ប្រធាននិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Exxon Mobile លោក Rex Tillerson បានផុសឡើងជាជម្រើសកំពូលរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ក្នុងការតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នេះបើយោងតាមមន្ត្រីពីររូបរបស់ក្រុមរៀបចំការផ្ទេរតំណែងរបស់លោក។
លោក Tillerson បានក្លាយជាគូប្រជែងក្នុងការដណ្តើមតំណែងជាមន្ត្រីការបរទេសកំពូល ជាមួយលោក Mitt Romney ដែលធ្លាប់ជាអតីតអ្នករិះគន់លោក Trump និងធ្លាប់ជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋកាលពីឆ្នាំ២០១២។ អតីតអភិបាលក្រុង New York លោក Rudolph Giuliani ក៍ធ្លាប់ស្ថិតក្នុងតារាងជម្រើសរបស់លោក Trump មុននឹងលោកដកឈ្មោះរបស់លោកចេញកាលពីថ្ងៃសុក្រ ដោយលើកឡើងថាលោកគ្រោងនឹងត្រឡប់ទៅបម្រើការឲ្យវិស័យឯកជនវិញ។
លោក Tillerson នាយកប្រតិបត្តិនៃក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈធំបំផុតមួយនៅក្នុងពិភពលោកនេះ មានបទពិសោធន៍ពាណិជ្ជកម្មអន្តរជាតិយ៉ាងទូលំទូលាយ រួមទាំងការដោះស្រាយបញ្ហាជាមួយនឹងរុស្ស៊ីផងដែរ។ ការជាប់ពាក់ព័ន្ធរបស់លោក Tillerson ជាមួយនឹងរុស្ស៊ី រួមទាំងទំនាក់ទំនងឯកជនរវាងលោកនិងលោកប្រធានាធិបតី Vladimir Putin អាចនឹងតម្រូវឲ្យមានការពិនិត្យពិច័យយ៉ាងដិតដល់ក្នុងអំឡុងពេលដែលព្រឹទ្ធសភាត្រូវអនុម័តថានឹងអនុញ្ញាតឲ្យតែងតាំងលោក Tillerson ឬយ៉ាងណា ដោយសារតែរុស្ស៊ីបានប៉ុនប៉ងជះឥទ្ធិពលទៅលើលទ្ធផលឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាកន្លងទៅនេះ៕