អ្នកជំនាញ​សុំ​ឱ្យ​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​ប៉ារីស​ប្តេជ្ញា​ជួយ​កម្ពុជា​ឡើង​វិញ

Your browser doesn’t support HTML5

អ្នកជំនាញ​ស្នើ​ឱ្យ​ប្រទេស​ហត្ថលេខី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ប្តេជ្ញា​ជួយ​កម្ពុជា​ឡើង​វិញ

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៣​ខែ​តុលា​ឆ្នាំ​១៩៩១​ដោយ​ភាគី​ខ្មែរ​ចំនួន​៤​ដើម្បី​បញ្ចប់​ការច្បាំងគ្នា​ហើយ​មាន​ការចូលរួម​របស់​ប្រទេស​ចំនួន​១៨​ផ្សេង​ទៀត​​ក្នុង​នោះ​មាន​មហាអំណាច​ទាំង​៥​ផង​ដែរ។​

មន្ត្រី​សហរដ្ឋ​អាមេរិក​និង​អ្នក​ជំនាញ​ស្នើឡើង​ថា​សហគមន៍​អន្តរជាតិ​ត្រូវតែ​ងាក​មក​ជួយ​បញ្ចប់​ការងារ​នៅ​សេសសល់​ដែល​មិនទាន់​សម្រេច​បាន​តាម​ស្មារតី​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា​ជាពិសេស​ត្រូវ​យក​ចិត្ត​ទុកដាក់​នៅក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ។​

ការជួបជុំ​ដែល​រៀបចំ​ឡើង​ដោយ​កម្រ​នៅ​ឯវិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព​កាលពីថ្ងៃ​ព្រហស្បតិ៍ទី ១៥ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​ផ្តល់​ឱកាស​ឱ្យ​អ្នកជំនាញ​មក​ពី​ប្រទេស​កម្ពុជា​និង​សហរដ្ឋអាមេរិក​ដែល​បាន​ចូលរួម​ពាក់​ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក​ជជែក​ពិនិត្យ​ឡើង​វិញ​នូវ​ការអនុវត្ត​ក្នុង​រយៈ​ពេល​២៥ឆ្នាំ​មក​នេះ។

ក្នុង​ចំណោម​នេះ​មាន​លោក​ម៉ាក ស្តូរីឡា​ឧបការីរង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​និង​ជា​អ្នក​ដែល​បាន​ចូលរួម​ចរចា​បង្កើត​កិច្ច​ព្រមព្រៀង​នេះ។ លោក​ស្នើ​ឱ្យ​ប្រទេស​នានា​នៅ​បន្តជួយ​ដល់​កម្ពុជា៖

«កិច្ចព្រមព្រៀង​សន្តិភាព​នេះ​មាន​ពេល​ចាប់ផ្តើម​គឺ​ថ្ងៃ​ដែល​ចូល​ជា​ធរមាន។ ប៉ុន្តែ​មិនមាន​កាលបរិច្ឆេទ​បញ្ចប់​ទេ។ កិច្ចព្រមព្រៀង​នេះ​នៅតែ​មាន​សុពលភាព ​ហើយ​ការប្តេជ្ញាចិត្ត​របស់​ភាគី​នានា​ដែល​មាន​នៅក្នុង​កិច្ចព្រមព្រៀង​នោះ​នៅតែ​ត្រូវ​អនុវត្ត​តាម​ក្នុង​នោះ​មាន​កម្ពុជា​និង​សហគមន៍​អន្តរជាតិ....សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ​មិនគួរ​ងាក​ភ្នែក​ចេញ​ពី​កម្ពុជា​ទេ។ យើង​គួរតែ​បន្ត​ធ្វើ​ការ​លើ​បញ្ហា​នេះ​ដោយសារ​តែ​ការងារ​នេះ​នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ‍»។ ​

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៣​ខែ​តុលា​ឆ្នាំ​១៩៩១​ដោយ​ភាគី​ខ្មែរ​ចំនួន​៤​ដើម្បី​បញ្ចប់​ការច្បាំងគ្នា​ហើយ​មាន​ការចូលរួម​របស់​ប្រទេស​ចំនួន​១៨​ផ្សេង​ទៀតក្នុង​នោះ​មាន​មហាអំណាច​ទាំង​៥​ផង​ដែរ។​

២៥ឆ្នាំ​ក្រោយ​មក​កម្ពុជា​ប្រឈម​នឹងការរួម​តូច​នៃ​លំហរ​នយោបាយ​និង​សេរីភាព​ដោយ​មាន​ការធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​ផ្នែក​នយោបាយ។ ហើយ​កាន់​តែ​អាក្រក់​ជាងគេ​បំផុត​គឺ​ការ​ចាប់​អ្នក​ការពារសិទ្ធិ​មនុស្ស​ដាក់​ពន្ធនាគារ។

លោក ធន សារាយ​ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ដែល​មាន​បុគ្គលិ​ក​បួន​នាក់​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​បាន​ការពារ​ជនរងគ្រោះម្នាក់​បានប្រាប់​ដល់​អង្គប្រជុំ​ថា៖ ​

«សម្រាប់​ឆ្នាំ​នេះ​ខ្ញុំ​ចាត់​ទុក​ថា​គឺជា​ឆ្នាំ​ដែល​អាក្រក់​ជាងគេ​បំផុត​សម្រាប់​អង្គការ​របស់​យើង​ខ្ញុំ​ក្នុងរយៈ​ពេល​២៥ឆ្នាំ​ចុង​ក្រោយ​នេះ​ពីព្រោះ​ពីពេល​មុន​យើង​ទទួលរង​ការគំរាម​កំហែង​ដែរ។ ដូចជា​ខ្ញុំ​ទទួល​បាន​ការគំរាម​កំហែង​សម្លាប់​ក្នុង​ឆ្នាំ​២០១៣​តាម​សារអ៊ីមែល​ហើយ​សហការី​របស់​ខ្ញុំ​ក៏​ទទួល​រង​ការយាយី​ពី​តុលាការ​ដែរ​ប៉ុន្តែ​យើង​មិន​ដែល​មាន​អ្នកណា​ម្នាក់​ជាប់​ពន្ធនាគារ​ទេ។ ប៉ុន្តែ​ឆ្នាំ​នេះ​សហការី​របស់​ខ្ញុំ​បួន​នាក់​និង​អតីត​សហការី​ចំនួន​ម្នាក់​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​រហូត​ដល់​ពេល​នេះ​គឺ មាន​រយៈ​ពេល​៧ខែ​ហើយ‍»។​

បញ្ហា​ដទៃ​ទៀត​គឺ​ការរំលោភ​សិទ្ធិ​ពលរដ្ឋ​ក្រីក្រ​ដោយ​ការបណ្តេញ​ចេញពី​លំនៅ​ដា្ឋនហើយ លោក​ធន សារាយ ​យល់​ថាគេត្រូវ​តែ​បញ្ចុះ​បញ្ចូល​ឱ្យ​រដ្ឋាភិបាល​ដឹង​ថា​ការអភិវឌ្ឍន៍​ដោយ​គ្មាន​សិទ្ធិ​មនុស្ស​គឺ​មិនមែន​ជា​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទេ។

«ដំណើរការ​កិច្ចព្រមព្រៀង​សន្តិភាព​បាន​រៀបរាប់​យ៉ាងច្បាស់​ពី​ការភ្ជាប់​គ្នា​រវាង​ដំណើរការ​អភិវឌ្ឍន៍​ ដំណើរការ​ស្តារ​ឡើង​វិញ​ជាមួយ​នឹងការគោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។ បើ​គ្មាន​ចំណុច​នេះ​ទេ​ប្រទេស​កម្ពុជា​នឹង​ឈាន​ទៅ​ដល់​ស្ថានភាព​គ្រោះ​ថ្នាក់​ដែល​អាច​ត្រឡប់​ទៅ​រក​ទម្លាប់អាក្រក់​ក្នុង​អតីតកាល​ឡើង​វិញ​ដែល​នោះ​គឺ​ការប្រយុទ្ធគ្នា​ដើម្បី​អំណាច‍»។​

លោក​ប្រែដ អាដាម​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សយល់​ថា​សហគមន៍អន្តរជាតិ​គួរតែ​ចូលរួម​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​ឱ្យ​បានកាន់តែ​ខ្លាំង​គឺមិនមែន​ធ្វើ​តែ​សម្បក​ក្រៅ​ទេ។ ហើយ​ឱកាស​ដ៏ល្អ​គឺ​ការបោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៨។

លោក​បន្ថែម​ថា៖

«វា​ជា​ការល្អ​អស្ចារ្យ​បើ​មាន​ការរួមគ្នា​ក្នុង​ចំណោម​សហគមន៍​អ្នកផ្តល់​ជំនួយ​និង​ប្រទេស​មិត្តភក្តិ​របស់​កម្ពុជា​អំពី​អ្វី​ដែល​ពួកគេ​ចង់​បាន​នៅឆ្នាំ​២០១៨​ហើយ​ត្រូវ​បញ្ជាក់​ឱ្យ​ច្បាស់​ពី​បញ្ហា​ហ្នឹង​។ ឧទាហរណ៍​ថា​ត្រូវ​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ ​ការទទួល​បាន​ប្រព័ន្ធ​ឃោសនា​ស្មើគ្នា​ យន្តការ​ដោះស្រាយ​ពាក្យ​បណ្តឹង​។ល។និង។ល។ ​ហើយ​នៅពេល​ដែល​មាន​អ្វី​ដែល​ខុសឆ្គង​នឹង​មាន​ក្រុម​ទាក់ទង​កម្រិត​ខ្ពស់​ដែល​នឹង​ធ្វើ​អន្តរាគមន៍ ​និង​ដោះស្រាយបញ្ហា​នេះ​ដោយ​ចំហរ»។​

ការបោះឆ្នោត​ប្រកប​ដោយ​លទ្ធិប្រជាធិបតេយ្យ​លើកទីមួយ​ដែល​អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​ក្នុង​ឆ្នាំ​១៩៩៣​បាន​ជះគំរូ​អាក្រក់​ជារៀង​រហូត​មក​ដោយសារ​ភាគី​ចាញ់​មិនព្រម​ប្រគល់​អំណាច។

លោកសម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ក៏​បាន​ស្នើ​ឱ្យ​ប្រទេស​នានា​ជួយ​ធានា​ថា​គណបក្ស​ចាញ់​ឆ្នោត​ត្រូវ​គោរព​តាម​លទ្ធផល​ឆ្នោត​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ។​

លោក​បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ថា៖

«សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ត្រៀម​លក្ខណៈ​គឺ​ព្រមាន​ ព្រមាន​ទុកជាមុន​ថា​មិន​អាច​ធ្វើ​អីចឹង​កើត​ទេ​បើធ្វើ​អីចឹង​គឺ​មាន​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​គឺ​គេ​អត់​ទទួល​ស្គាល់​រដ្ឋាភិបាល​ណា​ដែល​ចេញ​មក​ពី​ការរំលោភ​លទ្ធផល​នៃ​ការបោះឆ្នោត។ បើ​គណបក្ស​ប្រជាជន​នៅតែ​ក្រាញ​អំណាច​ពេល​នោះ​គឺ​គេ​ដក​ការទទួលស្គាល់‍»។​

លោក​បន្ថែម​ថា​ស្ថានភាព​បច្ចុប្បន្ន​នេះ​គឺ​សហគមន៍​អន្តរជាតិ​មាន​ការ​គិតគូ​ដល់​ប្រទេស​កម្ពុជា​ច្រើន​ជាង​មុន។

«ឥឡូវ​នេះ​យើង​ឃើញ​ថា​សហគមន៍ ​អន្តរជាតិ​និយាយ​សំឡេង​តែ​មួយ។ កាលពីមុន​ឆ្នាំ​២០១៦​នេះ​ឃើញ​ថា​គេ​មិនសូវ​ចាប់​អារម្មណ៍​ទេ​តែ​ដោយ​ឃើញ​ការបង្ក្រាប​យ៉ាង​សាហាវ​មកលើ​សង្គម​ស៊ីវិល​មក​លើ​គណបក្ស​ប្រឆាំង​គឺ​មាន​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​គឺ​គេ​មូល​មាត់​គ្នា។ គេ​ដាក់​សម្ពាធ​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន​សែន​ថា​ល្មម​បញ្ឈប់​ការគំរាម​កំហែង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​សង្គម​ស៊ីវិល​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ទៅ‍»។​

សហគមន៍​ខ្មែរ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​ធ្វើ​សកម្មភាព​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ចុង​ក្រោយនេះ​ដោយ​តស៊ូមតិ​ឱ្យ​មានការ​យក​កិច្ចព្រមព្រៀង​នេះ​មក​ប្រើ​ដើម្បី​ដោះស្រាយ​បញ្ហា​សេសសល់​នានា។​ ក្នុង​ចំណោម​នេះ​មាន​លោក​តាន់ វិបុល ​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។​

នៅថ្ងៃ​នេះ​លោក​វិបុល​បាន​សម្តែង​ការសប្បាយ​រីករាយ​ដោយ​បាន​ឮ​ពី​ជំហរ​ដូច​គ្នា​របស់​វាគ្មិន​នានា។ ហើយ​សម្រាប់​ការងារ​បន្ទាប់​លោក​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​សកម្មភាព​រួមគ្នា​បន្ថែម​ទៀត៖

«នៅក្នុង​ក្រុម​តូចៗ​មួយៗ​គឺ​យើង​ត្រូវ​បញ្ចូលគ្នា​ហើយ​បង្ហាញ​ទៅ​អន្តរជាតិ​ជាពិសេស​គឺ​រដ្ឋាភិបាល​អាមេរិកាំង​ហ្នឹង​ដែល​ជា​និមិត្តរូប​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឱ្យ​សហរដ្ឋ​អាមេរិក​គេ​ដើរតួ​ចម្បង​ជួយ​យើង​ថា​រដ្ឋាភិបាល​យើង​ហ្នឹង​អត់​បាន​គោរព​នូវ​សន្ធិសញ្ញា​ដែល​បាន​ចែង​ហ្នឹង​ទេ​ហើយ​ដើម្បី​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​របស់​យើង​ហ្នឹង​ទទួលស្គាល់​ថា​មាន​ការខ្វះខាត​ហើយ​ត្រូវ​តែ​កែប្រែ​ជំរុញ​ឱ្យ​មាន​សន្តិភាព​ពិតប្រាកដ​មិនមែន​សន្តិភាព​លេងៗ​ទេ‍»។​

អ្នកជំនាញ​ក៏ស្នើឡើង​ថា​ការទុកឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​និង​តុលាការ​ស្ថិត​ក្រោម​បញ្ជា​នៃ​ក្រុមបក្ស​មួយ​គឺ​ជា​គ្រោះថ្នាក់​មួយ​ហើយ​នេះ​ជា​គំរូ​អាក្រក់​មួយ​ដែល​អង្គការ​សហប្រជាជាតិ​បាន​បន្សល់ទុក​នៅ​កម្ពុជាហើយ​គួរតែ​ជៀសវាង​ក្នុង​បេសកកម្ម​លើកក្រោយ​របស់​ខ្លួន៕