ក្រុមអ្នកជំនាញផ្នែកសុខាភិបាលថា កម្រិតទាបនៃការធ្វើតេស្តស្ទើរតែនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ប្រហែលជាមិនអាចបង្ហាញអំពីអត្រាពិតប្រាកដនៃអ្នកឆ្លងជំងឺកូវីដ១៩ បានទេ។ បើសិនជាការបង្ហាញចំនួនមិនពិតប្រាកដនៃអ្នកឆ្លងជំងឺកូវីដ១៩ បង្កឲ្យមានភាពមិនសូវខ្វាយខ្វល់នោះ វាអាចធ្វើឲ្យវីរុសនេះ កាន់តែរីករាលដាល។
អ្នកជំនាញផ្នែកសុខាភិបាលបាននិយាយថា ករណីអ្នកឆ្លងជំងឺកូវីដ១៩ មានទាបដែលបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួន កំពុងរាយការណ៍នោះ និងដែលក្នុងប្រទេសខ្លះថាមានមិនដល់១០ករណីនោះ ភាគច្រើនគឺទាក់ទងនឹងការធ្វើតេស្តមានកំណត់ ដូច្នេះលទ្ធផលមានតិចជាង ការពិតនៃចំនួនអ្នកឆ្លងជំងឺនេះ។ ពួកគេព្រមានថា តួលេខមិនពិតអាចបង្កឲ្យមានការគិតគូរមិនត្រឹមត្រូវខាងផ្នែកសន្តិសុខ និងធ្វើឲ្យវីរុសដ៏មរណៈនេះ កាន់តែការរីករាលដាល។
ប្រទេសឡាវ និងមីយ៉ាន់ម៉ាដែលមានព្រំប្រទល់ជាប់នឹងប្រទេសចិន ដែលជាកន្លែងចាប់ផ្តើមនៃជំងឺរាតត្បាតនេះ ហើយបានចម្លងរាលដាលពាសពេញពិភពលោក កាលពីចុងឆ្នាំមុននោះ នៅតែត្រូវបានគេរាយការណ៍ថា មានករណីអ្នកឆ្លងជំងឺកូវីដ១៩នេះ មានចំនួនសូន្យកាលពីចុងខែមីនាកន្លងទៅនេះ។ ចាប់តាំងពីមានការផ្ទុះវីរុសនេះមក នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា កន្លងទៅនេះ ប្រទេសឡាវបានបញ្ជាក់ថា ខ្លួនមានអ្នកជំងឺកូវីដ១៩នេះ ចំនួន ៦ ករណី។ ប្រទេសមីយ៉ាន់ម៉ាដែលមានបណ្តោយព្រំដែនជាប់នឹងប្រទេសចិនជាង ២.០០០ គីឡូម៉ែត្រ បានបញ្ជាក់ថា ខ្លួនមានចំនួន ៥ ករណី។
ប្រទេសកម្ពុជា និងវៀតណាមដែលមានទំនាក់ទំនងវប្បធម៌ និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនបានរាយការណ៍ថា មាន ១០៤ និង ១៦៩ ករណី។ ចំនួននេះ គឺច្រើនជាងប្រទេសឡាវ ឬ មីយ៉ាន់ម៉ា ក៏ប៉ុន្តែ នៅតែស្ថិតក្នុងកម្រិតទាបនៅឡើយ។
លោក Mark Simmerman គឺជាអ្នកពិគ្រោះយោបល់ផ្នែកសុខភាពនៃក្រុមហ៊ុនឯកជនមួយ មានមូលដ្ឋាននៅប្រទេសថៃ និងជាអតីតអ្នកជំនាញផ្នែករោគឆ្លងនៃមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក ដែលធ្វើការលើការឆ្លើយតបក្នុងតំបន់ទៅនឹងការផ្ទុះឡើងនៃជំងឺ SARS ក្នុងឆ្នាំ២០០៣។ លោកបានថ្លែងក្នុងសម្តីដើមថា៖
«នោះគ្រាន់តែជាផលវិបាកនៃសមត្ថភាពមានកម្រិតក្នុងការធ្វើតេស្ត និងការឃ្លាំមើលដែលនៅខ្សោយប៉ុណ្ណោះ។ នេះជាស្ថានភាពជាក់ស្តែងនៅក្នុងតំបន់នោះ។ ក៏ប៉ុន្តែ ចំនួនដ៏តិចតួចទាំងនេះ គឺមិនស៊ីគ្នា ទៅនឹងស្ថានភាពជាក់ស្តែងទេ»។
ក្នុងពេលនេះផងដែរ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃបានបញ្ជាក់ថា ខ្លួនមានអ្នកឆ្លងរាប់ពាន់ករណី ក៏ប៉ុន្តែទោះបីជាដូច្នេះក្តី ក៏អ្នកជំនាញសុខាភិបាលខ្លះ ត្អូញត្អែរអំពីចំនួននោះដែរ។ នៅប្រទេសឥណ្ឌូណេស៊ី ប្រធានកាកបាទក្រហមជាតិលោក Jusuf Kalla បាននិយាយថា ចំនួនអ្នកឆ្លង ទំនងជាមានច្រើនជាងការណ៍ដែលប្រទេសនេះ បានរាយការណ៍ឆ្ងាយណាស់ ដោយសារកម្រិតនៃការធ្វើតេស្តនៅទាបនៅឡើយ។
គិតដល់ត្រឹមដើមសប្តាហ៍ទី៤នៃខែមិនាកន្លងទៅនេះ ប្រទេសឡាវ បានធ្វើតេស្តមនុស្សតែ ១៣១ នាក់ប៉ុណ្ណោះ។ ប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាពលរដ្ឋចំនួនជិត ៥៤ លាននាក់ បានធ្វើតេស្តមនុស្សចំនួនប្រមាណជា ៣០០ នាក់។ ផ្ទុយទៅវិញប្រទេសកូរ៉េខាងត្បូងដែលមានចំនួនប្រជាពលរដ្ឋប្រហាក់ប្រហែលនឹងប្រទេសមីយ៉ាន់ម៉ាដែរនោះ បានធ្វើតេស្តមនុស្សរាប់សែននាក់ ហើយបានរកឃើញថា មានករណីឆ្លងវីរុសនេះ ចំនួនជាង ៩.០០០ ករណី។ លោក Mark Simmerman បានថ្លែងបន្តក្នុងសម្តីដើមថា៖
«រឿងនេះសំខាន់នៅត្រង់ថា តើអ្នកពិនិត្យពិច័យខ្លាំងកម្រិតណា ហើយថា តើអ្នកធ្វើតេស្តច្រើនកម្រិតណា ហើយថា តើអ្នកល្អិតល្អន់ដល់កម្រិតណា ក្នុងការតាមដាន ថាអ្នកជំងឺនោះយ៉ាងម៉េចទៅហើយ ហើយនឹងគ្រប់មនុស្សគ្នាដែលអ្នកជំងឺបានទាក់ទង»។
បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួន មានភាពយឺតយ៉ាវក្នុងការទទួលស្គាល់ហានិភ័យនៃជំងឺនេះ។
កាលពីពាក់កណ្តាលខែមិនាអ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាមួយរូប នៅតែនិយាយថា ប្រទេសមីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩តិច ដោយសារតែ «របៀបរស់នៅនិងរបបអាហារ» របស់ប្រជាពលរដ្ឋក្នុងប្រទេសនេះ។ នៅពាក់កណ្តាលខែកុម្ភៈ មុនពេលដែលប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ពីករណីអ្នកឆ្លងដំបូងរបស់ខ្លួន រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានកោតសរសើរដល់ជនរួមជាតិរបស់លោកដែលបានបន់ស្រន់សុំការការពារមិនឲ្យឆ្លងមេរោគនេះ។ ប្រទេសកម្ពុជាបានស្វាគមន៍ជើងហោះហើរ ពីប្រទេសចិនក្នុងខែកុម្ភៈ បន្ទាប់ពីប្រទេសជាច្រើនបានដាក់បម្រាមជនជាតិចិនមិនឲ្យចូលប្រទេសពួកគេ ដោយសារតែខ្លាចថា ពួកគេនឹងនាំវីរុសនោះ ចូលប្រទេសពួកគេ។
ទោះបីជាឥឡូវនេះ ប្រទេសទាំងនេះដាក់វិធានការឲ្យពលរដ្ឋរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា លុបចោលព្រឹត្តិការណ៍សាធារណៈ កំណត់ចំនួនមនុស្សក្នុងការជួបជុំគ្នា ឬ រឹតត្បិតការធ្វើដំណើរក៏ដោយ ក៏អ្នកជំនាញនិយាយថា ការបញ្ជាក់អំពីអ្នកឆ្លងមានចំនួនទាបដែលបណ្តាលមកពីការធ្វើតេស្តមានកំណត់នោះ នឹងធ្វើឲ្យការចាត់វិធានការទាំងនោះ មិនមានលទ្ធផល។ លោក Mark Simmerman បានថ្លែងបន្តក្នុងសម្តីដើមថា៖
«វាបង្អាក់ដល់ការគិតថាភាពបន្ទាន់ក្នុងរឿងនេះ វាធ្វើមនុស្សមិនសូវយកចិត្តទុកដាក់ដល់ការរាតត្បាតនេះ ហើយវាក៏ធ្វើឲ្យមនុស្សមិនគោរពតាម ឬ ត្រូវផ្លាស់ប្តូរការប្រព្រឹត្ត ដូចជាការធ្វើដំណើរ របៀបខ្លះក្នុងការទាក់ទងគ្នា។ មនុស្សម្នា មិនគោរពតាម ឬ ធ្វើតាមការណែនាំទេ រហូតទាល់តែពួកគេ យល់ច្បាស់ពីស្ថានភាព ហើយមួយផ្នែកក៏មកពីលទ្ធផលចេញពីមន្ទីរពិសោធន៍ ដែលបង្ហាញឲ្យឃើញអំពីចំនួនអ្នកឆ្លង យ៉ាងហោចណាស់នៅដំណាក់កាលដំបូងនៃការផ្ទុះវីរុសនេះ»។
លោក Jeremy Lim ជាសហប្រធានផ្នែកសុខភាពពិភពលោកនៅសាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី Saw Swee Hock បានយល់ស្របទៅនឹងចំណុចខាងលើនេះ។ លោក បានថ្លែងក្នុងសម្តីដើមថា៖
«ការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា គឺជាវិធានការសុខភាពសាធារណៈដ៏មានប្រសិទ្ធភាពបំផុតដែល មនុស្សគ្រប់គ្នាអាចធ្វើបាន រួមជាមួយនឹងការលាងដៃ។ ដូច្នេះនៅតាមបណ្តាប្រទេសនានា ដែលមិនផ្តល់ព័ត៌មានច្បាស់លាស់ក្នុងការការពារខ្លួននោះ ពលរដ្ឋនឹងមិនមានឆន្ទៈក្នុងការចូលរួមអនុវត្តការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នាឡើយ ដូច្នេះពួកគេ ប្រឈមនឹងហានិភ័យនៃការរីករាលដាលនៃវីរុសនេះ។ ហើយដោយសារតែការរីករាលដាល គឺកាន់តែមានល្បឿនលឿននោះ ពីព្រោះ (ជាមធ្យមចំនួនមនុស្សដែលនឹងឆ្លងពីអ្នកដែលមានផ្ទុកវីរុសនេះ) ត្រូវបានគេជឿថា គឺនៅពេលដែលយើងនៅជាមួយមនុស្សមានចំនួនចន្លោះពី ២ ទៅ ៣នាក់ឡើងទៅ មានន័យថា មនុស្សដែលមិននៅដាច់ដោយឡែកពីគេ ប្រទេសទាំងឡាយណាដែលមិនធ្វើតេស្ត គឺមានហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាលនៅក្នុងសហគមន៍របស់ពួកគេ»។
ដូចលោក Simmerman ដែរ លោក Lim ក៏ជឿថា កម្រិតឆ្លងជំងឺកូវីដ១៩ទាបបំផុត នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលគេកំពុងរាយការណ៍នោះ មិនឆ្លុះបញ្ចាំងពីចំនួនពិតប្រាកដនៃការឆ្លងទេ។
វាក៏ប្រហែលជាមិនមែនរឿងចៃដន្យដែរ ដែលប្រទេសដែលរាយការណ៍ថា កម្រិតឆ្លងជំងឺកូវីដ១៩ទាបទាំងនោះខ្លះ មានរដ្ឋាភិបាលដែលគាបសង្កត់បំផុត និងប្រព័ន្ធថែរក្សាសុខភាពសាធារណៈដ៏អន់ខ្សោយនៅក្នុងតំបន់។ សូម្បីតែនៅពេលធម្មតា ពួកគេមានការលំបាកក្នុងការបំពេញតម្រូវការផ្នែកវេជ្ជសាស្រ្តជាមូលដ្ឋានរបស់ប្រជាពលដ្ឋរបស់ពួកគេទៅហើយ ហើយពួកគេអាចនឹងភ័យខ្លាចថា មន្ទីរពេទ្យ និងគ្លីនិករបស់ពួកគេ មិនអាចទ្រទ្រង់បាន នៅពេលដែលពួកគេធ្វើតេស្ត ហើយឃើញថា មានមនុស្សជាច្រើនឆ្លងជំងឺកូវីដ១៩នោះ។ លោក Jeremy Lim បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ប្រសិនបើប្រទេសមួយអាចធ្វើបានតិចតួចក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នេះ មានន័យថា ប្រទេសនោះមិនមានឧបករណ៍ធ្វើតេស្ត មិនមានកន្លែងថែទាំអ្នកជំងឺ មិនមានឧបករណ៍ជួយអ្នកជំងឺឲ្យដកដង្ហើម ដូច្នេះការចាប់យកទិន្នន័យឲ្យបានត្រឹមត្រូវប្រហែលជាមិនមែនជាអាទិភាពខ្ពស់បំផុតរបស់ពួកគេនោះទេ ព្រោះថា ពួកគេមិនអាចធ្វើបានច្រើនក្នុងការដោះស្រាយរឿងនេះទេ»។
លោក Matthew Griffith អ្នកជំនាញផ្នែករោគរាតត្បាតនៅការិយាល័យប្រចាំតំបន់នៅទីក្រុងម៉ានីលរបស់អង្គការសុខភាពពិភពលោក ដែលមិនបានរាប់បញ្ចូលប្រទេសមីយ៉ាន់ម៉ានោះ បាននិយាយថាប្រទេសឡាវ កំពុងធ្វើបានល្អបំផុតទៅតាមលទ្ធភាពដែលខ្លួនមាន។ ក៏ប៉ុន្តែ ថាតើវាគ្រប់គ្រាន់ដើម្បីចាប់យកកម្រិតពិតប្រាកដនៃការឆ្លងគឺជាបញ្ហាមួយផ្សេងទៀត។ លោក Matthew Griffith បាននិយាយក្នុងសម្តីដើមថា៖
«និយាយដោយស្មោះត្រង់ទៅ គ្មានប្រទេសណាដែលមានបានធ្វើតេស្តឲ្យបានគ្រប់គ្រាន់ទេ រួមទាំងប្រទេសអ្នកមាន ដូចជាសហរដ្ឋអាមេរិកនោះផងដែរ។ សម្រាប់វីរុសនេះ វាពិតជាលំបាកណាស់ក្នុងការរកមើលវាឲ្យបាននៅគ្រប់ទីកន្លែង។ ដូច្នេះខ្ញុំគិតថា ការមិនរកឃើញអ្នកឆ្លងជំងឺនេះ មិនមែនតែជាបញ្ហាដែលមានតែនៅក្នុងប្រទេសឡាវប៉ុណ្ណោះទេ វាជាបញ្ហានៅទូទាំងពិភពលោក»។
លោក Matthew Griffith ថ្លែងបន្ថែមថា ដោយមិនដឹងថា តើការរាតត្បាតនៃជំងឺនេះនឹងមានរយៈពេលយូរប៉ុណ្ណានោះ ប្រទេសជាច្រើន ក៏កំពុងតែកំណត់ការប្រើប្រាស់ឧបករណ៍ធ្វើតេស្តដែលពួកគេមានផងដែរ។ មានប្រទេសតិចណាស់ ដែលអាចមានលទ្ធភាពធ្វើតេស្តបានច្រើន ដូចប្រទេសកូរ៉េខាងត្បូង។ លោក Griffith ថ្លែងទៀតថា ការបិទព្រំដែននិងការហាមឃាត់ជើងហោះហើរពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដើម្បីរារាំងមិនឲ្យមានករណីឆ្លងបន្ថែមនោះ នឹងកាន់តែធ្វើឲ្យមានការលំបាកក្នុងការនាំចូលឧបករណ៍បន្ថែមទៀត ទៅក្នុងប្រទេដែលក្រីក្របំផុតទាំងនោះផងដែរ។
អ្នកជំនាញទាំងអស់ខាងលើនេះ បានយល់ស្របនឹងគ្នាថា បណ្តាប្រទេសដែលមានសមត្ថភាព គឺគួរតែធ្វើកិច្ចការបន្ថែមទៀត ដើម្បីផ្តល់ឧបករណ៍ធ្វើតេស្តឲ្យប្រទេសក្រីក្របំផុតទាំងនោះ និងផ្គត់ផ្គង់ឧបករណ៍ផ្សេងទៀត ដែលពួកគេត្រូវការ។ លោក Lim ថ្លែងក្នុងសម្តីដើមទៀតថា៖
«ប្រសិនបើយើងមិនចង់ឲ្យប្រទេសដែលមានធនធានទាបបំផុត បន្តធ្វើជាកន្លែងស្តុកទុកវីរុសកូវីដ១៩ ទេនោះ ប្រទេសអ្នកមាន និងដែលសម្បូរធនធានពិតជាត្រូវជួយប្រទេសក្រក្រទាំងនោះ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់