ក្រុមគ្រួសាររបស់សកម្មជននយោបាយអះអាងថា សុខភាពរបស់សាច់ញាតិពួកគេ ដែលកំពុងជាប់ឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ ដោយហេតុថា នៅក្នុងមណ្ឌលឃុំឃាំងនោះ គ្រូពេទ្យមិនបានព្យាបាលដិតដល់។
ពួកគេសម្តែងការព្រួយបារម្ភ និងស្នើទៅអាជ្ញាធរឱ្យដោះលែងក្រុមគ្រួសាររបស់ពួកគេឱ្យបានស្ថិតនៅក្រៅឃុំ ដើម្បីអាចព្យាបាលជំងឺបានល្អប្រសើរ។
អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុង រួមមានលោក ស៊ុន ធន់ លោក យឹម សារ៉េត លោក ជុំ ចាន់ លោក កែវ ថៃ លោក ឡុង ផារី លោក ពៀត ម៉ាប់ លោក សុខ ចាន់ថា លោក ឃឹម ភាណា លោក ឃុត ច្រឹក លោក ញ៉ែម វ៉ាន លោក ថៃ គន្ធា និង លោក ងិន ឃាន។ ពួកគេត្រូវបានបញ្ជូនចេញពីពន្ធនាគារព្រៃស ទៅកាន់មណ្ឌលឃុំឃាំងត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។ នេះបើតាមក្រុមគ្រួសារ។
អ្នកស្រី សំ ចិន្តា អាយុ ៦០ឆ្នាំ ភរិយារបស់ លោក កែវ ថៃ ប្រាប់វីអូអេថា អ្នកស្រីបានទៅមើលស្វាមីនៅពន្ធនាគារត្រពាំងផ្លុង កាលពីថ្ងៃទី១៤ ខែឧសភា ដោយបានឃើញអាការៈស្វាមីកាន់តែទ្រុឌទ្រោម ដោយសារបញ្ហាផ្លូវដង្ហើម ជើងស្ពឺក ចុះទម្ងន់ និងមានបញ្ហាក្បាល ដែលប៉ះពាល់ដល់ការស្តាប់អ្វីមិនបានជាដើម។
អ្នកស្រីអះអាងថា ក្នុងមណ្ឌលឃុំឃាំងត្រញាំងផ្លុង មានក្រុមគ្រូពេទ្យ ដើម្បីឱ្យថ្នាំព្យាបាលបន្តិចបន្តួច ប៉ុន្តែការមើលថែស្វាមីរបស់អ្នកស្រី មិនទាន់បានដិតដល់នោះទេ។ អ្នកស្រីព្រួយបារម្ភសុខភាពស្វាមីខ្លាំង និងចង់ឱ្យអាជ្ញាធរដោះលែងស្វាមីខ្លួន ឱ្យបានស្ថិតនៅក្រៅឃុំ ដើម្បីមកព្យាបាលជំងឺ នៅខាងក្រៅ។
អ្នកស្រីបញ្ជាក់ថា៖ «ពេទ្យក្នុងហ្នឹង[ពន្ធនាគារត្រពាំងផ្លុង] គាត់មាន ប៉ុន្តែគ្រាន់ថាសម្ភារៈប្រើប្រាស់ វាមិនដូចយើង នៅខាងក្រៅ ហើយការព្យាបាលអីហ្នឹង យប់ព្រលប់ឈឺស្កាត់អី។ ហើយសព្វថ្ងៃ គាត់ធ្ងន់អ៊ីចឹង ហើយយប់ព្រលប់ ជួនកាលគាត់[មានជំងឺ]ផ្លូវដង្ហើម គាត់ថាមួយយប់ៗ ដាក់ស្អីស្តោះហ្នឹង [ហើយ]បំពងកគាត់ អត់ស្រួលអ៊ីចឹង។ ខ្ញុំពិបាកនិយាយណាស់ សុខភាពគាត់ ដល់ទ្រុឌទ្រោមអ៊ីចឹង វាពិបាកនិយាយណាស់ ធ្លាប់ពីដើម ដូចរឹងមាំ ដល់មកអ៊ីចឹង ខ្ញុំមិនអាចនិយាយបានទៅទៀត»។
អ្នកស្រីបន្ថែមថា ក្រុមគ្រួសាររបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀត ក៏បានត្អូញត្អែរ ដូចគ្នា ទាក់ទងនឹងសុខភាពទ្រុឌទ្រោមរបស់សាច់ញាតិពួកគេ ដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុងនេះផងដែរ។
អ្នកស្រីបន្ថែមថា៖«ចាស! ត្អូញត្អែរគ្រប់តែគ្នាហ្នឹង បញ្ហាសុខភាពគ្រប់តែគ្នាហ្នឹង ទ្រុឌទ្រោមលោកអើយ សុទ្ធតែចាស់ៗអស់ហើយ។ ខ្លះអាយុ ៧០ អីអស់ហើយហ្នឹងទ្រុឌទ្រោម។ អ៊ីចឹងដល់ឃើញទ្រុឌទ្រោមអ៊ីចឹងពិបាក។ បើប្តីខ្ញុំ រឹតតែទ្រុឌទ្រោម ចូលដល់ឆ្នាំ២០២៣ នេះមក គាត់ទ្រុឌទ្រោមមែនទែន។ ខ្ញុំមិនដែលឃើញប្តីខ្ញុំទឹកភ្នែក ទើបលើកហ្នឹងឃើញទឹកភ្នែក ដោយសារសុខភាព»។
បើតាមភរិយា លោក កែវ ថៃ អាយុ ៦២ឆ្នាំ ជាអតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ក្នុងខេត្តកំពង់ឆ្នាំង ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។
អ្នកស្រី អ៊ុក ចន្ធី ភរិយារបស់ លោក យឹម សារ៉េត អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុង បានរៀបរាប់ស្រដៀងគ្នាទៅនឹង អ្នកស្រី សំ ចិន្តាផងដែរ។ អ្នកស្រីអះអាងថា សុខភាពស្វាមីរបស់អ្នកស្រី គឺកាន់តែទ្រុឌទ្រោម បន្ទាប់ពីផ្ទេរពីពន្ធនាគារព្រៃស ទៅពន្ធនាគារត្រពាំងផ្លុងនេះ។ ស្វាមីអ្នកស្រី មានជំងឺលើសឈាម លើសអាស៊ីត បញ្ហាភ្នែកខាងស្តាំចាប់ផ្តើមងងឹតមើលអ្វីលែងឃើញពេលជាប់ក្នុងពន្ធនាគារ។ អ្នកស្រីថា ការមិនសូវយកចិត្តទុកដាក់ពីគ្រូពេទ្យនៅពន្ធនាគារ បូករួមអាហារហូបចុក មិនគ្រប់គ្រាន់ជាដើម ដែលជាហេតុធ្វើឱ្យស្វាមីរបស់អ្នកស្រី មានអាការៈកាន់តែធ្ងន់ធ្ងរបែបនេះ។
អ្នកស្រីបន្ថែមថា ក្រៅពីបញ្ហាសុខភាពនេះ នៅក្នុងពន្ធនាគារអាចមានការគាបសង្កត់ផ្លូវចិត្តផងដែរ។
អ្នកស្រីថា៖ «គ្រួសារទៅជួបម្តងៗ អ៊ីចឹង មានអ្នកចាំស្តាប់ ចាំកត់អ៊ីចឹង គាត់មិនអាចនិយាយបាន។ ដល់ពេលថ្ងៃមីងទៅអ៊ីចឹង មីងសួរខ្លាំងពេក គាត់បែរជាសម្រក់ទឹកភ្នែក អ៊ីចឹងបានន័យថាគាត់ឈឺចាប់ខ្លាំងមែនទែន។ គាត់ប្រហែលជាមិនអាចទទួលយកបានហើយមើលទៅ បានគាត់សម្រក់ទឹកភ្នែកមិននិយាយ»។
បើតាម អ្នកស្រី អ៊ុក ចន្ធី ស្វាមីរបស់អ្នកស្រីគឺ លោក យឹម សារ៉េត អាយុ៥៥ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃ២៧ ខែមីនា ឆ្នាំ២០២០។
អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុងទាំងអស់នេះ ក៏ធ្លាប់ប្តឹងទាស់ដើម្បីសុំនៅក្រៅឃុំផងដែរ ប៉ុន្តែតុលាការកំពូល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដោយបញ្ជាឱ្យនាំខ្លួនទៅឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំបន្តទៀត រហូតដល់គ្រប់រយៈពេលកំណត់។
សកម្មជនទាំងនោះត្រូវបានតុលាការចោទពីបទ«រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ការចូលរួមក្នុងចលនាសង្គ្រោះជាតិ និងពាក់ព័ន្ធនឹងការគាំទ្រផែនការមាតុភូមិនិវត្តន៍មិនបានសម្រេចរបស់ លោក សម រង្ស៊ី។ ពួកគេត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ៥ឆ្នាំ តែត្រូវជាប់ទោសតែ ៣ឆ្នាំនិង៨ខែ។ ទោសសល់ពីនោះ ត្រូវព្យួរ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ជំរុញឱ្យសាច់ញាតិអ្នកជាប់ពន្ធនាគារទាំងអស់នោះ ដាក់លិខិតទៅក្រសួងមហាផ្ទៃ និងសាលាដំបូងខេត្តនីមួយៗនៃពន្ធនាគារ ប្រសិនបើរកឃើញថាអ្នកជាប់ឃុំពិតជាមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងចង់ទៅព្យាបាលនៅក្រៅឃុំ។ លោកថា ប្រធានមណ្ឌលឃុំឃាំងតែងតែបញ្ជាក់ថាអ្នកទោសមិនមានបញ្ហាសុខភាពអ្វី ដូចក្រុមគ្រួសារលើកឡើងនោះទេ។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «គេ[ពេទ្យនៅពន្ធនាគារ]ថាបើវាធ្ងន់ធ្ងរមែនគេមិនទុកទេ គឺគេនាំសុំគេសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីយកទៅព្យាបាលនៅខាងក្រៅហើយ។ អ៊ីចឹងបើសិនជាអាច អាចដាក់លិខិតទៅសាលាដំបូងខេត្តត្បូងឃ្មុំ ទៅឯកឧត្តមព្រះរាជអាជ្ញាទៅ ដើម្បីប្រាប់ថាគាត់មានបញ្ហាសុខភាព និងយើងចង់ធ្វើអីៗ យើងដាក់លិខិតអ៊ីចឹងទៅណាស់។ មួយទៀតដាក់លិខិតមកក្រសួងមហាផ្ទៃមកគោរពជូនសម្តេចក្រឡាហោម»។
លោក អំ សំអាត នាយកឃ្លាំមើលកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លើកឡើងថា មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា ជាពិសេសរឿងទទួលបានសេវាសុខភាព បើទោះបីជាជនជាប់ឃុំក៏ដោយ។ លោកបន្តថា មន្ត្រីពន្ធនាគារគួរតែវាយតម្លៃសុខភាពឱ្យបានត្រឹមត្រូវ ព្រោះបញ្ហានេះ ជារឿងអាយុជីវិតរបស់មនុស្សម្នាក់ៗ។
លោកប្រាប់វីអូអេថា៖ «បើសិនគាត់[អ្នកជាប់ពន្ធនាគារ]មានជំងឺចាំបាច់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ហើយខកខានមិនបានបញ្ជូន អាហ្នឹងវាគឺជារឿងប៉ះពាល់ គឺជាការរំលោភសិទ្ធិទៅលើគាត់ដែលទទួលបានសេវាសុខភាព»។
លោកបន្ថែមទៀតថា អ្នកជាប់ទោសក្នុងពន្ធនាគារមានសិទ្ធិប្តឹងបាន នៅពេលមានការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង ការបំភិតបំភ័យ និងរងនូវអំពើហិង្សាណាមួយ មកលើរូបខ្លួន ព្រោះនេះគឺជាការរំលោភសិទ្ធិ ហើយក៏ជារឿងខុសច្បាប់ផងដែរ៕