ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធិន​ពិការ​មួយ​រូប​និង​ក្រុម​គ្រួសារ​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ជួយ​អន្តរាគមន៍​រឿង​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ


លោក ចៅ សុវាសនា យោធិន​ពិការដែលអះអាងថា​រង​ការ​រំលោភ​ដី​ធ្លី នាំ​គ្រួសារ​ទៅ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្រ្តី​នៅ​ក្រសួង​យុត្តិធម៌ រាជធានីភ្នំពេញ ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨។​ (កាន់ វិច្ឆិកា/VOA)
លោក ចៅ សុវាសនា យោធិន​ពិការដែលអះអាងថា​រង​ការ​រំលោភ​ដី​ធ្លី នាំ​គ្រួសារ​ទៅ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្រ្តី​នៅ​ក្រសួង​យុត្តិធម៌ រាជធានីភ្នំពេញ ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨។​ (កាន់ វិច្ឆិកា/VOA)

ក្រុម​គ្រួសារ​របស់​អតីត​យោធិន​ពិការ​មួយ​រូប​បាន​ទៅ​ក្រសួង​យុត្តិធម៌​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​សុំ​ឲ្យ​មាន​អន្តរាគមន៍​ពីរ​ដ្ឋ​មន្រ្តី​​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ ដែល​បាន​សម្រេច​ដោយ​តុលាការ​កំពូល និង​ឈាន​ដល់​ការ​រឹបអូស​ដីធ្លី​ផ្ទះ​សម្បែង។

នៅ​ថ្ងៃ​ចន្ទ​នេះ​ ​យោធិន​ពិការ​មួយ​រូប​បាន​នាំ​គ្រួសារ​មក​សុំ​អន្តរាគមន៍​ពី​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​សារ​ជាថ្មី​ ​បន្ទាប់​ពី​លោក​ត្រូវ​បាន​តុលាការ​គ្រប់​ជាន់​ថ្នាក់​កាត់ក្តី​ឲ្យ​ចាញ់​ក្នុង​សំណុំ​រឿង​ដីធ្លី​ ​ដែល​លោក​អះអាង​ថា​ ត្រូវ​បាន​គេ​រំលោភ​យក​ ​និង​លក់​បន្ត​គ្នា។​

លោក​ចៅ សុវាសនា​ ​បុរស​ពិការ​ជើង​វ័យ​ជាង​៤០​ឆ្នាំ​ ​ដែល​អះអាង​ថា​ ជា​អតីត​ទាហាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​បរិវេណ​ក្រសួង​យុត្តិធម៌​ថា​ ​ឪពុក​ម្តាយ​ក្មេក​របស់​លោក​បាន​កាន់​កាប់​ដី​មាន​ជម្លោះ​នោះ​តាំង​ពី​ឆ្នាំ​១៩៩០​ ​ដែល​មាន​ទំហំ​២៥គុណ​៣០​ម៉ែត្រ​ ​ស្ថិត​ក្នុង​ភូមិ​ទួល​ត្នោត​ ​ឃុំ​គគីរ​ ​ស្រុក​គៀន​ស្វាយ​ ​ខេត្ត​កណ្តាល។

លោក​បន្ត​ថា​ ​ក្រោយ​ឪពុក​ម្តាយ​ក្មេក​របស់​លោក​ស្លាប់​ទៅ​ ​នៅ​ឆ្នាំ​២០០៧​ បុរស​ឈ្មោះ​ ​ជួន សារិន​ ​ដែល​ជា​ជំទប់​ឃុំ​គគីរ​ ​ស្រុក​គៀនស្វាយ​ បាន​គំរាម​លោក​ដោយ​ថា​ ឲ្យ​លោក​ចំនួន​២​ទៅ​៣​ពាន់​ដុលា្លរ​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​ដី​របស់​លោក​ដែល​មាន​ទំហំ​១២​គុណ​៣០ម៉ែត្រ​នៃ​ដី​ទំហំ២៥​គុណ៣០​ម៉ែត្រ​នោះ​ ​ប៉ុន្តែ​លោក​ថា​ ​លោក​បដិសេធ​មិន​ធ្វើតាម​ ​ទើប​មាន​ការ​ប្តឹង​ផ្តល់​រហូត​មាន​ការ​កាត់ក្តី​ពី​តុលាការ​គ្រប់​ជាន់​ថ្នាក់​ឲ្យ​លោក​ចាញ់។​ ​លោក​បន្ថែម​ថា​ ​លោក​ជួន សារិន បាន​រៀបចំ​ឲ្យ​អ្នកស្រី​ឈ្មោះ​ព្រាប រុន​ ​ដែល​លោក​ចៅ​ សុវាសនា​ អះអាង​ថា​ ត្រូវ​ជា​ជីដូន​មួយ​របស់​ឪពុក​ម្តាយ​ក្មេក​លោក​ ​ឲ្យ​ធ្វើជា​ដើម​បណ្តឹង​ក្នុង​ជម្លោះ​ដី​ធ្លី​នេះ។​

បុរស​ដែល​អះអាង​ថា​ មាន​កូន​ចំនួន​៥​នាក់​ក្នុង​បន្ទុក​ផង​នោះ​បញ្ជាក់​ថា៖​

«ដី​នេះ​មិនមែន​ជា​ដី​ខ្ញុំ​ទិញ​ ​ហើយ​ក៏​មិនមែន​ជា​ដី​ទើប​នឹង​រស់​បច្ចុប្បន្ន​ដែរ​ ​គឺ​ឪពុក​ម្តាយ​ខ្ញុំ​រស់​នៅ​លើ​ដី​នេះ​តាំង​ពី​គាត់​នៅ​តូច​រហូត​ដល់​គាត់​មាន​កូន​ ​កូន​៥-៦​នាក់​ ​កើត​នៅ​លើ​ដី​ហ្នឹង​ ​ហើយ​រហូត​ដល់​គាត់​មាន​ចៅ​ទាំង​៥​នាក់​នេះ ​នៅ​លើ​ដី​ហ្នឹង​ទៀត​ ​បែរ​ជា​បុគ្គល​ជួន សារិន​ មាន​គំនិត​ទុច្ចរិត​ឃុបឃិត​យក​ដី​ខ្ញុំ​ក្បាល​១២គុណ​នឹង​៣០​ម៉ែត្រ​លើ​ដី​ទំហំ៣០គុណ​២៥»។

បុរស​វ័យ​ជាង​៤០​ឆ្នាំ​រូប​នេះ​ បាន​បង្ហាញ​លិខិត​មួយ​ចំនួន​ដែល​លោក​បាន​យក​ទៅ​ក្រសួង​យុត្តិ​ធម៌​ ដែល​រួមមាន​ទាំង​ពាក្យ​បណ្តឹង​ ​លិខិត​អន្តរាគមន៍​ពី​ព្រះមហា​ក្សត្រ​ ​និង​លិខិត​អន្តរាគមន៍​ពី​រដ្ឋ​សភា។ លោក​ក៏បាន​បង្ហាញ​លិខិត​ចំនួន​ពីរ​ច្បាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ក្រសួង​យុត្តិធម៌​ ​ដែល​ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​បញ្ជាក់​ថា​ ​សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​តុលាការ​ ​ដូច្នេះ​ស្ថាប័ន​ទាំង​ពីរ​មិន​មាន​ភារកិច្ច​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ។​

លោកចៅ សុវាសនា​ ​យោធិន​ពិការ​ដែល​បាន​នាំ​ភរិយា​ ​និង​កូន​តូចៗ​ចំនួន​៣​នាក់​មក​សុំ​អន្តរាគមន៍​ពី​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ម្តង​ទៀត​នោះ ​បន្ថែម​ថា​ ​ចាប់​តាំង​ពី​មាន​ជម្លោះ​ដីធ្លី​ ​និង​ត្រូវ​បាន​តុលាការ​គ្រប់​ជាន់​ថ្នាក់​កាត់ក្តី​ឲ្យ​លោក​ចាញ់​ ​និង​ចេញ​ដីកា​រុះរើ​លំនៅដ្ឋាន​របស់​លោក​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០០៩​មក​ ​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ ​និង​សុំ​អន្តរាគមន៍​មក​ស្ថាប័ន​ជា​ច្រើន​ជា​បន្តបន្ទាប់​ ​ប៉ុន្តែ​លោក​ថា​ ​រហូត​មក​ដល់​ពេល​នេះ​ ​នៅតែ​មិន​មាន​ការ​ដោះស្រាយ​ ​ទើប​លោក​សម្រេច​ស្នើសុំ​មក​ក្រសួង​យុត្តិធម៌​ម្តង​ទៀត។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​មក​នេះ​ដើម្បីឲ្យ​ឯកឧត្តម​មេត្តា​ជួយ​ពិនិត្យ​ ​និង​ដោះស្រាយ​ឲ្យ​ខ្ញុំ​ឲ្យ​បាន​ស្រប​ច្បាប់​ឡើង​វិញ​ ​ព្រោះអី​ខ្ញុំ​អត់​មាន​ដី​ ផ្ទះ​សម្បែង​ឯណា​ឲ្យ​កូន​ខ្ញុំ​នៅ​ទេ។​ ​ខ្ញុំ​អត់មាន​ដី​សោះ​ ​បែរ​ជា​គេ​មក​រុះរើ​យក​ដី​ខ្ញុំ​ ​រុះ​ផ្ទះ​សម្បែង​ពួក​ខ្ញុំ​ ​ដេញ​កូន​ចៅ​ខ្ញុំ​ឲ្យ​រស់​នៅ​ហាល​ភ្លៀង​ហាលខ្យល់​ ​អត់មាន​បាយ​ ​អត់មាន​កន្លែង​ជម្រក​ ​សូម្បីតែ​អង្ករ​អត់មាន​ហូប​ផង»។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ជិន ម៉ាលីន​ ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។​

យ៉ាង​ណា​ក្តី​ ​មន្រ្តី​ក្រសួង​យុត្តិធម៌​ដែល​បាន​ជួប​លោក​ចៅ សុវាសនា​ បាន​ប្រាប់​ឲ្យ​លោក​ត្រឡប់​ទៅ​វិញ​ ​និង​សរសេរ​លិខិត​អន្តរាគមន៍​ថ្មី​មួយ​ទៀត​ ​ដាក់​ទៅ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ ​លោក​អង្គ វង្សវឌ្ឍនា។​

មេឃុំ​គគីរ​ ​លោក​ ​គង់ ឆេង​ បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ ​ដោយ​ប្រាប់​ថា​ កំពុង​ជាប់​ប្រជុំ។​

លោកជួន សារិន​ជំទប់​ឃុំ​គគីរ​ ​ស្រុក​គៀន​ស្វាយ​ ​ខេត្តកណ្តាល​ ​ដែល​ត្រូវ​បាន​លោកចៅ សុវាសនា​ ចោទ​ថា ​បាន​រៀបចំ​គម្រោង​រំលោភ​យក​ដី​របស់​លោក​ក្នុង​ឃុំ​គគីរ​ ​ស្រុក​គៀន​ស្វាយ ​បាន​បដិសេធការ​ចោទប្រកាន់​នោះដោយ​និយាយថា​ ​លោក​មិន​មាន​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​នោះ​ទេ។

លោក​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ ​លោក​ទទួល​បាន​បណ្តឹង​ពី​អ្នកស្រី​ព្រាប​ រុន​ ​ដែល​លោក​អះអាង​ថា ​ជា​ម្ចាស់ដី​ ដោយ​បាន​ចោទ​ថា​ ​លោកចៅ សុវាសនា​ មាន​បំណង​ចង់​កាន់កាប់​ដី​នោះ​ ​ប៉ុន្តែ​លោក​ថា​ ​អ្នកស្រី​ព្រាប រុន​ បាន​ស្លាប់​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ទៅ​ហើយ។​

លោកជួន សារិន​ សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ច្រើន​ ​ដោយ​គ្រាន់តែ​បន្ថែម​ថា​ ​លោក​នឹង​ដាក់​ពាក្យ​ប្តឹង​លោកចៅ សុវាសនា​ ពី​បទ​បរិហារ​កេរ្តិ៍​រូប​លោក។​

លោក​បញ្ជាក់​ថា៖​

​«ដី​ហ្នឹង​ដី​របស់​យាយ​មួយ​នោះ​គាត់​រស់​នៅ​តាំងពី​សម័យ​ប៉ុល ពត។ យាយ​ព្រាប រុន​ ​យាយ​ហ្នឹង​គាត់​ចាស់​ ​តែ​គាត់​ស្លាប់​ហើយ​ឥឡូវ​ហ្នឹង។ គាត់​អះអាង​ គាត់​ចេះតែ​អះអាង​ទៅ​ ​លោកស្រី​ដើរ​សួរ​គេ​មើល។ ស្អែក​ហ្នឹង​ខ្ញុំ​នឹង​ទៅ​តុលាការ​ ​ខ្ញុំ​ដាក់​ពាក្យ​បណ្តឹង​ហើយប្តឹង​ពី​បទ​ចោទ​ប្រកាន់​ខ្ញុំ​អី​អ៊ីចឹង ​ទៅ​ប្រមាថ​មាក់​ងាយ​ខ្ញុំ​ អី​អ៊ីចឹងទៅ​ ​ព្រោះ​ខ្ញុំ​អត់​បាន​ដឹង​អី​សោះ»។​

វិវាទ​ដីធ្លី​នៅ​កម្ពុជា​នៅតែ​ជា​បញ្ហា​ចោទចាប់តាំង​ពី​តម្លៃ​ទីផ្សារ​អចលន​ទ្រព្យ​មាន​ការ​កើន​ឡើង។​

បើ​តាម​របាយ​ការណ៍​ដែល​មាន​ឈ្មោះ​ថា «ការ​វិភាគ​ស្ថិតិ​ស្តី​ពី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ឆ្នាំ​២០១៦»​ ចេញ​ផ្សាយ​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៧​ ​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​បង្ហាញ​ថា​ ​ក្នុង​ឆ្នាំ​២០១៥​ ​ជម្លោះ​ដីធ្លី​ធំៗ​ដែល​អង្គការ​បាន​រក​ឃើញ​មាន​ចំនួន​២៣​ករណី​ ​ហើយ​ក្នុង​ឆ្នាំ​២០១៦​ មាន​ការ​កើន​ឡើង​ទ្វេដង។​

របាយ​ការណ៍​ដដែល​នោះ​ក៏បាន​រក​ឃើញ​ថា​ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​វិវាទ​ដីធ្លី​គឺ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ ​នា​ពេល​កន្លងមក​ ​ការ​ប្រើ​ប្រាស់​អំណាច​ជាម​ន្ត្រី​រាជការ​ ​កង​កម្លាំង​ប្រដាប់​អាវុធ​ ​និង​អំណាច​មុខងារ​ជា​ឧកញ៉ា​ ​ឬ​អ្នក​មាន​ ​និង​ការ​រំលោភ​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ឯកជន។

របាយ​ការណ៍​របស់​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បញ្ជាក់​ថា​ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​រហូត​មក​ដល់​ខែ​កក្កដា ឆ្នាំ​២០១៧​ ​វិវាទ​ដីធ្លី​ចំនួន​៣១៩​ករណី​ ពុំ​ទាន់​បាន​ដោះស្រាយ​ ​និង​កំពុង​រង់ចាំ​ការ​ដោះស្រាយ​ ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ចំនួន​៥៤.៥០៧​គ្រួសារ​ ​និង​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ជាង​១.០៥២.៩៣៥​ហិកតា៕

XS
SM
MD
LG