នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook ធ្វើ​សក្ខីកម្ម​នៅ​មុខ​គណៈកម្មាធិការ​សភា

លោក Mark Zuckerberg ថ្លែង​នៅ​លើ​ឆាក​ក្នុង​សន្និសីទ ​Facebook F8 ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ក្រុង San Jose សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។

នាយកប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg នឹង​ធ្វើ​សក្ខីកម្ម​នៅ​មុខ​គណៈកម្មាធិការ​សភា​អំពី​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​រឿង​ឯកជនភាព​ដែល​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ក្រុមហ៊ុន​បណ្តាញ​សង្គម​មួយ​នេះ។

គណៈកម្មាធិការ​សភា​ទទួល​បន្ទុក​ផ្នែក​ថាមពល​ និង​ពណិជ្ជកម្ម​ បាន​ប្រកាស​កាល​ពី​ថ្ងៃពុធ​ថា​ លោក Zuckerberg នឹង​ធ្វើ​សក្ខីកម្ម​នៅ​ថ្ងៃទី១១ខែមេសា​ខាង​មុខ​នេះ​ ដើម្បី​ផ្តល់​ចម្លើយ​ពាក់ព័ន្ធនឹង​ក្រុមហ៊ុន​ប្រឹក្សា​របស់​ចក្រភព​អង់គ្លេស​ឈ្មោះ Cambridge Analytica ដែល​បាន​ទទួល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ Facebook រាប់​លាន​នាក់​ ដែល​អាច​ឲ្យ​គេ​យក​ទៅ​ប្រើប្រាស់​ដើម្បី​មាន​ឥទ្ធិពល​លើ​អ្នកបោះឆ្នោត​នៅក្នុង​សហរដ្ឋ​អាមេរិក។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៦​របស់​លោក​ប្រធានាធិបតី Donald Trump បាន​ជួល​ក្រុមហ៊ុន​នេះ​ក្នុង​តម្លៃ​ទឹកប្រាក់​ជិត​៦លាន​ដុល្លារ។ លោក Greg Walden ប្រធាន​គណៈកម្មាធិការ​ និង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោក Frank Pallone បាន​និយាយ​ថា​សវនាការ​នេះ​សង្ឃឹម​ថា​នឹង​ជួយ​ពន្យល់​ពី​បញ្ហា​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់​បណ្តាញសង្គម Facebook​ ក៏​ដូចជា​ជួយ​ដល់​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ទៅ​លើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួកគេ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ»។

ការ​ប្រកាស​ធ្វើ​សក្ខីកម្ម​របស់​លោក Zuckerberg នេះ​កើត​ឡើង​បន្ទាប់​ពី​បុគ្គលិក​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Facebookមិន​បាន​ឆ្លើយ​នឹង​សំណួរ​នៅ​អំឡុង​ពេល​កិច្ចប្រជុំ​ឯកជន​មួយ​ជាមួយ​បុគ្គលិក​សភា​អំពី​ការ​ប្រើប្រាស់​និង​ការ​ការពារ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គមFacebook ដោយ​ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន​បង្កើត​កម្មវិធី Softwareផ្សេង​ទៀត​ដែល​ជា​ភាគី​ទី​បី​នោះ៕