ពួក​អ្នក​ជំនាញ​ច្រានចោល​ការ​និយាយ​ពី​ការ​ផ្ទុះ​ឡើង​លើក​ទី២​នៃ​ជំងឺ​កូវីដ១៩

រូប​ឯកសារ៖ របង​មួយ​នៅ​ក្រៅ​កន្លែង​បញ្ចុះសព Green-Wood ក្នុង​សង្កាត់ Brooklyn មាន​សុទ្ធ​តែ​លិខិត​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

ខណៈ​ដែល​ពួក​អ្នក​ជំនាញ​សុខាភិបាល​ខ្លះ​ព្រមាន​ពី​អ្វី​ដែល​ពួកគេ​ហៅ​ថា រលក​ទី២​នៃ​ជំងឺកូ​វីដ១៩​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ ពួក​អ្នក​ជំនាញ​ផ្សេង​ទៀត​និយាយ​ថា សហរដ្ឋអាមេរិក​ និង​ផ្នែក​ផ្សេង​ទៀត​របស់​ពិភពលោក​មិន​ទាន់​ផុត​រលក​ទី១​នៃ​ជំងឺ​កូវីដ១៩​ទេ។

លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នក​ជំនាញ​ជំងឺ​ឆ្លង​កំពូល​របស់​សហរដ្ឋអាមេរិក​ បាន​និយាយ​ថា «នៅ​ពេល​លោក​អ្នក​មាន​ការ​ឆ្លង​២ម៉ឺន​ករណី​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ តើ​លោក​អ្នក​អាច​និយាយ​អំពី​រលក​ទី២​នៃ​ជំងឺ​កូវីដ១៩​នោះ​យ៉ាង​ដូចម្តេច»។

ផ្នែក​ភាគ​ច្រើន​នៅ​ក្នុង​សហរដ្ឋអាមេរិក​កំពុង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដែល​ត្រូវ​បាន​អនុវត្ត​ដើម្បី​បញ្ឈប់​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ថ្វី​បើ​ករណី​នៃ​ការ​ឆ្លង​បាន​ចាប់ផ្តើម​កើន​ឡើង​នៅ​ក្នុង​រដ្ឋ​ខ្លះ​ក៏​ដោយ ជា​ពិសេស​នៅ​បណ្តា​រដ្ឋ​ភាគ​ខាង​ត្បូង និង​ខាង​លិច។

ពួក​អ្នក​ជំនាញ​ខ្លះ​រួម​មាន​លោក Caitlin Rivers ជា​អ្នក​ស្រាវជ្រាវ​ជំងឺ​នៅ​មជ្ឈមណ្ឌល​សន្តិសុខ​សុខភាព​នៅ​សាកលវិទ្យាល័យ Johns Hopkins និយាយ​ថា ពួកគេ​មិន​ចង់​ប្រើ​ពាក្យ «រលកទី២» ពីព្រោះ​តែ​ពួកគេ​និយាយ​ថា ការ​និយាយ​ដូច្នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​យល់​ច្រឡំ​ថា ស្ថានភាព​អាក្រក់​បាន​ចប់​ហើយ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​ជឿ​ថា ចំនួន​មេរោគ​ករណី​កូរ៉ូណា​ខ្ពស់ ពីព្រោះ​តែ​ការ​ធ្វើ​តេស្ត។

លោក​ប្រធានាធិបតី​ត្រាំ​បាន​ប្រាប់​ហ្វូង​មនុស្ស​នៅ​ឯ​ការ​ប្រជុំ​នយោបាយ​កាលពី​យប់​ថ្ងៃសៅរ៍​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង Tulsa រដ្ឋ​អូក្លាហាម៉ា​ថា «នៅ​ពេល​ដែល​លោក​អ្នក​ធ្វើ​តេស្ត​ក្នុង​វិសាលភាព​នេះ ​លោក​អ្នក​នឹង​រក​ឃើញ​ករណី​ឆ្លង​កាន់​តែ​ច្រើន​ឡើង។ ដូច្នេះ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ពលរដ្ឋ​របស់​ខ្ញុំ​ថា ពន្យឺត​ការ​ធ្វើ​តេស្ត។ ពួកគេ​ធ្វើ​តេស្ត​ហើយ​ធ្វើ​តេស្ត​ទៀត»។

ក្រោយ​មក សេតវិមាន​បាន​និយាយ​ថា លោក​ប្រធានាធិបតី​គ្រាន់​តែ​និយាយ​កំប្លែង​លេង។

ក៏​ប៉ុន្តែ​វេជ្ជបណ្ឌិត Ashish Jha នាយក​នៃ​វិទ្យាស្ថាន​សុខភាព​សាកល​នៃ​សាកលវិទ្យាល័យ Harvard និយាយ​ថា មិន​ត្រូវ​និយាយ​លេង​សើច​អំពី​ជំងឺ​កូវីដ១៩​ទេ៕