បេកសជន​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដែល​ដួល​រលំ ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ​ស៊ើប​អង្កេត​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​ពួក​តាលីបង់

រូបឯកសារ៖ ឯក​អគ្គរដ្ឋទូត​អាហ្វហ្គានីស្ថាន​លោក​ Nasir Ahmad Andisha ថ្លែង​នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ពិសេស​របស់​ក្រុម​ប្រឹក្សា​ទទួល​សិទ្ធិ​មនុស្ស​អំពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ឯ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃទី២៤ ខែ​សីហា ឆ្នាំ២០២១។ (REUTERS/Denis Balibouse)

ឯកអគ្គរដ្ឋទូត​អាហ្វហ្គានីស្ថាន​ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ដែល​បាន​ដួលរលំ​កាលពី​ខែ​មុន បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ​ឲ្យ​អង្គការ​សហប្រជាជាតិចាប់ផ្តើម​ធ្វើការ​ស៊ើប អង្កេត​ជា​បន្ទាន់​នូវ​ការចោទប្រកាន់អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​ដោយ​ពួក​អាជ្ញាធរ​ថ្មី​របស់​ក្រុម​តាលីបង់។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ប្រទេសស្វីស​លោក Nasir Ahmad Andisha បាន​បញ្ជាក់​ថា អន្តរជាតិ​ចាំបាច់​ពិនិត្យ​ពិច័យ​ការចោទ​ប្រកាន់ទៅលើ​អំពើ​ហិង្សា​ចាប់តាំង​ពី​ក្រុម​តាលីបង់​បានដណ្តើម​គ្រប់​គ្រងអំណាច​កាល​ពី​ថ្ងៃ​ទី១៥ ខែ​សីហា​មក ជា​ពិសេស​ទាក់​ទងនឹង​សិទ្ធិ​ស្ត្រី​និងក្មេង​ស្រី។

លោក Andisha និយាយ​ទៀត​ថា «សព្វ​ថ្ងៃ​នេះ​ ពិភព​លោក​មិន​អាច​និង​មិន​គួរ​រក្សា​ការស្ងប់ ស្ងៀម​ នៅពេល​ដែល​មនុស្ស​រាប់​លាន​នាក់​ភ័យខ្លាច​ចំពោះ​អាយុ​ជីវិតនិង​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ ហើយ​វិបត្តិ​មនុស្សធម៌​កំពុង​រីក​កាន់​តែ​ធំ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាននោះ»។

លោក​បាន​ជំរុញ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ«បញ្ជូន​បេសកកម្ម​ស្វែង​រក​ការណ៍ពិត​ជា​បន្ទាន់​ដើម្បី​ស៊ើបអង្កេតនិង​ប្រមូល​ចងក្រង​ការរំលោភ​សិទ្ធិ​មនុស្ស» ទាំង​នៅ​ក្នុង​តំបន់ Panjshir Valley ដែល​ជា​កន្លែង​តស៊ូ​ដ៏​តូច​ចុង​ក្រោយ​ប្រឆាំង​នឹង​ការ​កាន់កាប់​ដ៏​ឆាប់​រហ័ស​របស់​ក្រុម​តាលីបង់​នៅ​ពេល​ដែល​កងទ័ព​សហរដ្ឋ​អាមេរិក​ដក​ចេញនោះ​។

លោក Andisha ដែល​ត្រូវ​បាន​តែងតាំង​ដោយ​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី Ashraf Ghani នៅតែ​ជា​តំណាង​របស់​អាហ្វហ្គានីស្ថាន​នៅ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ​ពីព្រោះ​ពួក​អាជ្ញាធរ​ថ្មី​មិន​ទាន់​បាន​ស្នើ​ធ្វើការ​ផ្លាស់ប្តូរ​លោកនៅ​ឡើយ​ទេ។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លោក​ស្រី Michelle Bachelete និង​សហភាព​អឺរ៉ុប ក៏​បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​នេះ បង្កើត​យន្តការ​មួយ​ដើម្បី​ឃ្លាំមើល​និង​ប្រមូល​ចង ក្រង​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ផងដែរ៕