អ្នកជំនាញសុខភាពសាធារណៈស្នើឲ្យពលរដ្ឋបន្តមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ខណៈក្រសួងសុខាភិបាលកម្ពុជាបានប្រកាសតួលេខករណីឆ្លងជំងឺកូវីដ១៩ ធ្លាក់ចុះទាបជាង ៣០០ ករណីក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី៣០ កញ្ញាមក។
ប្រទេសកម្ពុជាបានឃើញករណីឆ្លងជំងឺកូវីដ១៩ធ្លាក់ចុះខ្លាំងជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានចេញបញ្ជាតាមខ្សែអាត់សំឡេងមួយ ឲ្យកាត់បន្ថយការធ្វើតេស្តរហ័ស (Rapid Testing) កាលពីដើមខែតុលានេះ។
លោក អ៊ូច វុឌ្ឍី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាបាន អំពាវនាវឲ្យមានការផ្សព្វផ្សាយទូលំទូលាយដល់ពលរដ្ឋពាក់ព័ន្ធនឹងការថយចុះចំនួនករណីឆ្លង និងការបន្តរំឭកពលរដ្ឋកុំឲ្យមានការធ្វេសប្រហែសនឹងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរមួយនេះ។
លោកប្រាប់វីអូអេថា៖ «តាមដែលយើងជាគ្រូពេទ្យ ហើយតាមយោបល់ខ្ញុំ គូរណាតែយើងផ្តល់យោបល់ឲ្យ យើងទូន្មានឲ្យប្រជាពលរដ្ឋយើងដែលមានកម្រិតហ្នឹងឲ្យលោកបានដឹងទាំងអស់គ្នា ឲ្យចេះការពារ ចេះប្រុងប្រយ័ត្នខ្លួន។ កុំអាងថា កូវីដធ្លាក់ចុះ ដោយសារ PCR (ម៉ាស៊ីនតេស្តធំ) មើលទៅឃើញតិច ហើយព្រលែងខ្លួនចោល អាហ្នឹងវាហានិភ័យដល់ខ្លួនយើង»។
អ្នកជំនាញសុខាភិបាលរូបនេះ ក៏បានស្នើឲ្យមានការបន្តការធ្វើតេស្តរហ័សពីសំណាក់គ្រូពេទ្យជំនាញ ឬអ្នកដែលទទួលបានការបង្ហាត់បង្រៀនច្បាស់លាស់ផងដែរ បើទោះបីការធ្វើតេស្តរហ័សមិនត្រូវបានធ្វើទូលំទូលាយដូចមុនក៏ដោយ។
គិតត្រឹមថ្ងៃទី០៤ ខែតុលា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២២៨ ករណី ករណីស្លាប់ ថ្មី ចំនួន ១២ ដែលនាំឲ្យករណីស្លាប់សរុបកើនដល់ ២.៤១៨ករណី និងករណីជាសះស្បើយថ្មីចំនួន ៤៨៥។ ការណ៍នេះធ្វើឲ្យករណីជាសះស្បើយសរុបកើនដល់ជាង១សែន៥ពាន់ករណី។ នេះបើយោងតាមសេចក្តីជូនព័ត៌មានពីស្ថានភាពជំងឺកូវីដ១៩ ចុងក្រោយបង្អស់របស់ក្រសួងសុខាភិបាល។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង បានលើកឡើងថា ខណៈអាជ្ញាធរនៅបន្តពង្រឹងការពារដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ចំនួនតួលេខផ្លូវការដែលឃើញថា មានការធ្លាក់ចុះ អាចធ្វើឲ្យពលរដ្ឋមួយចំនួនមើលស្រាលការឆ្លងជំងឺកូវីដ១៩។
លោកបានថ្លែងថា៖ «ការបង្ហាញអំពីតួលេខតិចនេះធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ដែលគាត់មិនបានស្វែងយល់ពីស្ថានភាពឲ្យបានទូលំទូលាយ អាចលែងព្រួយបារម្ភ។ គាត់គិតថា លែងមាន ឬចំនួនការឆ្លងអាចថយអញ្ចឹងបាទ។ នេះជារឿងមួយសំខាន់»។
ស្របពេលជាមួយគ្នានេះដែរ លោក យង់ គិមអេង ក៏បានអំពាវនាវឲ្យពលរដ្ឋបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ និងគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីការពារពីការឆ្លងរាលដាលបន្ថែមជាថ្មីទៀតនៃជំងឺកូវីដ១៩ ផងដែរ។
នៅក្នុងសារសំឡេងដែលបានបែកធ្លាយ និងត្រូវបានចែករំលែកតាមប្រព័ន្ធបណ្តាញសង្គម កាលពីពេលកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្អាកការធ្វើតេស្តរហ័សនៅគ្រប់ខេត្តទាំងអស់ ដោយថាការធ្វើតេស្តបែបនេះ នឹងអាចធ្វើបានតែនៅកន្លែងកំណត់ជាក់លាក់តែប៉ុណ្ណោះ ផ្ទុយពីការធ្វើជាលក្ខណៈទូលំទូលាយដូចកាលពីគ្រាមុននោះ។
លោក ហ៊ុន សែន បានលើកឡើងថា ការសម្រេចរបស់លោកយ៉ាងដូច្នេះ គឺជាផ្នែកមួយនៃ «របៀបរស់នៅជាមួយជំងឺកូវីដ១៩» និង«ដំណើរការបើកប្រទេសឡើងវិញ»។
បន្ទាប់ពីមានការប្រកាសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យផ្អាកការធ្វើតេស្តរហ័សនៅតាមទីកន្លែងមិនរៀបរយនោះ ក្រសួងសុខាភិបាលបានដាក់ចេញចំនួនករណីឆ្លងថ្មី ដោយមានការបញ្ជាក់នៅផ្នែកខាងក្រោមតួលេខថា «លទ្ធផលបញ្ជាក់ដោយ (PCR)»ដែលជាម៉ាស៊ីនធ្វើតេស្តធំ។
ចំនួនករណីឆ្លងជំងឺកូវីដ ១៩ ត្រូវបានក្រសួងសុខាភិបាលរាយការណ៍ប្រចាំថ្ងៃថា បានធ្លាក់ចុះយ៉ាងគំហុកពីចំនួនជិត ១០០០ករណី ក្នុងមួយថ្ងៃមកត្រឹមក្រោម ៣០០ករណីក្នុងមួយថ្ងៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នារហូតមកទល់ពេលនេះ៕