អភិបាលស្រុកគិរីសាគរ លោកឃឹម ចាន់ឌី ត្រូវក្រុមពលរដ្ឋនៅខេត្តកោះកុងចោទថា បានរំលោភយកដីមានទំនាស់មួយកន្លែង ដែលស្ថិតនៅចម្ងាយ១៦គីឡូម៉ែត្រ ពីគម្រោងកសាងទីក្រុងទេសចរណ៍ធំមួយរបស់ក្រុមហ៊ុនចិន Union Development Group (UDG)។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង និងក្រុមប្រជាពលរដ្ឋ។
លោកហ៊ួរ អ៊ីន មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា៖
«ដីហ្នឹងគឺជាដីដែលមានទំនាស់ជាមួយប្រជាពលរដ្ឋទាំងអស់១៥គ្រួសារ ប៉ុន្តែមិនមែនពាក់ព័ន្ធតែជាមួយលោកអភិបាលស្រុកតែម្នាក់ទេ មានមនុស្សបីបួននាក់ទៀត ដែលពាក់ព័ន្ធនឹងជម្លោះ១៥គ្រួសារហ្នឹង។ ប៉ុន្តែកាលពីម្សិលមិញហ្នឹង គឺតាមអ្វីដែលប្រជាពលរដ្ឋបានប្រាប់ គឺលោកអភិបាលស្រុកបានយកឡានដឹកដីចំនួនបីគ្រឿងទៅចាក់លើដី ដែលមានម្ចាស់ហ្នឹងឈ្មោះចៅ គីល ដែលបានដាក់បណ្តឹងរួមគ្នា តាំងពីថ្នាក់ស្រុក ថា្នក់ខេត្តរហូតដល់ ក្រសួងដែនដី ហើយក្រសួងដែនដីហ្នឹងក៏បានចេញលិខិតមួយឲ្យអាជ្ញាធរខេត្ត ជួយសម្រុះសម្រួលដោះស្រាយបញ្ចប់ទំនាស់នៅកន្លែងហ្នឹង។ ថ្ងៃទី៦ ខែ១១ ឆ្នាំ២០១៨នេះ លោកអភិបាលរងខេត្តសុខ សិទ្ធី ហ្នឹងក៏បានអញ្ជើញទៅចូលរួមសម្របសម្រួលដោះស្រាយទំនាស់ហ្នឹងដែរ ប៉ុន្តែមិនទាន់ទទួលលទ្ធផលទេ ប៉ុន្តែប្រជាពលរដ្ឋបានស្នើសុំពេលរង់ចាំការដោះស្រាយហ្នឹង សូមឲ្យផ្អាក កុំអាលឈូសឆាយ កុំអាលលក់ដូរ»។
ក្រុមប្រជាពលរដ្ឋពីររូប ដែលស្ថិតក្នុងចំណោមពលរដ្ឋទាំង១៥គ្រួសារនោះ ថ្លែងបញ្ជាក់ថា ទំនាស់លើទីតាំងដីដែលលោកអភិបាលស្រុកបានយកឡានដឹកដីមកចាក់បំពេញនោះ គឺបានកើតឡើងតាំងពី២០១០មក ពោលគឺក្នុងពេលដែលក្រុមហ៊ុន UDG បានចូលមកអនុវត្តគម្រោងរបស់ខ្លួន។ លោកហ៊ួរ អ៊ីន បានឲ្យដឹងបន្ថែមថា លោកឃឹម ចាន់ឌី អះអាងថា លោកមានលិខិតបញ្ជាក់ការកាន់ដីទំនាស់នេះពីក្រុមការងារចម្រុះអន្តរក្រសួងដែលសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុន UGDនោះ។ ក្រុមការងារចម្រុះអន្តរក្រសួងនេះមានសមាសភាពមកពីក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី អភិបាលខេត្តកោះកុង និងក្រសួងការពារជាតិ។
លោកប៊ុន ធី វ័យ៥០ឆ្នាំ ដែលជាស្វាមីអ្នកស្រីចៅ គីង ម្ចាស់ដីដែលកំពុងមានទំនាស់ជាមួយលោកឃឹម ចាន់ឌី ក្នុងឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុងបានប្រាប់ VOA ថា លោកឃឹម ចាន់ឌី មិនបានបង្ហាញលិខិតរបស់អន្តរក្រសួងនោះឲ្យលោក និងពលរដ្ឋផ្សេងទៀតបានឃើញទេ តែបានធ្វើសកម្មភាពយកឡានដឹកដីមកចាក់លើដីរបស់លោកទាំងកម្រោល ហើយមានការគាំទ្រពីអាជ្ញាធរមានសមត្ថកិច្ចទៀតផង។ លោកថ្លែងថា៖
«គាត់ថា គាត់ចាក់ធ្វើផ្ទះ ធ្វើផ្ទះគាត់»។
លោកទុយ ទឹម វ័យ៥៩ឆ្នាំ ដែលជាពលរដ្ឋម្នាក់ទៀតរស់នៅក្នុងឃុំភ្ញីមាស ជាមួយលោកប៊ុន ធី បានឲ្យដឹងថា អធិការរងស្រុកអណ្តូងទឹកមួយរូប ក្នុងខេត្តកោះកុង បានគំរាមសម្លាប់ក្រុមពលរដ្ឋ មានទាំងរូបលោក ដែលតវ៉ា ការដឹកដីមកចាក់ក្នុងដីទំនាស់ដែលមានក្បាល៥០ម៉ែត្រ និងបណ្តោយ៧០ម៉ែត្រ ក្នុងតំបន់កូនកុក ឃុំភ្ញីមាស ស្រុកគិរីសាគរ។ លោកឲ្យដឹងអំពីការគំរាមរបស់អាជ្ញាធរមានសមត្ថកិច្ចយ៉ាងដូច្នេះ៖
«ដីឈូសឆាយដីចាក់ ហើយថែមទាំងសម្លុត គំរាមខ្ញុំ។ បានអាដែងមេឃុំហ្នឹងស្ទុះ ទៅរក ដល់រកវាយខ្ញុំ រួចហើយទៅអាដែល អធិការរងស្រុកអណ្តូងទឹកឈ្មោះតារិន នោះ គាត់បានដើរប្រមាថកាតទានបង្ខំឡាន តៃកុងឡាន ឲ្យបើកឡាន បំបុកពួកអាក្បាលបួន ប្រាំនាក់ឲ្យងាប់ចោល។... ថា ឲ្យខ្ញុំអ៊ីចឹង ហើយគាត់ជាអ្នកថ្នាក់ដឹកនាំ គាត់ជាអ្នកច្បាប់ គាត់ធ្វើដល់អធិការនៅស្រុកអណ្តូងទឹកនេះ ហេតុអី បានគាត់ធ្វើបាប គាត់គំរាមសម្លុតពួកខ្ញុំខ្លាំងមាំម្ល៉េះ?»
លោកទុយ ទឹម ដែលអតីតទាហានផ្តាច់ខ្លួនពីក្រុមខ្មែរក្រហម អះអាងបន្ថែមថា ក្រុមពលរដ្ឋទាំង១៥គ្រួសារ ក្នុងនោះមានទាំងគ្រួសារអ្នកស្រីចៅ គីង បានតស៊ូ ស្វែងរកដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីរបស់ពួកគាត់ជាច្រើនឆ្នាំមកហើយ គិតចាប់តាំងពីឆ្នាំ២០១០មក តែទាំងអាជ្ញាធរស្រុក និងខេត្តនៅមិនទាន់អាចផ្តល់ដំណោះស្រាយដល់ពួកគាត់បាននៅឡើយ ដោយអាជ្ញាធរបានចោទក្រុមពលរដ្ឋថា បានរស់នៅអនាធិបតេយ្យលើដីទំនាស់។
លោកឃឹម ចាន់ឌី អភិបាលស្រុកគិរីសាគរ ច្រានចោលការចោទប្រកាន់របស់ក្រុមប្រជាពលរដ្ឋក្នុងសហគមន៍ឃុំភ្ញីមាស ដែលថា អាជ្ញាធរគំរាមកំហែងមកលើពលរដ្ឋ។ លោកមានប្រសាសន៍ថា៖
«ដូចមិនមានករណីចឹងទេ ពីព្រោះឥឡូវនេះ យើងកំពុងតែបង្កើនការផ្តល់សេវា ទៅជូនប្រជាពលរដ្ឋគ្រប់ៗរូបទាំងអស់ ដោយអត់មានការរើសអើងអីទេ។ ហើយបើសិនជាមានករណីចោទប្រកាន់អ៊ីចឹង នែចាំមើល ខ្ញុំពិនិត្យឡើងវិញមើល! ប៉ុន្តែខ្ញុំជឿថា មិនមានទេ មិនមានហិង្សាកើតឡើងរបៀបហ្នឹងទេ បាទ»។
នៅពេល VOA សួរលោកថា តើលោកពិតជាបានចាក់ដីដើម្បីសង់ផ្ទះសម្រាប់ខ្លួនលោកនោះ ឬយ៉ាងណា លោកឃឹម ចាន់ឌី ថ្លែងទាំងអស់សំណើចថា៖
«គាត់ចេះតែចោទប្រកាន់ទេ! អត់មាន អត់មានករណីហ្នឹងកើតឡើងទេណា»។
ការបញ្ជាក់បន្ថែមរបស់លោកហ៊ួរ អ៊ីន បានឲ្យដឹងថា មានករណីទំនាស់ដីធ្លីមួយចំនួនទៀតនៅមិនទាន់ត្រូវបានដោះស្រាយរួចរាល់នៅឡើយក្នុងខេត្តកោះកុង។ ក្នុងករណីទំនាស់ដីធ្លីទាំងនោះមានទំនាស់ខ្លះជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនចិន UDG និងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ដែលគ្រប់គ្រងដោយសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោកលី យ៉ុងផាត់៕