ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលមានឈ្មោះថា The Group of Eminent Experts on Yemen បានស្តីបន្ទោសភាគីក្នុងសង្គ្រាមទាំងអស់លើវិបត្តិមនុស្សធម៌ដ៏មហន្តរាយ ដែលបានបង្កឱ្យជនស៊ីវិលរាប់លាននាក់រងទុក្ខវេទនាឥតប៉ាន់ប្រមាណបានក្នុងរយៈពេលជាង៤ឆ្នាំនៃសង្គ្រាមស៊ីវិល។ ក្រុមអ្នកជំនាញទាំងនេះបានធ្វើបទបង្ហាញលើរបាយការណ៍ចុងក្រោយរបស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវ។
ក្រុមអ្នកជំនាញដដែលនេះ និយាយថា គ្មានភាគីណាមួយល្អទេក្នុងសង្គ្រាមនេះ។ ភាគីទាំងអស់សុទ្ធតែអាក្រក់។ ក្រុមអ្នកជំនាញ បន្តថា រដ្ឋាភិបាលយេម៉ែនក្តី និងសម្ព័ន្ធមិត្តខ្លួនក្តី រួមមាន ប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ និងក្រុមប្រដាប់អាវុធដែលជាប់ពាក់ព័ន្ធភាគីទាំងនោះក្តី សុទ្ធតែជាអ្នកទទួលខុសត្រូវលើសោកនាដកម្ម និងគ្រោះមហន្តរាយដែលបន្តរីករាល ដាលក្នុងប្រទេសនេះ។
ប្រធានក្រុមអ្នកជំនាញនេះ លោក Kamel Jendoubi បាននិយាយថា វិបត្តិមនុស្សធម៌ក្នុងប្រទេសយេម៉ែនដែលបង្កឡើងដោយការបាត់បង់ជីវិតមនុស្សស្លូតត្រង់ជារៀងរាល់ថ្ងៃនេះ អាចបញ្ចៀសបានទាំងស្រុង។ លោកបានដាក់ការស្តីបន្ទោសទាំងស្រុងលើភាគីទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងជម្លោះនេះ។ នេះបើយោងតាមខ្លឹមសារតាមរយៈអ្នកបកប្រែ។
លោក Jendoubi បាននិយាយថា៖
«គ្មានហេតុផលណាដែលបណ្តោយឱ្យទុក្ខវេទនារបស់ប្រជាពលរដ្ឋយេម៉ែនបន្តបែបនេះឡើយ។ ខ្ញុំទទូចឱ្យសហគមន៍អន្តរជាតិប្រកាន់ជំហរជួយប្រជាពលរដ្ឋយេម៉ែន។ ពួកគេមិនសមនឹងរស់នៅក្នុងពិភពលោកមួយដែលសិទ្ធិមនុស្សជាមូលដ្ឋានត្រូវបានគេរំលោភបំពានជាប្រចាំបែបនេះឡើយ។ គ្មានលេសណាដែលបណ្តោយឱ្យការកាប់សម្លាប់ការធ្វើទុក្ខបុកម្នេញ និងការរំលោភបំពានបន្តទៀតឡើយ។ ហើយក៏គ្មានហេតុផលណាទៅដកហូតសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេរីភាពនៃជំនឿសាសនា និងការបញ្ចេញមតិដោយគ្មានការគាបសង្កត់ និងតាមឃ្លាំមើលឡើយ»។
កម្រងឯកសាររបាយការណ៍ដ៏តក់ស្លុតនិងក្តុកក្តួលរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស បានរៀបរាប់លម្អិតពីការវាយប្រហារតាមអាកាស និងតាមផ្លូវគោកទៅលើមន្ទីរពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានាជាច្រើន។ របាយការណ៍ដដែល ក៏បានបញ្ជាក់ពីការបាត់បង់ជីវិត និងការរងគ្រោះនានាផងដែរ និងរៀបរាប់ពីការរំលោភសិទ្ធិមនុស្សគ្រប់ទីកន្លែង ការរំលោភបំពាន ការចាប់ឃុំឃាំងមនុស្សតាមអំពើចិត្ត និងការបង្អត់អាហារជនស៊ីវិល ដើម្បីធ្វើជាអាវុធយុទ្ធសាស្រ្តសម្រាប់ធ្វើសង្គ្រាម។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សដដែលនេះ បានរាយការណ៍ថា សកម្មភាពបែបនេះ នឹងអាចរាប់ចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាមបាន។ ក្រុមអ្នកជំនាញនេះ បាននិយាយទៀតថា ជនល្មើសទាំងនោះត្រូវតែផ្តន្ទាទោស និងយកមកកាត់ក្តីនៅតុលាការ។
លោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក៏យល់ស្របនឹងការវាយតម្លៃនេះដែរ។
លោកស្រី បាននិយាយថា៖
«ប្រជាពលរដ្ឋយេម៉ែន កំពុងរស់នៅក្នុងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ គ្រប់ស្ថានភាពទុក្ខវេទនា និងការឈឺចាប់ដែលនឹកស្មានមិនដល់ កើតមានក្នុងជម្លោះនេះ តួយ៉ាង សង្គ្រាម ជំងឺ គ្រោះទុរ្ភិក្ស ការដួលរលំសេដ្ឋកិច្ច ភេរវកម្មអន្តរជាតិ ការរំលោភសិទ្ធិមនុស្សពេញផ្ទៃប្រទេស និងអំពើឧក្រិដ្ឋកម្មសង្គ្រាមនានា»។
លោកស្រី Bachelet បាននិយាយថា ចំនួនជនស៊ីវិលដែលបាត់បង់ជីវិតនៅបន្តកើនឡើង។ លោកស្រី បានបន្តថា ប្រជាពលរដ្ឋភាគច្រើនស្លាប់ដោយសារការវាយប្រហារតាមអាកាសពីក្រុមសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ របាយការណ៍ចុងក្រោយបំផុត បញ្ជាក់ថាចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥មក ចំនួនជនស៊ីវិលបាត់បង់ជីវិតមានជាង៧.៥០០នាក់។ ក្នុងនោះ ជនរងគ្រោះជាកុមារស្មើនឹងជាងមួយភាគបួននៃចំនួនអ្នកបាត់បង់ជីវិត។
ក្នុងប្រយោគខ្លីៗ និងច្បាស់ៗ អ្នកតំណាងឱ្យរដ្ឋាភិបាលយេម៉ែនទាត់ចោលរបាយការណ៍របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស និងបានចាត់ទុកថារបាយការណ៍នេះមានលក្ខណៈនយោបាយ៕
ប្រែសម្រួលដោយ កោះ សុគន្ធី