កិច្ចប្រជុំរវាងមេដឹកនាំសហរដ្ឋអាមេរិក និងមេដឹកនាំរុស្ស៊ី ដែលគ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងហែលស៊ិនគី ប្រទេសហ្វាំងឡង់ នៅថ្ងៃចន្ទស្អែកនេះ ទំនងជាមិនមានគោលបំណងជាក់លាក់ណាមួយនោះទេ។
ប៉ុន្តែ គេរំពឹងថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងពិភាក្សាអំពីបញ្ហាផ្សេងៗជាច្រើន តាំងពីបញ្ហាកាត់បន្ថយអាវុធនុយក្លេអ៊ែររហូតដល់បញ្ហាសង្គ្រាមនៅក្នុងប្រទេសស៊ីរី។
លោក ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា៖ «វាប្រាកដជាជោគជ័យដ៏ធំធេងមួយសម្រាប់កិច្ចប្រជុំនោះ ប្រសិនបើយើងអាចធ្វើអ្វីមួយពាក់ព័ន្ធនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ»។
នៅមុនកិច្ចប្រជុំជាមួយនឹងលោក Putin ចូលមកដល់ លោក ត្រាំ បានចំណាយពេលពីរថ្ងៃនៅឯក្លឹបកម្សាន្តឯកជនរបស់លោកនៅក្នុងទីក្រុង Turnberry ប្រទេសស្កុតឡែន ដើម្បី «ប្រជុំពិភាក្សាតាមទូរស័ព្ទ និងលេងកីឡាកូនហ្គោល»។ នេះបើតាមការបញ្ជាក់របស់លោក ត្រាំ នៅលើ Twitter កាលពីថ្ងៃសៅរ៍ម្សិលមិញ។
បញ្ហាដែលនៅវិលវល់ពីលើកិច្ចប្រជុំនេះ គឺការការចោទប្រកាន់ជាផ្លូវការលើបុគ្គលរុស្ស៊ី ១២ នាក់ កាលពីថ្ងៃសុក្រ ដែលបុគ្គលរុស្ស៊ីទាំង ១២ នាក់នេះរងការចោទប្រកាន់ថាបានលួចចូលប្រព័ន្ធកុំព្យូទ័ររបស់គណបក្សប្រជាធិបតេយ្យនៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់កាលពីឆ្នាំ២០១៦។
ការចោទប្រកាន់នោះបង្ហាញថា សមាជិកទីភ្នាក់ងារយោធា GRU របស់រុស្ស៊ី បានលួចទិន្នន័យពីបណ្ដាញកុំព្យូទ័រនៃគណបក្សប្រជាធិបតេយ្យ និងពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Hillary Clinton៕