កិច្ចប្រជុំរបស់ក្រុមប្រទេស BRICS នឹងផ្ដោតជាចម្បងលើការពង្រីកសមាជិកភាពនិងបដិដុល្លារនីយកម្ម

រូបឯកសារ៖ មន្ត្រីគណៈប្រតិភូម្នាក់ដើរកាត់ផ្លាក BRICS មុនកិច្ចប្រជុំកំពូល BRICS លើកទី ១០ នៅក្រុង Sandton នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨។

នៅ​ពេល​មើល​ពី​ខាង​ក្រៅ សមាជិក​ក្រុម​ប្រទេស BRICS មិន​មាន​លក្ខណៈ​ដូច​គ្នា​ច្រើន​នោះ​ទេ។ ប្រេស៊ីល ឥណ្ឌា និង​អាហ្វ្រិក​ខាងត្បូង​គឺ​ជា​ប្រទេស​ប្រជាធិបតេយ្យ រី​ឯ​ចិន​និង​រុស្ស៊ី​គឺ​ជា​ប្រទេស​អត្តាធិបតេយ្យ។

ប៉ុន្តែគំនិត​រួម​មួយ​ដែល​ប្រទេស​ទាំង​នេះ​មាន​ដូចគ្នា​គឺ​ការ​មិន​យល់ស្រប​ទៅ​នឹង​របៀប​រៀបរយ​ពិភពលោក​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នា​ពេល​បច្ចុប្បន្ន និង​សេចក្ដី​ប្រាថ្នា​នៅ​ក្នុង​ការ​បង្កើត​ជា​ជម្រើស​ផ្សេង​មួយ​ដែល​នៅ​ក្នុង​ជម្រើស​នោះ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​លើ​ពិភពលោក​អាច​មាន​អំណាច​ធំធេង​ជាង​នេះ។

ប្រសិន​បើ​មាន​បណ្តា​ប្រទេស​ថ្មីៗ​មាន​បំណង​ចូលរួម​ក្នុង​ក្រុម​ប្រទេស BRICS នេះ ករណី​នេះ​នឹង​បង្ហាញ​ថា​ជម្រើស​នេះ​គឺ​ជា​ជម្រើស​ដ៏​មាន​ប្រជាប្រិយ​មួយ។ ប្រទេស​ប្រមាណ ៤០ ដែល​រួម​មាន​ទាំង​ប្រទេស​អាហ្សង់ទីន អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាត​អារ៉ាប់រួម សុទ្ធតែ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូលរួម​ជាមួយ​ក្រុម​ប្រទេស BRICS នេះ ហើយ​កិច្ច​ពិភាក្សា​អំពី​សមាជិក​ថ្មី​នឹង​ទំនង​ជា​ចំណុច​ពិភាក្សា​ចម្បង​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស BRICS នេះ ដោយ​សមាជិក​ក្រុម​ប្រទេស​នេះ​មាន​ទស្សនៈ​ផ្សេង​គ្នា​អំពី​ផល​ប្រយោជន៍​នៃ​ការ​ពង្រីក​ខ្លួន។

អ្នក​វិភាគ​ខ្លះ​ដូចជា​លោក Jim O'Neill អតីត​សេដ្ឋវិទូ​ប្រចាំ​ធនាគារ Goldman Sachs ដែល​បាន​បង្កើត​នូវ​អក្សរ​កាត់ «BRICS» នេះ​ឡើង​ជាដើម បាន​និយាយ​ថា តាម​ពិត​ទៅ​ក្រុម​ប្រទេស​នេះ​មិន​បាន​សម្រេច​អ្វី​ច្រើន​នោះ​ទេ​ ចាប់តាំង​ពី​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៩ មក។ ប៉ុន្តែ​សម្រាប់​លោក Mikatekiso Kubayi ដែល​ជា​អ្នក​ស្រាវជ្រាវ​ប្រចាំ​វិទ្យាស្ថាន​សម្រាប់​កិច្ច​សន្ទនា​សាកល​នៃ​សាកលវិទ្យាល័យ​អាហ្វ្រិក​ខាងត្បូង (University of South Africa) បាន​ជំទាស់​ចំពោះ​ការ​លើកឡើង​ដូច​នេះ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «មាន​ប្រទេស​ជាង ៤០ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ចូលរួម​ជាមួយ​ក្រុម​ប្រទេស BRICS។ ច្បាស់ណាស់ ប្រទេស​ទាំង​នោះ​បាន​ឃើញ​នូវ​អ្វី​មួយ​ដូចជា​ផល​ប្រយោជន៍ សារៈសំខាន់ ឬ​គុណតម្លៃ​របស់​ក្រុម​ប្រទេស BRICS ដែល​ធ្វើ​ឱ្យ​ពួកគេ​ចង់​ចូលរួម»។

នេះ​ក៏​ជា​លើកឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​អ្នកស្រី Naledi Pandor កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «បរិបទ​ភូមិសាស្រ្ត​នយោបាយ​បច្ចុប្បន្ន​បាន​ជំរុញ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ថ្មី​ចំពោះ​សមាជិកភាព​ក្នុង​ក្រុម​ប្រទេស BRICS ខណៈ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​កំពុង​ស្វែងរក​ជម្រើស​ថ្មី​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​រង​ឥទ្ធិពល​ពី​មហា​អំណាច​ជា​ច្រើន»។

លោក Steven Gruzd អ្នក​វិភាគ​នៅ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​អាហ្វ្រិក​ខាងត្បូង (South Africa Institute of International Affairs) បាន​និយាយ​ថា ប្រសិនបើ​ប្រទេស​មិន​មែន​ប្រជាធិបតេយ្យ​ចូលរួម​កាន់តែ​ច្រើន វា​អាច​ធ្វើ​ឱ្យ​ក្រុម​ប្រទេស​នេះ​កាន់តែ​មាន​ចរិត​ប្រឆាំង​នឹង​ក្រុម​បស្ចិម​ប្រទេស។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ពិត​ណាស់ ប្រសិន​បើ​ក្រុម​ប្រទេស BRICS ពង្រីក​ខ្លួន​និង​រួម​បញ្ចូល​ប្រទេស​ផ្សេង​ទៀត​ដូចជា​អ៊ីរ៉ង់​ជាដើម នេះ​នឹង​ពិតជា​ពង្រឹង​ដល់​ភាសា​ប្រឆាំង​នឹង​ក្រុម​បស្ចិម​ប្រទេស​របស់​ពួកគេ»។

ក្រុម​ប្រទេស BRICS មាន​ប្រជាជន​ប្រមាណ ៤០% នៃ​ប្រជាជន​សរុប​នៅ​លើ​ពិភពលោក ហើយ​និង​មាន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ប្រមាណ​មួយ​ភាគ​បួន​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​លើ​សាកលលោក។ ទាក់ទិន​នឹង​សមភាព​កម្លាំង​ទិញ​វិញ សមាជិក​នៃ​ក្រុម​ប្រទេស BRICS ឥឡូវ​នេះ​មាន​ចំណែក​សកម្មភាព​សេដ្ឋកិច្ច​លើ​សាកលលោក​ច្រើន​ជាង​ក្រុម​ប្រទេស G-7 ទៅ​ទៀត។

រូបិយបណ្ណ​រួម​របស់​ក្រុម​ប្រទេស BRICS ដែល​ទទួល​បាន​ការ​សរសើរ​ពី​លើក​មុន នឹង​មិន​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នោះ​ទេ។ នេះ​បើ​យោង​ទៅ​តាម​ក្រុម​អ្នក​រៀបចំ​កិច្ច​ប្រជុំ​នេះ​នៅ​អាហ្វ្រិក​ខាង​ត្បូង។ ប៉ុន្តែ ធនាគារ New Development Bank របស់​ក្រុម​ប្រទេស​នេះ​មាន​បំណង​ធ្វើ​បដិ​ដុល្លារ​នីយកម្ម។

លោក Gruzd បាន​បញ្ជាក់​ដូច្នេះ​ថា៖ «បញ្ហា​មួយ​ទៀត​ដែល​នឹង​ត្រូវ​យក​មក​ពិភាក្សា​គឺ​ថា រូបិយបណ្ណ​នានា​ដែល​បណ្តា​ប្រទេស​ទាំង​នោះ​យក​ធ្វើ​ជំនួញ និង​ការ​ពិភាក្សា​អំពី​ការ​ធ្វើ​ជំនួញ​ច្រើន​ជាង​មុន​ដោយ​ប្រើ​រូបិយបណ្ណ​ក្នុង​ស្រុក​ជាជាង​ដុល្លារ​អាមេរិក»។

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក Cyril Ramaphosa ប្រធានាធិបតី​ចិន​លោក Xi Jinping ប្រធានាធិបតី​ឥណ្ឌា​លោក Narendra Modi និង​ប្រធានាធិបតី​ប្រេស៊ីល​លោក Luiz Inacio Lula da Silva សុទ្ធតែ​បាន​បញ្ជាក់​អំពី​វត្តមាន​របស់​ពួកគេ​នៅ​ក្នុង​កិច្ច​ប្រជុំ​ខាង​មុខ​នេះ។

ប្រទេស​រុស្ស៊ី​នឹង​បញ្ចូន​រដ្ឋមន្រ្តី​ការបរទេស​របស់​ខ្លួន​លោក Sergey Lavrov ទៅ​ចូលរួម​ផ្ទាល់ រី​ឯ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin វិញ​នឹង​ចូលរួម​តាម​អនឡាញ ដោយសារ​លោក​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​អ៊ុយក្រែន។

ក្នុង​នាម​ជា​ភាគី​ហត្ថលេខី​ក្នុង​តុលាការ​នេះ រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​មាន​កាតព្វកិច្ច​ចាប់​ខ្លួន​លោក Putin ប្រសិន​បើ​លោក​ចូល​មក​ក្នុង​ទឹកដី​អាហ្វ្រិក​ខាងត្បូង ដែល​នេះ​គឺ​ជា​បញ្ហា​ការទូត​ដ៏​ធំ​មួយ​ដែល​ពួកគេ​ព្យាយាម​បញ្ចៀស​នា​ពេល​នេះ។

ដោយ​ឡែក លោក Ramaphosa នឹង​ទទួល​ស្វាគមន៍​លោក Xi នៅ​ក្នុង​ជំនួប​ក្រៅ​កិច្ច​ប្រជុំ​កំពូល​នេះ​សម្រាប់​ទស្សនកិច្ច​ផ្លូវការ​ថ្នាក់​រដ្ឋ។ ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អាហ្វ្រិក​ខាងត្បូង៕

ប្រែ​សម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា