ការ​បំផ្ទុះ​មួយ​បន្ទាប់​ពី​ការ​ប្រគុំ​តន្ត្រី Ariana Grande នៅ​អង់គ្លេស​សម្លាប់​មនុស្ស​២២នាក់

ប៉ូលិស​បិទ​ផ្លូវ​មួយ​នៅ​ក្បែរ​រង្គភូមិ Manchester Arena នៅ​ក្នុង​ក្រុង Manchester ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។

ពួក​ប៉ូលិស​អង់គ្លេស​បាន​និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​២២​នាក់​បាន​ស្លាប់​ ហើយ​៥៩​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ផ្ទុះ​មួយ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​នៅ​ខាង​ក្រៅកន្លែង​ប្រគុំ​តន្ត្រី​មួយ​ក្នុង​ក្រុង Manchester ប្រទេស​អង់គ្លេស។​

លោក Ian Hopkins ប្រធាន​ប៉ូលិស​នៃ​តំបន់ Greater Manchester បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា «យើង​ចាត់​ទុក​ហេតុការណ៍​នេះ​ថា​ជា​ឧប្បត្តិហេតុ​ភេរវកម្​មមួយ ហើយ​នៅ​ក្នុង​ដំណាក់កាល​នេះ​យើង​មាន​ជំនឿ​ថា​ការ​វាយ​ប្រហារ​កាលពី​យប់មិញ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​បុរស​ម្នាក់»។

លោក Hopkins បាន​ថ្លែង​ថា ​ពួក​អ្នក​ស៊ើបអង្កេត​មាន​ជំនឿ​ថា​អ្នក​វាយ​ប្រហារ​មាន​គ្រឿង​ផ្ទុះ​ដែល​គាត់​បាន​បំផ្ទុះ​ហើយ​ថា​គាត់​បាន​ងាប់​នៅ​នឹង​កន្លែង។​

លោក Hopkins បាន​និយាយ​ថា​ពួក​ប៉ូលិស​កំពុង​ធ្វើ​ការ​ជាមួយ​ពួក​មន្ត្រី​ខាង​ផ្នែក​ប្រឆាំង​នឹង​ភេរវកម្ម​ជាតិ ​និង​ពួក​មន្ត្រី​ខាង​ការ​ស៊ើបការណ៍​សម្ងាត់​ដើម្បី​ឱ្យ​បាន​ដឹង​សេចក្តី​ល្អិតល្អន់​ថែម​ទៀត​អំពី​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នេះ​ដោយ​មាន​អាទិភាព​ផ្តោត​លើ​ការ​រក​ឱ្យ​ឃើញ​ថា​តើ​អ្នកវាយ​ប្រហារ​នេះ​ប្រព្រឹត្ត​សកម្មភាព​នេះ​តែ​ឯកឯង​ ឬ​ជា​ផ្នែក​នៃ​បណ្តាញ​មួយ។​

ការ​ផ្ទុះ​នេះ​បាន​កើត​មាន​ឡើង​នៅ​កន្លែង​ទទួល​ភ្ញៀវ​នៃ​រង្គភូមិ Manchester ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Manchester Arena មាន​២ម៉ឺន​១ពាន់​កៅអី​នៅ​ទី​បញ្ចប់​នៃ​ការ​ប្រគុំ​តន្ត្រី​ដោយ​អ្នកស្រី​ Ariana Grande ដែល​ជា​តារា​ចម្រៀង​ប៉ុប​អាមេរិកាំង។​

អ្នកស្រី​ Grande បាន​សរសេរ​តាម​ Twitter នៅ​ក្រោយ​ការ​ផ្ទុះ​គ្រាប់បែក​នេះ​ថា​ «ខ្ញុំ​មាន​ការ​សោក​សង្រេង។​ ខ្ញុំ​មាន​ការ​សោកសៅ​ណាស់​ពី​បេះដូង​ខ្ញុំ។​ ខ្ញុំ​គ្មាន​ពាក្យ​អ្វី​នឹង​ពណ៌នា​ទៀត​ទេ»។

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អង់គ្លេស​ Amber Rudd បាន​និយាយ​ថា​ «នេះ​ជា​ការ​វាយ​ប្រហារ​ព្រៃ​ផ្សៃ​មួយ​ដោយ​យក​មនុស្ស​ខ្លះ​ដែល​អាច​រង​គ្រោះ​ដោយ​ងាយ​នៅ​ក្នុង​សង្គម​យើង​ធ្វើ​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​ដោយ​ចេតនា​គឺ​ពួក​យុវជន និង​ក្រុម​កុមារ​ដែល​ទៅ​មើល​ការ​ប្រគុំ​តន្ត្រី»។​

លោកស្រី​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ Theresa May បាន​មាន​ប្រសាសន៍​ថា​លោកស្រី​បាន​គិត​ដល់​ពួក​ជន​រង​គ្រោះ​នៃ​អ្វី​ដែល​លោកស្រី​បាន​ហៅ​ថា​ជា «ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​រន្ធត់»។ ​លោកស្រី​ May និង​លោក Jeremy Corbyn មេដឹកនាំ​នៃ​គណបក្ស​ការងារ​ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​យល់​ស្រប​គ្នា​ផ្អាក​ការ​ឃោសនា​បោះឆ្នោត​នៅ​មុន​ការ​បោះឆ្នោត​ក្នុង​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​ទី​៨ ​ខែ​មិថុនា៕