ ៨៦​អា ហើយ​បច្ចុប្បន្ននេះ លោក​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​បញ្ចូល​ក្នុង​ស្រែ។

ដោយ​សារ​តែ​ស្រែ​របស់​លោក​លោក​នៅ​ឆ្ងាយ ទោះ​បី​ជា​មាន​ការ​ផ្តល់​ទឹក​ពី​អាជ្ញាធរ​ក៏​ដោយ ក៏​ទឹក​មិន​គ្រប់​គ្រាន់​ឡើយ។ លោក​បញ្ជាក់​ដែរ​ថា​ ស្រូវ​របស់​លោក​មិន​ទាន់​មាន​ការ​ខូច​ខាត​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

លោក​ថ្លែង​ថា៖ «ហ្នឹង​ហើយ​ប្រជា​ពលរដ្ឋ​ខ្លះ​ទៅ​ដូច​ឃើញ​គេ​ធ្វើ​បាន គេ​មាន​មេ​ទឹក​គេ​ធ្វើ​បាន​ទៅ​ គាត់​ក៏​នាំ​គ្នា​ធ្វើ​តាម​គេ​តាម​ឯង ហើយ​ផល​ចុង​ក្រោយ​វា​មាន​តែ​ផល​ប៉ះ​ពាល់​ ៥០% ​ដែរ​ហ្នឹង»។

ចំណែក​ លោក ពេជ្រ ខុន ​កសិករ​វ័យ​ ៧៣​ឆ្នាំ មក​ពី​ភូមិ​ខ្មារ សង្កាត់​លលក​ស​ ខេត្ត​ពោធិ៍​សាត់​ ប្រាប់​វីអូអេ​ថា ​លោក​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ពេល​មិន​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ស្រោច​ស្រព​ដំណាំ​ស្រូវ ខណៈ​តម្លៃ​ស្រូវ​ឡើង​ថ្លៃ ដែល​កសិករ​នាំ​គ្នា​សម្រុក​ដាំ។ លោក​បន្ថែម​ថា​ វា​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​សម្រាប់​លោក និង​កសិករ​ដទៃ​ទៀត ព្រោះ​បច្ចុប្បន្ន​នេះ ស្រូវ​កំពុង​តែ​ឡើង​ខ្លួន និង​ត្រូវ​ការ​ទឹក​ស្រោច​ស្រព​ជា​ចាំបាច់។

លោក​ថ្លែង​ថា៖​ «ដល់​ពេល​រាល់​ដង​រាល់​ឆ្នាំ​ទឹក​អត់​ដែរ​ខ្វះ​ខាត​ទេ ​តែ​ឥឡូវ​ទើប​តែ​ខែ​មួយ​សោះ​ ទឹក​ចាប់​ផ្តើម​ខ្វះ​ខាត​ខ្លាំង​មែន​ទែន​ ហើយ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ដល់​ក​ហើយ ​រក​តែ​ទឹក​ដាក់​អី​អត់​បាន​ទេ ​ហើយ​ស្រូវ​វា​កំពុង​តែ​ឡើង​ខ្លួន»។

លោក​ថា ​នៅ​ក្នុង​តំបន់​របស់​លោក​កំពុង​ជួប​ហានិ​ភ័យ​ទឹក​ខ្លាំង និង​ត្រូវ​បាន​អាជ្ញាធរ​បិទ​មិន​ឱ្យ​មាន​ទឹក​ហូរ​មក​តំបន់​របស់​លោក​ជាង​ ១០​ថ្ងៃ​ មក​ហើយ។

កសិករ​រូប​នោះ​ថ្លែង​ថា​៖ «គាត់​សុំ​មុន​ដំបូង​ ១០​ថ្ងៃ​ បិទ​ទឹក​ខាង​លើ ​ឥឡូវ​គាត់​សុំ​ ៧​ថ្ងៃ​ ទៀត​ហើយ​ ហើយ​ដល់​ពេល​ពួក​ខ្ញុំ​ជួប​ហា​និ​ភ័យ​ទឹក​មែន​ទែន​ ហើយ​ខែ​នេះ​ផង​ខ្យល់​ អញ្ចឹង​វា​ហួត​ទឹក​ ហើយ​ស្រូវ​កំពុង​តែ​ឡើង​ខ្លួន​ ដល់​ពេល​ដែល​វា​បែក​អត់​ចេញ​ ទោះ​ដាក់​ទឹក​ប៉ុនណា ក៏​វា​អត់​បែក​ដែរ​ ដោយ​សារ​ពេល​ដែល​វា​ឡើង​ខ្លួន​វា​ត្រូវ​ការ​ទឹក»។

រូបឯកសារ៖ កសិករ​កំពុង​ប្រើ​ម៉ាស៊ីន​ច្រូត​ស្រូវ នៅ​ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ កសិករ​កំពុង​ប្រើ​ម៉ាស៊ីន​ច្រូត​ស្រូវ នៅ​ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នក​ស្រី ប៉ែន​ ចាន់​នី​ កសិករ​ម្នាក់​ទៀត​ដែល​មក​ពី​ឃុំ​លលកស ខេត្ត​ពោធិ៍សាត់ ប្រាប់​វីអូអេ​ថាអ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ចំពោះ​បញ្ហា​កង្វះ​ទឹក​ស្រោច​ស្រព​ស្រែ​នា​ពេល​នេះ។

អ្នក​ស្រី​ថ្លែង​ថា៖ «ខ្វះ​កំពុង​ខ្វះ​ហ្នឹង​ហើយ អត់​មាន​ទឹក​អា​លីង​ហើយ​សុំ​គេ គេ​អត់​ឱ្យ​បូមគេ​ថា​ចាំ​៥​ថ្ងៃ​ទៀត​អី​ណា ហើយ​ឱ្យ​បូម ឱ្យ​បូម​មួយ​អាទិត្យ បូម​មួយ​អាទិត្យ​ហើយ​ស្រែ​រាប់​ពាន់​ហិកតា​ឱ្យ​ទៅ​បូម​ឯ​ណា​ទាន់»។

កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ខេត្ត​ពោធិ៍​សាត់​បាន​អំពាវនាវ​ឱ្យប្រជាកសិករ​ផ្អាក​ធ្វើ​ស្រូវ​ខែ​ប្រាំង ដោយ​សារ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់។

ស្រូវ​បាន​ឡើង​ថ្លៃចាប់​តាំង​ពី​ឆ្នាំ​ ២០២៣ ដោយ​សារ​ឥទ្ធិពល​នៃ​ការ​មិន​នាំ​ចេញ​អង្ករ​ប្រភេទ​ធម្មតា​របស់​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក ក្នុង​គោល​បំណង​រក្សា​នូវ​សន្តិសុខ​ស្បៀង​នៅ​ក្នុង​ប្រទេស។ ដូច្នេះ​ប្រទេស​ជិត​ខាង​កម្ពុជា​ ដូច​ជា​ថៃ និង​វៀត​ណាម​សម្រុក​ទិញ​ស្រូវ​ពី​កម្ពុជា​ក្នុង​តម្លៃ​ថ្លៃ​ជាង​មុន។ ប៉ុន្តែ​អ្នក​តាម​ដាន​ក៏​មើល​ឃើញ​អំពី​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ផង​ដែរ​ទាក់​ទង​នឹង​ការ​ឡើង​ថ្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​កម្ពុជា។

អគ្គ​លេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក លន់ យ៉េង ប្រាប់​វីអូអេ​ថា​ ការ​នាំ​ចេញ​ស្រូវ​អង្ករ​របស់​កម្ពុជា​នៅ​មាន​លំហូរ​ជា​ធម្មតា​ទៅ​ទី​ផ្សារ​អន្តរជាតិ បើ​ទោះ​បី​ជា​មាន​បញ្ហា​សង្គ្រាម​នៅ​តំបន់​សមុទ្រ​ក្រហម ដែល​ធ្វើ​ឱ្យ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​មាន​ការ​កើន​ឡើង​បន្តិច​តែ​ប៉ុណ្ណោះ។ លោក​ក៏​បញ្ជាក់​ទៀត​ថា​ សម្រាប់​ការ​នាំ​ចេញ​អង្ករ​ទៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត ​រួម​មាន​សហភាព​អឺរ៉ុប និង​ប្រទេស​ចិន ​គឺ​នៅ​មាន​លំហូរ​នាំ​ចេញ​ទៅ​ជា​ធម្មតា។

ពាក់​ព័ន្ធ​នឹង​បញ្ហា​ដាំ​ដុះ​ស្រូវ​នា​រដូវ​ប្រាំង ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​នេះ លោក លន់ យ៉េង លើក​ឡើង​ថា​ កន្លង​ទៅ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ខ្លះ​មិន​បានដាំ​ស្រូវ​ប្រាំង​នេះ​ឡើយ ប៉ុន្តែ​ដោយ​សារ​តែ​តម្លៃ​ស្រូវ​បាន​កើន​ឡើង ទើប​ធ្វើ​ឱ្យពលរដ្ឋ​ធ្វើ​ស្រែ​ប្រាំង​នេះ​មាន​ច្រើន​លើស​លប់ ដែល​នាំ​ឱ្យ​ខ្វះ​ទឹក​សម្រាប់​ស្រោច​ស្រព​ដំណាំ​ស្រូវ។

លោក​ថ្លែង​ថា៖ «កន្លែង​ខ្លះ​អត់​ធ្លាប់​ធ្វើ​សោះ​ទើប​តែ​សម្រុក​ធ្វើ​ឆ្នាំ​ហ្នឹង អ៊ីចឹង​ធ្វើ​ឱ្យ​បរិមាណ​ស្តុក​វា​អត់​គ្រប់​ សម្រាប់​ដែល​អាច​បម្រើ​មួយ​វគ្គក្រោយ​ទៀត ព្រោះ​គាត់​មិន​មែន​ត្រឹម​តែ​វគ្គ​ខែ២​នេះ​ទេ អ្នក​ខ្លះ​អាច​ចូល​វគ្គ​ខែ​ក្រោយ​បន្ត​ទៀត។ អ៊ីចឹង​បាន​មាន​ការ​ជូន​ដំណឹង​ពី​អាជ្ញាធរ​តំបន់​មួយ​ចំនួន​ដើម្បី​ឱ្យ​គាត់​ប្រុង​ប្រយ័ត្ន​ថា​ត្រូវ​មើល​ស្ថាន​ភាព​ទឹក​សិន ប្រសិន​បើ​អ៊ីចឹង​កុំ​ពង្រីក​លឿន​ពេក​ ព្រោះ​បើ​មិន​អ៊ីចឹង​ទេ​វា​អាច​ខូច​ទាំង​អស់​គ្នា​ អ្នក​ខ្លះ​គាត់​ធ្វើ​រាល់​ឆ្នាំ​ ឆ្នាំ​នេះ​ដណ្តើម​ទឹក​គា្ន​វា​អាច​ខូច​ទាំង​អស់​គ្នា»។

លោក​បន្ត​ថា​ បរិមាណ​ស្រូវ​របស់​កម្ពុជា​បច្ចុប្បន្ន​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ស្រុក និង​សម្រាប់​នាំ​ចេញ​ជា​ធម្មតា។

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ធ្លាប់​ប្រាប់​វីអូអេ​កាល​ពី​កន្លង​ទៅ​ថា​ ការ​កើន​ឡើង​ចំនួន​ដំណាំ​ស្រូវ​ប្រាំង គឺ​ដោយ​សារ​តែ​តម្លៃ​ស្រូវ​មាន​តម្លៃ​ថ្លៃ​ជាង​មុន ធ្វើ​ឱ្យ​ប្រជា​កសិករ​សម្រុក​នាំ​គ្នា​បន្ត​បង្ក​បង្កើន​ស្រូវ​បន្ថែម​ទៀត។ កញ្ញា​ក៏​ស្នើ​សុំ​ឱ្យ​ប្រជា​កសិករ​ស្តាប់​តាម​ការ​ណែ​នាំ​របស់​អាជ្ញាធរ​មូល​ដ្ឋាន​ ជៀស​វាង​ផល​លំបាក​នៅ​ពេល​ខាង​មុខ ហើយ​ក្រសួង និង​អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​ទាន់​ពេល​វេលា។

លោក គឹម មាសសុខសីហា អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម និង​ជាអ្នក​នាំពាក្យ​ប្រាប់​វីអូអេ​ថា​ តម្លៃ​ស្រូវ​នៅ​ក្នុង​ឆ្នាំ​នេះ​មាន​តម្លៃ​ល្អ ហើយ​បើ​ទោះ​បី​ជា​មាន​បញ្ហា​នៃ​ការ​ខ្វះ​ទឹក​សម្រាប់​ដាំ​ស្រូវ​បន្ថែម​នា​រដូវ​ប្រាំង ក៏​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​ឡើយ។ លោក​បញ្ជាក់​បន្ថែម​ទៀត​ថា​ ការ​នាំ​ចេញ​អង្ករ​ទៅ​ទី​ផ្សារ​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ បាន​កើន​រង្វង់​ក្រោម ​៥%​ បើ​ធៀប​នឹង​ឆ្នាំ ​២០២២ ដោយ​សារ​តែ​កត្តា​នៃ​តម្រូវ​ការ​ទី​ផ្សារ​អង្ករ និង​ការ​បើក​ច្រក​ទីផ្សារ​ថ្មីៗ​ជាដើម។

កម្ពុជា​សង្ឃឹម​ថាក្នុង​ឆ្នាំ​ ២០២៤​ នេះ ការ​នាំ​អង្ករ​ចេញ​នឹង​កើន​ឡើង​បន្ថែម​ទៀត ដើម្បី​អាច​ឈាន​ទៅ​សម្រេច​គោល​ដៅ​នាំ​ចេញ​អង្ករ​ឱ្យដល់​ ១​លាន​តោន​ នៅ​ឆ្នាំ​ ២០២៥​ ខាង​មុខ ខណៈ​ការ​នាំ​ចេញ​អង្ករ​កាល​ពី​ឆ្នាំ​មុន មាន​ចំនួន ​៦៥​ម៉ឺន​តោន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក គឹម មាស​សុខ​សីហា៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG