ក្រុមហ៊ុន Facebook បានរាំងខ្ទប់គណនីហ្វេសប៊ុករបស់ពលរដ្ឋអូស្ត្រាលី មិនឲ្យពួកគេអាចមើល ឬចែកចាយខ្លឹមសារព័ត៌មានទាំងអស់ ដោយសារក្រុមហ៊ុននេះ កំពុងមានជម្លោះជាមួយរដ្ឋាភិបាលអូស្ត្រាលីដែលស្នើឲ្យមហាក្រុមហ៊ុនឌីជីថលនោះ បង់ប្រាក់ឲ្យស្ថាប័នព័ត៌មានក្នុងស្រុកចំពោះខ្លឹមសារព័ត៌មានដែលពួកគេបានផលិត។
ចំណាត់ការនៅថ្ងៃព្រហស្បតិ៍នេះ ដោយក្រុមហ៊ុនបណ្តាញសង្គមអាមេរិកនេះ បានធ្វើឡើងថ្វីបើការចរចាកំពុងមានជាបន្តរវាងក្រុមហ៊ុន Facebook និងគូប្រជែង គឺក្រុមហ៊ុន Google ជាមួយក្រុមហ៊ុនបណ្តាញព័ត៌មានអូស្ត្រាលី។ ស្ថាប័នព័ត៌មានទាំងនេះ បានឃើញប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួនត្រូវបានប្រមូលដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google និង Facebook ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោក Will Easton នាយកប្រចាំតំបន់របស់ក្រុមហ៊ុន Facebook បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ច្បាប់ដែលស្នើឡើងនោះ បានធ្វើឲ្យក្រុមហ៊ុន Facebook ប្រឈមនូវជម្រើស២គឺ «ការប៉ុនប៉ងអនុវត្តទៅតាមច្បាប់ដែលមិនអើពើពីភាពជាក់ស្តែងនៃទំនាក់ទំនង[វិស័យចែកចាយព័ត៌មាន] នេះ ឬត្រូវបញ្ឈប់លែងឲ្យខ្លឹមសារព័ត៌មាននៅលើសេវាកម្មរបស់យើងនៅក្នុងប្រទេសអូស្ត្រាលី។ យើងគ្មានជម្រើសហើយត្រូវសម្រេចយកជម្រើសទី២»។
ប៉ុន្តែទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ចំណាត់ការដ៏លឿនរបស់ Facebook នេះ ត្រូវបានរិះគន់ភ្លាមៗដោយអ្នកផលិតព័ត៌មាន អ្នកនយោបាយ និងអ្នកការពារសិទ្ធិមនុស្ស នៅពេលគេបានឃើញថា ព្រមជាមួយនឹងទំព័រព័ត៌មាន សូម្បីទំព័រ Facebook របស់ស្ថាប័នសុខភាពផ្លូវការ និងសេវាកម្មសង្គ្រោះបន្ទាន់ជាច្រើន ក៏ត្រូវបានបិទខ្ទប់នៅលើ Facebook ដែរ រួមមានគេហទំព័រដែលចែកចាយព័ត៌មានថ្មីអំពីជំងឺកូវីដ១៩ អគ្គីភ័យ និងគ្រោះមហន្តរាយធម្មជាតិ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានសរសេរនៅលើទំព័រ Facebook របស់លោក ដោយរិះគន់នូវអ្វីដែលលោកថា សកម្មភាព Facebook «unfriend» អូស្ត្រាលី ថាជាឫកពារមិនល្អនិងគួរឱ្យខកចិត្តដោយលោកនិយាយថា៖ «សកម្មភាពទាំងនេះ នឹងកាន់តែបញ្ជាក់ពីការបារម្ភរបស់ប្រទេសកាន់តែច្រើន ដែលថាសកម្មភាពរបស់មហាក្រុមហ៊ុនបច្ចេកវិទ្យា Big Tech ដែលគិតថា ខ្លួនធំជាងរដ្ឋាភិបាលនានា ហើយច្បាប់ទាំងឡាយមិនអនុវត្តចំពោះពួកគេទេ»។
លោក Josh Frydenberg រដ្ឋមន្ត្រីសេដ្ឋកិច្ចអូស្ត្រាលីបានសរសេរតាមTwitter នៅថ្ងៃព្រហស្បតិ៍នេះថា លោកនិងប្រធានក្រុមហ៊ុន Facebook លោក Mark Zuckerberg បានពិភាក្សាប្រកបដោយផ្លែផ្កាអំពីបញ្ហានេះ៕