លោក ពៅ សារ័ត្ន អាយុ២៨ឆ្នាំ បានរងរបួសដោយសារគ្រាប់កាំភ្លើងនៅក្នុងហេតុការណ៍សមត្ថកិច្ចបាញ់គ្រាប់ពិតលើប្រជាពលរដ្ឋដែលតវ៉ារឿងដីធ្លីនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
Your browser doesn’t support HTML5
លោកត្រូវគ្រាប់កាំភ្លើងត្រង់ស្មាខាងឆ្វេង ហើយបុកទៅឆ្អឹងខ្នង។ រហូតមកដល់ពេលនេះ គ្រូពេទ្យបានវះកាត់របួសយកគ្រាប់ចេញ ហើយលោកកំពុងសម្រាកនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យកំពុងតាមដានស្ថានភាពជំងឺ។
ក្រុមគ្រួសាររបស់លោក សារ័ត្ន បានអះអាងថា លោកមិនមែនជាអ្នកតវ៉ា ឬមានដីធ្លីក្នុងជម្លោះនោះទេ។ លោកជាកម្មករសំណង់ ដែលទើបតែមកធ្វើការនៅខេត្តព្រះសីហនុ បានជិត៣ខែប៉ុណ្ណោះ។
ម្ដាយរបស់លោក សារ័ត្ន គឺអ្នកស្រី អន អៀន មានប្រសាសន៍ថា កូនរបស់អ្នកស្រីទើបមកស្នាក់នៅខេត្តព្រះសីហនុ ដើម្បីធ្វើការសំណង់ ហើយពុំមានដីនោះទេ។
អ្នកស្រីបានថ្លែងប្រាប់VOAថា៖ «អត់ទេ មកស៊ីឈ្នួលគេហ្នឹង មានដីធ្លីណា។ ខ្ញុំមិនដែលស្គាល់កំពង់សោមអីផងហ្នឹង។តែភ្នំពេញនេះ ខ្ញុំមិនដែលស្គាល់ផង។ ទើបកូនមានរបួសហ្នឹងមក»។
នៅថ្ងៃទី២៧ ខែមករា នេះ ម្តាយ និងបងស្រីរបស់លោក សារ័ត្ន បានមកពីស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មកមើលកូន និងប្អូនប្រុសនៅមន្ទីរពេទ្យរដ្ឋមួយក្នុងរាជធានីភ្នំពេញ។
អ្នកស្រីជាម្ដាយមានប្រសាសន៍ថា អ្នកស្រីមិនមានបំណងប្ដឹងផ្ដល់អ្វីនោះទេ តែអ្នកស្រីត្រូវការជំនួយ ដើម្បីព្យាបាលកូន ដោយសារជីវភាពក្រលំបាក។
អ្នកស្រីមានប្រសាសន៍ថា៖ «ជួយថវិកាជួយព្យាបាលកូនឲ្យជាហ្នឹងទៅ ព្រោះខ្ញុំអត់ ហើយនៅកូនពៅតែមួយហ្នឹង គេមានប្ដីមានប្រពន្ធអស់ហើយ។ ខ្ញុំមេម៉ាយទៀត មានទៅរកអីបាន»។
អ្នកស្រីបញ្ជាក់បន្ថែមថា៖ «មិនដឹងប្ដឹងពីណា មិនដឹងប្ដឹងម៉េច។ ខ្ញុំមិនដឹងទៅប្ដឹងពីណា។ អត់ទេ គ្រាន់តែសុំឲ្យជួយថវិកា មើលកូនហ្នឹងទៅបានហើយ តែកូនជាហើយ ខ្ញុំមិនរករឿងអីទេ។ ធ្វើម៉េចភាពចៃដន្យចឹង»។
រហូតមកដល់ពេលនេះ ការព្យាបាលត្រូវបានចំណាយថវិកាអស់ប្រមាណ១ពាន់ដុល្លាររួចទៅហើយ។ អ្នកស្រី អន អៀន មានប្រសាសន៍ថា អ្នកស្រីបានសុំមេភូមិឲ្យជួយធ្វើប័ណ្ណក្រីក្រសម្រាប់អ្នកស្រី ដើម្បីកាត់បន្ថយការព្យាបាល។
អ្នកស្រីមានកូន៤នាក់ ហើយសុទ្ធតែជាអ្នកស៊ីឈ្នួលការងារសំណង់។ អ្នកស្រីពុំមានការងារអ្វីធ្វើនោះទេ។ អ្នកស្រីរស់នៅលើដីជួលគេ និងជួយមើលថែចៅ៤នាក់ ជំនួសកូនដែលទៅធ្វើការសំណង់។
ចំណែកលោក សារ័ត្ន ដែលរងរបួស ក៏ធ្លាប់ធ្វើការនៅប្រទេសថៃ ជាអ្នកបេះផ្លែមៀនឲ្យគេ។ លោកត្រឡប់មកស្រុកកំណើតវិញ ហើយស៊ីឈ្នួលដាំដំឡូង និងពោតឲ្យគេ។ នៅស្រុកកំណើតបានមួយរយៈ លោកក៏សម្រេចមកធ្វើការងារសំណង់ តាមបងប្អូនសាច់ថ្លៃនៅខេត្តព្រះសីហនុ ដោយរកចំណូលបានចន្លោះពី៣ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ។
នៅមន្ទីរពេទ្យព្យាបាល លោក សារ័ត្ន ក៏ត្រូវបានមើលថែដោយភរិយារបស់មេជាងសំណង់របស់លោកគឺអ្នកស្រី លីម ផេង អាយុ៣៩ឆ្នាំ។
អ្នកស្រី លីម ផេង មានប្រសាសន៍ថា លោក សារ័ត្ន ពិតជាកម្មករសំណង់ ហើយពេលកើតហេតុនោះ លោកបានជិះម៉ូតូមកផ្សារ ដើម្បីទិញអាហារថ្ងៃត្រង់។
អ្នកស្រីមានប្រសាសន៍ថា៖ «ជិះម៉ូតូ ដល់ពេលឃើញមនុស្សច្រើន គ្នាបត់ម៉ូតូត្រឡប់មកវិញ មកធ្លុះធ្លាយ បាញ់ត្រូវដួល។ ដួលហើយ ដូចថាមានបងប្អូនស្គាល់ ទាញគ្នាចេញបួនប្រាំម៉ែត្រ ចេញពីម៉ូតូហ្នឹងឲ្យគ្នាមកកៀនផ្លូវ»។
អភិបាលរងខេត្តព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ បានទទួលស្គាល់ថាពិតជាមានមនុស្សត្រូវរបួស តែលោកថាបុរសម្នាក់នោះ បានចូលរួមតវ៉ា ហើយកាន់ដបសាំង ប្រតាយប្រតប់ជាមួយកម្លាំងសមត្ថកិច្ច។
លោកបញ្ជាក់ថា សមត្ថកិច្ចពុំមានបំណងចង់បង្កើតហិង្សានោះទេ តែដោយសារប្រជាពលរដ្ឋតវ៉ា បានបិទផ្លូវ ដុតកង់ឡាន គប់ដបសាំង និងដុំថ្មលើកម្លាំងសមត្ថកិច្ច។
លោកមានប្រសាសន៍ថា៖ «តាមសមត្ថកិច្ចប្រាប់ គាត់កាន់ដបសាំងរត់ចូលទៅ រត់ទៅគប់ ប្រតាយប្រតប់ជាមួយសមត្ថកិច្ច។បើតាមរបាយការណ៍គេប្រាប់មកនៅក្នុងកន្លែងកើតហេតុហ្នឹងបាទ។ អាអ្នកគប់ គប់បន្ថែម គាត់រត់ចោលទៅតែម្ដង។ រត់ចូលទៅបម្រុងប្រតាយប្រតប់ជាមួយសមត្ថកិច្ច។ រាលកៃទៅ ក៏ប៉ះស្មាទៅ ហើយយើងបានបញ្ជូនមកពេទ្យយើងនេះ[ខេត្តព្រះសីហនុ] ហើយពេទ្យយើងបញ្ជូនទៅពេទ្យភ្នំពេញ ធ្វើការព្យាបាល វះកាត់អីបានជោគជ័យដែរ»។
ចំណែកអ្នកនាំពាក្យរបស់តុលាការខេត្តព្រះសីហនុ លោក ហួត វិចិត្រ ដែលបានដឹកនាំកម្លាំងចុះអនុវត្តសាលដីការបស់តុលាការកំពូល មានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចបានបាញ់បង្អើលឡើងទៅលើ តែមិនដឹងថាត្រូវពលរដ្ឋឬយ៉ាងណា។
លោកបានថ្លែងប្រាប់VOAតាមទូរសព្ទថា៖ «ការដែលបាញ់គឺបាញ់ឡើងលើទេ។ ចំពោះករណីគាត់មួយ ខ្ញុំអត់ដឹងថាម៉េច។ពីព្រោះប្រជាជនវាច្រើនអាចជាង១០០នាក់ដែរ។ អាហ្នឹងវាគ្រាន់តែជាព័ត៌មាន ខ្ញុំទាន់ដឹងម៉េចដែរ។ ទាល់តែជួបគាត់ សម្ភាសន៍គាត់ ឬមួយក៏ស្ដាប់ចម្លើយគាត់ បានខ្ញុំអាចសន្និដ្ឋានបានថាគាត់មិនមែនជាប់ពាក់ព័ន្ធករណីហ្នឹង»។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់បន្ថែមថា៖ «សកម្មភាពវាមិនមែនទៅដល់មានការប្រទូសរ៉ាយអីទេ។ ពួកគាត់គប់ដបសាំង ហើយបាញ់ជំពាម គ្រាប់ដែក ហើយមានការគប់ដុំថ្ម មកសមត្ថកិច្ចយើងវាពីរដង។ បើអចេតនា គាត់អត់មានអីត្រូវទៅជិះកាត់កន្លែងហ្នឹង»។
ជម្លោះដីធ្លីដែលមានហិង្សានេះ គឺជាការអនុវត្តសាលដីការបស់តុលាការកំពូលលើដីជាង៧០ហិកតា ដែលមានពលរដ្ឋរាប់រយគ្រួសារកំពុងរស់នៅ។ តំបន់នោះជាដីជម្លោះជាមួយភាគីច្រើន ហើយមានការប្ដឹងផ្ដល់គ្នាជាបន្តបន្ទាប់។ តុលាការបានសម្រេចចុងក្រោយឲ្យប្រជាពលរដ្ឋចំនួន៩គ្រួសារ បានឈ្នះក្ដី តែពលរដ្ឋរាប់រយគ្រួសារក៏បានកាន់កាប់ដីនោះផងដែរ។
មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តុលាការគួរតែបើកការស៊ើបអង្កេត ដោយរកអ្នកបាញ់កាំភ្លើងត្រូវពលរដ្ឋឲ្យរងរបួស។
លោកបានថ្លែងថា៖ «ការផ្ទុះអាវុធពីព្រោះអាវុធវាអត់មានភ្នែកទេ កាលណាបាញ់ទៅ វាអាចនឹងបង្កឲ្យមានត្រូវមនុស្សហើយ។ អញ្ចឹងករណីនេះ វាគួរតែមានការស៊ើបអង្កេតមួយដោយតម្លាភាពដោយឯករាជ្យ ដើម្បីស្វែងរកការពិតនៅក្នុងរឿងនេះ ហើយត្រូវរកអ្នកដែលបង្កបាញ់ឲ្យមានការរងរបួសហ្នឹង យកទៅអនុវត្តទៅតាមផ្លូវច្បាប់»។
លោកបញ្ជាក់ថា ប្រសិនបើក្នុងការអនុវត្តសាលដីកាដែលមានស្ថានភាពតានតឹងរហូតដល់ប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ សមត្ថកិច្ចគួរតែដកថយ ហើយរកមធ្យោបាយអនុវត្តនៅពេលក្រោយ៕