ជម្រើសជាច្រើនក្នុងការប្រកួតប្រជែងដើម្បីកម្ចាត់ជំងឺគ្រុនចាញ់បានបាត់បង់អស់ហើយ នៅមុនពេលដែលប៉ារ៉ាស៊ីតដែលបង្កជំងឺដ៏ប្រល័យមួយនេះ បានយកឈ្នះទាំងស្រុងលើការខិតខំប្រឹងប្រែងចុងក្រោយរបស់មនុស្សដើម្បីប្រឆាំងនឹងជំងឺនេះ នោះគឺការប្រើប្រាស់ថ្នាំតិណជាតិដែលគេស្គាល់ថាថ្នាំ artemisinin។
លោក Benjamin Rolfe លេខាប្រតិបត្តិនៃសម្ព័ន្ធអ្នកដឹកនាំប្រឆាំងនឹងជំងឺគ្រុនចាញ់់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APLMA មានប្រសាសន៍ថា៖ «មានជម្រើសតិចតួចណាស់ ហើយតាមពិតទៅមានថ្នាំតិចតួចនៅក្នុងដំណើរការប្រឆាំងជំងឺនេះ។ ដូច្នេះ យើងពិតជាមានឱកាសតែម្តងប៉ុណ្ណោះក្នុងការកម្ចាត់ជំងឺនេះ។ បើសិនជាយើងមិនកម្ចាត់វាក្នុងរយៈ១៥ឆ្នាំនេះទេ យើងនឹងបាត់បង់ឧបករណ៍ បាត់បង់ឃ្លាំងអាវុធរបស់យើង ហើយយើងទំនងជា និងប្រាកដជាឃើញមានការកើនឡើងនៃជំងឺនេះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងបន្ទាប់មកនៅក្នុងប្រទេសនៅតំបន់អាហ្វ្រិក» ។
លោក Rolfe បានហៅស្ថានភាពនេះថាជា «ភាពអាសន្នផ្នែកសុខភាពសាកល»។
លោកបានមានប្រសាសន៍ដូចនេះជាមួយវីអូអេ នៅពេលសម្រាកក្នុងអំឡុងកិច្ចប្រជុំពីរថ្ងៃ កាលពីខែកុម្ភៈ នៅទីក្រុងបាងកក ដែលត្រូវបានរៀបចំដោយសម្ព័ន្ធ APLMA និងក្រុម«ការឆ្លើយតបគ្រាមានអាសន្នទៅចំពោះភាពស៊ាំនឹងថ្នាំ Artemisinin» ដែលហៅកាត់ថា ERA
ក្រុមមន្រ្តីសុខភាពសាធារណៈកំពុងមានការព្រួយបារម្ភថា ថ្នាំដែលគេប្រើដើម្បីប្រឆាំងនឹងសភាពដ៏គ្រោះថ្នាក់នៃជំងឺគ្រុនចាញ់នោះ កំពុងតែគ្មានប្រសិទ្ធភាពនៅអនុតំបន់ទន្លេមេគង្គ។
លោក Rolfe បានពន្យល់ថា៖ «យើងបានឃើញថាភាពគ្មានប្រសិទ្ធិភាពនេះ បានកើតឡើងនៅពេលដែលយើងប្រើប្រាស់ថ្នាំកាលពីលើកមុន គឺថ្នាំ chloroquine ប្រឆាំងនឹងជំងឺគ្រុនចាញ់។ ការស៊ាំនឹងថ្នាំបែបនេះបានរីករាលដាលចេញពីតំបន់នេះ ដោយឆ្លងកាត់តាមប្រទេសឥណ្ឌាឆ្ពោះទៅកាន់ទ្វីបអាហ្វ្រិក។ ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា រឿងបែបនេះអាចកើតមានឡើងម្តងទៀត»។
ចំណុចដែលគួរឲ្យព្រួយបារម្ភជាពិសេសនោះគឺ នៅតាមតំបន់ព្រំដែនរវាងប្រទេសឥណ្ឌានិងមីយ៉ាន់ម៉ា។
លោក Rofle បានបន្តថា៖ «ប្រទេសឥណ្ឌាមានបន្ទុកយ៉ាងធ្ងន់ចំពោះរឿងគ្រុនចាញ់នេះ ដែលជំងឺនេះមានសភាពខ្លាំងក្នុងប៉ុន្មានឆ្នាំនេះ។ ហើយប្រសិនបើការស៊ាំនឹងថ្នាំបែបនេះរីករាលដាលតាមប្រទេសឥណ្ឌាឆ្លងដល់ទ្វីបអាហ្វ្រិកនោះ យើងនឹងមានហានិភ័យដោយឃើញមានមនុស្សរាប់លាននាក់បាត់បង់ជីវិត»។
រដ្ឋាភិបាលអូស្រ្តាលីនិងជាពិសេសរដ្ឋាភិបាលវៀតណាម ត្រូវបានកោតសរសើរដោយអ្នកចូលរួមនៅឯកិច្ចប្រជុំមួយនៅទីក្រុងបាងកក ដោយសារប្រទេសទាំងពីរនេះបានបង្ហាញឲ្យឃើញពីភាពជាអ្នកដឹកនាំក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ក៏ប៉ុន្តែមានការព្រួយបារម្ភអំពីកង្វះខាតការប្តេជ្ញាចិត្តក្នុងកម្រិតប្រហាក់ប្រហែលគ្នាពីសំណាក់ប្រមុខរដ្ឋឯទៀតៗ។
លោក Rolfe បានព្រមានថា៖ «បើសិនជាគ្មានការវិនិយោគ គ្មានប្រាក់សម្រាប់ធ្វើរឿងនេះឲ្យកើតមានឡើងនោះទេ យើងនឹងបរាជ័យ»។
សម្ព័ន្ធ APLMA ត្រូវបានបង្កើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ីខាងកើតដែលធ្វើឡើងនៅក្នុងប្រទេសប៊្រុយណេ កាលពីឆ្នាំ២០១៣ ដោយសារមានព្រួយបារម្ភក្នុងចំណោមក្រុមមេដឹកនាំជាច្រើនអំពីហានិភ័យនៃការរីរាលដាលឡើងវិញនៃជំងឺគ្រុនចាញ់ ជាពិសេសដោយសារតែមានភាពស៊ាំនឹងថ្នាំនៅតំបន់ទន្លេមេគង្គ។
ដោយយកចេញពីរុក្ខជាតិម្យ៉ាងឈ្មោះ sweet wormwood plant ថ្នាំ artemisinin និងថ្នាំចម្លងរបស់វាមានលទ្ធភាពកាត់បន្ថយចំនួនប៉ារ៉ាស៊ីតបង្កជំងឺគ្រុនចាញ់បានយ៉ាងឆាប់រហ័សនៅក្នុងឈាមរបស់អ្នកជំងឺគ្រុនចាញ់។
ក៏ប៉ុន្តែ ប៉ារ៉ាស៊ីតទាំងនោះត្រូវបានគេរកឃើញថាមានភាពស៊ាំទៅនឹងថ្នាំដែលគេចាត់ទុកជាខ្សែបន្ទាត់ចុងក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ដែលកើតមានឡើងក្នុងផ្នែកខ្លះនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ាដែលគេស្គាល់ថាភូមា។
នៅក្នុងតំបន់មួយភាគខាងលិចប្រទេសកម្ពុជាគឺនៅជាប់នឹងព្រំដែនថៃ ប៉ារ៉ាស៊ីតបីក្រុមទីទៃពីគ្នាមានរាងដូចកណ្តៀវដែលបង្កជំងឺគ្រុនចាញ់ហើយមានភាពស៊ាំនឹងថ្នាំ ត្រូវបានគេរកឃើញ។ នេះបើយោងទៅតាមការស្រាវជ្រាវមួយបោះពុម្ពផ្សាយកាលពីឆ្នាំ២០១៣ដោយទស្សនាវដ្តីធម្មជាតិពន្ធុវិជ្ជា (Nature Genetics)។
តាមការប៉ាន់ប្រមាណ មានករណីជំងឺគ្រុនចាញ់ចំនួនមួយរយកៅសិបប្រាំបីលានករណីនៅទូទាំងពិភពលោកក្នុងឆ្នាំ២០១៣ ហើយតាមការប៉ាន់ប្រមាណ មានអ្នកស្លាប់៥៨ម៉ឺនបួនពាន់នាក់។ នេះបើយោងទៅតាមអង្គការសុខភាពពិភពលោក។
នៅឆ្នាំ២០១៣ អ្នកស្លាប់ពីជំងឺគ្រុនចាញ់៩០ភាគរយកើតមានឡើងនៅក្នុងទ្វីបអាហ្វ្រិកដែលចំនួនអ្នកស្លាប់ជាកុមារមានប្រហែល៤៣ម៉ឺនប្រាំពីរពាន់នាក់មុនពេលពួកគេមានអាយុប្រាំឆ្នាំ។
នៅចន្លោះពីឆ្នាំ២០០០ដល់ឆ្នាំ២០១៣ដែលតួលេខនៃជំងឺគ្រុនចាញ់ត្រូវបានបញ្ចេញឲ្យដឹងចុងក្រោយ ការកើតឡើងនៃជំងឺគ្រុនចាញ់ត្រូវបានកាត់បន្ថយបាន៣០ភាគរយនៅទូទាំងសាកលលោក។ នៅក្នុងអំឡុងពេលដូចគ្នានោះដែរ អត្រាមរណភាពដោយសារជំងឺគ្រុនចាញបានធ្លាក់ចុះដល់កម្រិតប៉ាន់ស្មាន៤៧ភាគរយទូទាំងពិភពលោក ហើយនៅទ្វីបអាហ្វ្រិកការធ្លាក់ចុះមាន៥៤ភាគរយ៕
ប្រែសម្រួលដោយ នៀម ឆេង