ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កសិករ​នៅ​ខេត្ត​ពោធិ៍សាត់​សោក​ស្តាយ​ធ្វើ​ស្រែ​ប្រាំង ​ដោយ​សារ​មិន​ដឹង​មុន​ថា ​ខ្វះ​ទឹក​ស្រោច​ស្រព


រូបឯកសារ៖ កសិករ​ស្ទូង​ស្រូវ​នៅ​ក្នុង​រដូវ​វស្សា នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ កសិករ​ស្ទូង​ស្រូវ​នៅ​ក្នុង​រដូវ​វស្សា នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

កាល​ពី​ពេល​ថ្មីៗ​នេះ ​អ្នកស្រី ​ស៊ុំ រ៉ុន​ កសិករ​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់​បាន​មក​បូម​ទឹក​ពី​ប្រឡាយ​មេ​មួយ​ក្នុង​ឃុំ​បាក់​ចិញ្ជៀន ​ស្រុក​ភ្នំ​ក្រវាញ ​ដើម្បី​ដាក់​ស្រែ​របស់​អ្នកស្រី​ដែល​មាន​ចម្ងាយ​ពី​ប្រព័ន្ធ​ទឹក​ប្រមាណ​៦​គីឡូ​ម៉ែត្រ។ ​ប៉ុន្តែ​ការ​បូម​នោះ​មិន​ជោគ​ជ័យ​ឡើយ ​ដោយ​សារ​មាន​គេ​លួច​បូម​ទឹក ​តាម​ប្រឡាយ​តូច​មុន​នឹង​ដល់​ស្រែ​របស់​អ្នកស្រី។ ​កសិករ​វ័យ​អាយុ​៥១​ឆ្នាំ ​ដែល​ធ្វើ​ស្រែ​១​ហិកតា​កន្លះ​រូប​នោះ​ ​បាន​ឱ្យ​ដឹង​ថា​ កាល​ឆ្នាំ​មុន ​កសិករ​អាច​ធ្វើ​ស្រែ​ស្រូវ​ប្រាំង​បាន ​ដោយ​សារ​តែ​មាន​ទឹក​ភ្លៀង​ និង​មាន​ទឹក​បឹង។​

ផ្ទុយ​ទៅ​វិញ​ក្នុង​ឆ្នាំ​នេះ ​ខ្វះ​ទឹក ​ហើយ​មេឃ​ក៏​មិន​ភ្លៀង ​ទើប​ធ្វើ​ឱ្យ​ខ្វះ​ខាត​ទឹក​ទាំង​ស្រុង។ ​ម្យ៉ាង​ទៀត​ ស្រែ​របស់​អ្នក​ស្រី​ឋិត​នៅ​ផ្នែក​ខាង​ក្រោម​មិន​មាន​ទឹក​ហូរ​ចុះ​មក​ដល់។​

អ្នកស្រី ស៊ុំ រ៉ន កសិករនៅខេត្តពោធិ៍សាត់ ដែលប្រឈមនឹងកង្វះខាតទឹកសម្រាប់ស្រោចស្រពស្រែ ។ (ស៊ុន ណារិន/វីអូអេ)
អ្នកស្រី ស៊ុំ រ៉ន កសិករនៅខេត្តពោធិ៍សាត់ ដែលប្រឈមនឹងកង្វះខាតទឹកសម្រាប់ស្រោចស្រពស្រែ ។ (ស៊ុន ណារិន/វីអូអេ)

កសិករ​ដែល​មាន​កូន​២​នាក់​រូប​នោះ​ថ្លែង​ថា៖ ​«បើ​ខ្ញុំ​ដឹង​ព័ត៌មាន​ ក៏​ខ្ញុំ​អត់​ធ្វើ​ដែរ​ស្រែ។​ បើ​ពួក​យើង​អត់​មាន​ថវិកា​បូម​ទឹក ​ពី​នេះ​ទៅ​វា​ឆ្ងាយ។​ បើ​ដឹង​ថា​ អត់​មាន​ទឹក​មក​ពី​លើ​ ​ខ្ញុំ​អត់​ធ្វើ​ដែរ។ ​បើ​ធ្វើ​ទៅ​ វា​អត់​មាន​ទឹក​មក​ពី​លើ​ទៅ​ ខាត​អស់​ច្រើន»។​

អ្នកស្រី ​ស៊ុំ រ៉ន ​ជា​កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​រាប់​ពាន់​នាក់​ផ្សេង​ទៀត ​ដែល​រង​គ្រោះ​ដោយ​សារ​ខ្វះ​ទឹក​ស្រោច​ស្រព​ស្រែ​ប្រាំង។ ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​ប្រាំង ​ដោយ​សារ​ខ្វះ​ទឹក។ ​ប៉ុន្តែ​អ្នកស្រី ​ស៊ុំ រ៉ន ​ថា​ អ្នក​ស្រី​មិន​បាន​ដឹង​ព័ត៌មាន​មុន​ឡើយ ​ហើយ​អ្នកស្រី​នៅ​តែ​បន្ត​ធ្វើ​ស្រែ​ប្រាំង​ដើម្បី​អាច​រក​ប្រាក់​ចំណូល​បាន​ខ្លះ ​ដោះ​ស្រាយ​បំណុល​ដែល​អ្នកស្រី​ត្រូវ​បង់​ប្រមាណ​៥០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។​

អ្នកស្រី​ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​ថា៖ ​«មួយៗ​ជំពាក់​គេ​ច្រើន ​ចេះ​តែ​ធ្វើស្រូវ​ប្រាំង​ខ្លាច​អត់​បាន​លុយ​សង់​បំណុល​គេ ​ដល់​អត់​បាន​ស្រូវ​ប្រាំង​ដឹង​បាន​អី​សង​គេ? ជំពាក់​លើស​ដើម​ ពីរ​ត្រួត​ហើយ»។​

កសិករ​មួយ​ចំនួន​ក្នុង​ខេត្ត​ពោធិ៍សាត់​អះអាង​ថា​ ការ​ធ្វើ​ស្រែ​ប្រាំង​ក្នុង​ឆ្នាំ​នេះ​ហាក់​មិន​សូវ​អំណាយ​ផល ​ដោយ​សារ​តែ​កង្វះ​ខាត​ទឹក​សម្រាប់​ធ្វើ​ស្រែ​ដែល​ធ្វើ​ឱ្យ​កសិករ​ខាត​បង់​ថវិកា​ និង​ជំពាក់​បំណុល។​

កសិករ​ម្នាក់​ទៀត ​លោក ​ដៀប ហៃ ​ប្រាប់​វីអូអេ​ថា​ ស្រែ​ប្រាំង​របស់​លោក​ប្រហែល​២​ហិកតា​ខូច​អស់​៧០%​ហើយ ​ដោយ​សារ​កង្វះ​ទឹក​សម្រាប់​ផ្គត់​ផ្គង់​ស្រែ។ ​លោក​បន្ថែម​ថា​ រូប​លោក​មិន​បាន​ទទួល​ព័ត៌មាន​ទាក់​ទង​នឹង​បញ្ហា​កង្វះ​ទឹក​សម្រាប់​ធ្វើ​ស្រែ​នា​រដូវ​នេះ​ឡើយ ​មុន​ពេល​ខាង​រដ្ឋបាល​ខេត្ត​ប្រកាស​កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​២០២៤។​

លោក ​ដៀប ហៃ ​ថ្លែង​ថា៖ ​«អត់​បាន​ប្រាប់​ផង!​ អត់​មាន​ប្រកាស​មុន​ទេ!​ ដល់​តែ​ពេល​យើង​ផ្ដើម​ ថ្ងៃ​ទី​ប៉ុន្មាន​ទេ ​ខែ​មករា ​ដូចជា​ថ្ងៃ​ទី​១០ ​បាន​គេ​ប្រកាស​ថា​ យើង​ធ្វើ​លើស​ហិកតា​ អស់​ទឹក។​ ​គេថា​ យើង​ធ្វើ​លើស។ ហើយ​អត់​មាន​ជូន​ដំណឹង​មុន​ផង​ហ្នឹង!»​

លោក​បន្ថែម​ថា​ កាល​ពី​ឆ្នាំ​មុន ​មាន​ទឹក​ភ្លៀង​ខ្លះ ​គ្រាន់​អាចធ្វើ​ស្រែ​បាន ​ ប៉ុន្ដែ​ឆ្នាំ​នេះ​អត់​ភ្លៀង​ ហើយ​ខ្វះ​ទឹក​ទៀត ​ទើប​ធ្វើ​ឱ្យ​ស្រែ​របស់​លោក​ខូច​អស់ ​និង​ខាត​បង់​ប្រាក់​ជា​ច្រើន ​ថែម​ទាំង​ជំពាក់​បំណុល​ធនាគារ​ផង​ដែរ។​

កសិករ​ម្នាក់​ទៀត ​លោក ​ងិន សៅហ៊ូ ​អាយុ​៦៥​ឆ្នាំ ​ជួប​បញ្ហា​ដូច​គ្នា​ទៅ​នឹង​កសិករ​ខាង​លើ។ ​លោក​ប្រាប់​វីអូអេ​ថា​ ស្រូវ​ស្រែ​ប្រាំង​របស់​លោក​ដែល​កំពុង​ចេញ​ផ្លែ ​ខណៈ​ពេល​ដែល​ខ្វះ​ទឹក​ផ្គត់​ផ្គង់​ស្រែ​ ស្រូវ​របស់​លោក​ប្រែ​ទៅ​ជា​ស្វិត​ស្រពោន​អស់។​

លោក ងិន សៅហ៊ូ កសិករនៅខេត្តពោធិ៍សាត់ ដែលប្រឈមនឹងកង្វះខាតទឹកសម្រាប់ស្រោចស្រពស្រែ ។ (ស៊ុន ណារិន/វីអូអេ)
លោក ងិន សៅហ៊ូ កសិករនៅខេត្តពោធិ៍សាត់ ដែលប្រឈមនឹងកង្វះខាតទឹកសម្រាប់ស្រោចស្រពស្រែ ។ (ស៊ុន ណារិន/វីអូអេ)

លោក​ថ្លែង​ថា៖ ​«ខាត​ច្រើន​ណាស់ ​តែ​ខាង​ខ្ញុំ​ទាំង​អស់។ ពួក​ដែល​មក មក​ហ្នឹងគឺ​អត់​មាន​ទឹក​អី​ទេ។​ ស្រូវ​ចេញ ​ហើយ​ស្រពោន​ស្វិត​អស់។ ​ហើយ​ម្នាក់ៗ​ខាតពីរ​បី​ពាន់​ដុល្លារ​ឯ​ណោះ»។​

កសិករ​រូប​នេះ​ត្រូវ​សង​បំណុល​ធនាគារ​ និង​សង​លុយ​ដែល​ជំពាក់​ពី​ការ​ទិញ​របស់​របរ​ផ្សេងៗ ​រួម​មាន​ជី ​ថ្នាំ​ ប្រេង​សម្រាប់​ម៉ាស៊ីន​បូមទឹកជា​ដើម។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​ ឆ្នាំ​ហ្នឹង ​ជំពាក់​លុយ​គេ​ច្រើន ​ដោយ​សារ​លុយ​ជី​ផង ​លុយ​ទិញ​ប្រេងសម្រាប់ម៉ាស៊ីន​បូមផង។​ ​យើង​ទិញ​ថ្នាំ​គេ ​ជឿ​គេ​ បណ្ដាក់​គេ​រហូត។ បើ​និយាយ​ទៅ​ បណ្ដាក់​ទាំង​អស់។​ វា​អត់​មាន​លុយ​ឯង។​ លុយ​ឯង​ធ្វើស្រែ​វស្សា​បាន​តែ​មួយ​ហិកតា ​ដល់​យើង​ធ្វើ​ចូល​ពីរ​ហិកតា ​វា​អស់​ច្រើន។ ​យើង​រុញ​ដី​ រុញ​អី​ផង ​អ៊ីចឹង​ខាត​ច្រើន​ណាស់​ ឆ្នាំ​នេះ»។​

កាល​ពី​ដើម​ខែ​មករា ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​បាន​ចេញ​សេចក្តី​ណែនាំ​ឱ្យ​ប្រជា​កសិករ​ផ្អាក​ការ​បង្ក​បង្កើន​ផល​ស្រូវ​ក្នុង​រដូវ​ប្រាំង ​ដោយ​ថា​ ប្រជា​កសិករ​បាន​នាំគ្នា​ធ្វើ​ស្រែ​ប្រាំង​កើន​ឡើង​ផ្ទៃដី​ជិត​២​ដង​នៃ​ផែន​ការ​ប្រើ​ប្រាស់​ទឹក ​ដែល​មាន​ន័យ​ថា ​ទឹក​ក្នុង​ស្ទឹង​ និង​ប្រឡាយ​មិន​អាច​ផ្គត់​ផ្គង់​គ្រប់​គ្រាន់។​

កសិករមួយចំនួននាំគ្នាបូមទឹកពីប្រឡាយមេមួយក្នុងស្រុកបាក់ចិញ្ជៀន ខេត្តពោធិ៍សាត់ ដើម្បីដាក់ស្រែរបស់ពួកគេ ។ (ស៊ុន ណារិន/វីអូអេ)
កសិករមួយចំនួននាំគ្នាបូមទឹកពីប្រឡាយមេមួយក្នុងស្រុកបាក់ចិញ្ជៀន ខេត្តពោធិ៍សាត់ ដើម្បីដាក់ស្រែរបស់ពួកគេ ។ (ស៊ុន ណារិន/វីអូអេ)

បើ​តាម​សារ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក ​ខូយ រីដា ​អភិបាល​ខេត្ត​ពោធិ៍សាត់​ បាន​ចុះ​ធ្វើ​អន្តរាគមន៍​បែង​ចែក​ទឹក​ជូន​ប្រជា​កសិករ​ក្នុង​ស្រុក​កណ្ដៀង ​តាម​ការ​ស្នើ​សុំ ​និង​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ស្រុក​ដាក់​កម្លាំង​សមត្ថ​កិច្ច​ប្រចាំ​ការ​ទៅ​តាម​គោលដៅ​សំខាន់ៗ​ មិន​អនុញ្ញាត​ឱ្យ​ប្រជា​កសិករ​បូម​ទឹក​ដាក់​ស្រែ​ មុន​អាជ្ញាធរ​សម្រេច​ឱ្យ​បូម​នោះ​ឡើយ។​

លោក ​ខូយ រីដា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ខាង​មុខ​នេះ ​ ប្រសិន​បើ​ទឹក​នៅ​ក្នុង​អាង​ស្តុប​ទឹក​ដល់​គំនូស​ដែល​ត្រូវ​បញ្ឈប់ ​អាជ្ញាធរ​នឹង​ផ្អាក​អន្ដរាគមន៍​ផ្ដល់​ទឹក​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​ស្រែ ​ព្រោះ​ដើម្បី​ទុក​ទឹក​ប្រើប្រាស់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ ជាពិសេស​ការ​បរិភោគ។​

អភិបាល​ខេត្ត​រូប​នេះ​ថ្លែង​ថា៖ ​«ប្រសិន​ជា​ទៅ​មុខ​នេះ​បែក​ខាង​លើ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល ​ទំនាប​របស់​យើង​នេះ​មាន​ទឹក​កើន​ឡើង ​យើង​នៅ​តែ​រុញ​មក​បន្ត​បន្ទាប់ ​តែ​បើ​សិន​ជា​ទឹក​អាង​របស់​យើង​លែង​មាន​កម្រិត​ឡើង ​ដល់​គំនូស​ដែល​យើង​ត្រូវ​បញ្ឈប់​ ឧទាហរណ៍​ថា​ ១០០% ​ យើង​ទុក​៣០%​សម្រាប់​បរិភោគ»។​

អភិបាល​ខេត្ត​រូប​នេះ​លើក​ឡើង​ថា​ មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​បញ្ហា​កង្វះ​ទឹក​ក្នុង​ឆ្នាំ​នេះ ​ដោយ​សារ​តែតម្លៃ​ស្រូវ​ឡើង​ថ្លៃ ​ដូច្នេះ​កសិករ​សម្រុក​ធ្វើ​ស្រែ​បី​ដង​ទៅ​បួន​ដង​ក្នុង​មួយ​ឆ្នាំ​ ជា​ពិសេស​កសិករ​ដែល​មាន​ស្រែ​នៅ​ជិត​ប្រឡាយ។​

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​លោក ​ថេង សាវឿន ​យល់​ថា ​អាជ្ញាធរ​ខេត្ត​ និង​ក្រសួង​ពាក់ព័ន្ធត្រូវធានា​ថា​ ផ្តល់​ព័ត៌មាន​អំពី​កង្វះ​ទឹក​ដល់​កសិករ​ទាំង​អស់​ដើម្បី​ពួក​គាត់​ដឹង​មុន ​ហើយ​មិន​ខាត​បង់​ថវិកា​ក្នុង​ការ​ធ្វើ​ស្រែ។​

លោក​បន្ថែម​ថា៖ ​«ខ្ញុំ​គិត​ថា​ [អាជ្ញាធរ]​ខេត្ត​គួរ​ត្រូវ​បាន​គិត​គូរ​ឱ្យ​បាន​ស៊ី​ជម្រៅ​ ក៏​ដូច​ជា​ឱ្យ​បាន​មាំ​ទាំ​ដែរ ​ទៅ​លើ​ការ​រៀប​ចំ​បុក​អណ្តូង ​ឬ​ក៏​ទាញ​ពី​ប្រភព​ទឹក​ផ្សេងៗ​មក​ប្រើ​ប្រាស់​ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រជា​ពលរដ្ឋ។ ​ទីពីរ​ ជំរុញ​ឱ្យ​មេឃុំ ​អភិបាល​ស្រុក ​ឬ​ក៏​ថ្នាក់​ដឹកនាំ​ក្រសួង​ផ្សេងៗ​ទៀត​គិត​គូរ​ក្នុង​ការ​ឆ្លើយ​តប ​និង​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​ថា ​តើ​គួរ​ទាញ​ទឹក​ ឬ​ក៏​ប្រភព​ទឹក​ពី​កន្លែង​ណា​បាន»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​កញ្ញា ​អ៊ឹម រចនា ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ​និង​លោក ​ចាន់ យុត្ថា ​អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​បាន​នៅ​ឡើយ​ទេ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG