អ្នកលក់ម្ហូបអាហារតាមផ្លូវជនជាតិនីហ្សេរីយ៉ា អ្នកស្រី Vivian Nwankwo បានចាប់ផ្តើមអាជីវកម្មរបស់អ្នកស្រីកាលពី ៤ ឆ្នាំមុនដើម្បីផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីស្វាមីរបស់អ្នកស្រីបានស្លាប់។
ក៏ប៉ុន្តែអ្នកស្រីបានថ្លែងថា ដោយសារតម្លៃគ្រឿងសម្រាប់ធ្វើម្ហូបអាហារបន្តកើនឡើង ប្រាក់ចំណេញរបស់អ្នកស្រីបានធ្លាក់ចុះជាងពាក់កណ្តាល និងបង្ខំឱ្យអ្នកស្រីផ្អាកការសិក្សារបស់កូនពីរនាក់របស់អ្នកស្រី ដើម្បីយកប្រាក់មកចិញ្ចឹមគ្រួសារ។
អ្នកស្រី Vivian បានថ្លែងថា៖ «ពីមុនយើងអាចទប់ទល់បាន ប៉ុន្តែឥឡូវអ្វីៗមានតម្លៃថ្លៃពេក។ វាពិបាកនឹងទប់ទល់ ឬរកប្រាក់ចំណេញណាស់។ មនុស្សម្នាត្អូញត្អែរ ហើយពេលខ្លះ ខ្ញុំក៏ខាតដែរ។ សូម្បីតែកូនខ្ញុំពីរនាក់ដែលកំពុងរៀនក៏មិនបានទៅរៀនរាល់ថ្ងៃដែរ ព្រោះខ្ញុំមិនអាចផ្គត់ផ្គង់ពួកគេបានគ្រប់ពេល»។
នៅនីហ្សេរីយ៉ាមានមនុស្សរាប់លាននាក់ដូចអ្នកស្រី Vivian ដែលកំពុងតស៊ូដើម្បីបំពេញតម្រូវការចាំបាច់របស់ពួកគេ។
អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្ស ២៥ លាននាក់នៅនីហ្សេរីយ៉ា ឬប្រមាណ ១៥% នៃចំនួនប្រជាជនសរុប ជួបបញ្ហាអសន្តិសុខស្បៀងអាហារ។
ក្រុមអ្នកវិភាគបានថ្លែងថា អស្ថិរភាពក្នុងតំបន់ ការប្រែប្រួលអាកាសធាតុ និងអតិផរណាជាកត្តាជំរុញដ៏សំខាន់ដែលនាំឱ្យមានអសន្តិសុខស្បៀងនៅនីហ្សេរីយ៉ា។ ស្ថានភាពកាន់តែអាក្រក់ទៅៗ បន្ទាប់ពីរដ្ឋាភិបាលបានបញ្ឈប់ការឧបត្ថម្ភធនលើប្រេងឥន្ធនៈកាលពីខែឧសភា ដែលធ្វើឱ្យថ្លៃម្ហូបអាហារ ថ្លៃដឹកជញ្ជូន និងថ្លៃថាមពលកើនឡើងយ៉ាងខ្លាំង។
ការទម្លាក់តម្លៃរូបិយបណ្ណនីហ្សេរីយ៉ាក៏កំពុងប៉ះពាល់ដល់តម្លៃទំនិញ និងរួមចំណែកឱ្យមានអតិផរណាជារួមផងដែរ។
រដ្ឋមន្ត្រីកិច្ចការមនុស្សធម៌នីហ្សេរីយ៉ា អ្នកស្រី Betta Edu បានថ្លែងថា អាជ្ញាធរកំពុងឆ្លើយតបទៅនឹងបញ្ហាប្រឈម មួយផ្នែកតាមរយៈការប្រកាសភាពអាសន្នលើបញ្ហាសន្តិសុខស្បៀងអាហារ។
អ្នកស្រី Betta Edu បានថ្លែងថា៖ «យើងមានការធ្វើអន្តរាគមន៍ជាច្រើនដែលយើងកំពុងលើកយកមកពិភាក្សា និងកំពុងអនុវត្តការទូទាត់ការផ្ទេរសាច់ប្រាក់ដោយភ្ជាប់លក្ខខណ្ឌ។ លក្ខខណ្ឌភ្ជាប់គឺថា ពួកគេវិនិយោគលើអាជីវកម្មរបស់ពួកគេ និងធ្វើឱ្យប្រាកដថា កូនរបស់ពួកគេបានទៅសាលារៀន។ យន្តការទាំងនេះធ្វើឡើងក្នុងគោលដៅលើកស្ទួយជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ។ ផ្នែកទីបីគឺការផ្តល់ជីដល់កសិករក្រីក្រក្នុងស្រុកដើម្បីអាចផលិតស្បៀងអាហារ ដែលយើងនឹងទិញពីពួកគេ ហើយលក់ជាអាហារក្នុងចំនួនជាក់លាក់ណាមួយ»។
តាមការវិភាគរបស់អង្គការទិន្នន័យពិភពលោកបានឱ្យដឹងថា នីហ្សេរីយ៉ាស្ថិតក្នុងចំណោមប្រទេសដែលមានការចំណាយលើម្ហូបអាហារខ្ពស់បំផុត ដោយបានចំណាយប្រាក់ប្រមាណ ៦០% នៃប្រាក់ចំណូលសរុបផ្ទាល់ខ្លួនលើអាហារ។
អ្នកជំនាញបានថ្លែងថា ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើអតិផរណាស្បៀងអាហារនៅតែបន្តកើនឡើង ហើយអ្នកដែលងាយរងគ្រោះ នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត។
ធនាគារកណ្តាលនីហ្សេរីយ៉ាកាលពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា បានពន្យារពេលកិច្ចប្រជុំដ៏សំខាន់មួយស្តីពីអត្រាការប្រាក់ដោយមិនមានកាលកំណត់ជាក់លាក់ ទោះបីជាអតិផរណាកាន់តែអាក្រក់ទៅៗក៏ដោយ។
អ្នកវិភាគបានថ្លែងថា បើមិនមានអ្វីផ្លាស់ប្តូរទេ ជនជាតិនីហ្សេរីយ៉ាជាច្រើនដូចអ្នកស្រី Vivian នឹងត្រូវតស៊ូយ៉ាងលំបាកដើម្បីអាចរស់បានពីមួយថ្ងៃទៅមួយថ្ងៃ៕
អ្នកជំនាញបារម្ភថា អតិផរណាស្បៀងអាហារនៅនីហ្សេរីយ៉ាអាចនឹងធ្វើឱ្យវិបត្តិស្រេកឃ្លានកាន់តែអាក្រក់
ទីក្រុងអាប៊ូហ្សា ប្រទេសនីហ្សេរីយ៉ា —