អ្នកស្រី​មូរ សុខហួរ​ស្នើ​ឱ្យ​លោក​ ​ហ៊ុន ម៉ានី​​បក​ស្រាយ​រឿង​សារ​ឆ្លើយឆ្លង​តាម​ហ្វេស​ប៊ុក​ជាមួយ​នារី​ក្មេងៗ

រូប​ឯកសារ៖ លោកស្រី មួរ សុខហួរ (ខាងស្ដាំ) តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ (ឆ្វេង) និង​លោក​ ហ៊ុន ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស្តាំ)។ (ឡេង ឡែន/VOA)

វីដេអូ​បែក​ធ្លាយ​មួយ​ចំនួន​បាន​បង្ហាញ​អំពី​ការ​ឆ្លើយ​ឆ្លង​សារ​ស្នេហា​​​និង​មេត្រី​ភាព​រវាង​លោក​ ​ហ៊ុន ម៉ានី​ ​និង​តារា​ស្រីៗ​ ​ក្មេងៗ​មួយ​ចំនួន​តាម​បណ្តាញ​សង្គម​ ​Facebook​ ដែល​​ក្នុង​នោះ​ ​មាន​ការ​បង្ហាញ​ពីរូប​ភាព​ស្នាមខាំ​ ​និង​ស្នាម​ជាំ​លើ​ដើម​ដៃ​​​របស់​ស្រ្តី​​ក្មេងៗ​មួយ​ចំនួន​ ​ព្រមទាំង​រូប​​ភាព​ស្រ្តី​ម្នាក់​កំពុង​ព្យាបាល​ជំងឺ។​

អ្នកស្រី​ មូរ សុខហួរ​ តំណាងរាស្រ្ត​មណ្ឌល​បាត់ដំបង​ ​និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ ​ស្នើឱ្យ​លោក​ ហ៊ុន ម៉ានី​ តំណាងរាស្រ្ត​គណបក្ស​កាន់​អំណាច និង​ជា​កូន​ប្រុសពៅ​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ចេញ​មុខ​បកស្រាយ​ ​ពាក់ព័ន្ធ​នឹង​សារដែល​ត្រូវ​បាន​ផ្សព្វផ្សាយជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ ​រៀបរាប់​អំពី​ទំនាក់ទំនង​ស្នេហារបស់​លោក​ ហ៊ុន ម៉ានី​ និង​ស្រ្តី​វ័យ​ក្មេង​ជា​ច្រើន​រូប។​

លិខិត​ចំហមួយ​ច្បាប់​របស់​អ្នកស្រី​ មូរ សុខហួរ​ នៅ​ថ្ងៃ​អង្គារ​នេះ​ ​ផ្ញើ​ជូន​លោក​ ហ៊ុន ម៉ានី​ តំណាងរាស្រ្ត​គណបក្ស​កាន់​អំណាច​ មណ្ឌល​កំពង់​ស្ពឺ​ ​បញ្ជាក់​ថា​ ​អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភចំពោះសុវត្ថិភាព​ ​សេចក្តី​ថ្លៃថ្នូរ​របស់​ស្រ្តី​ខ្មែរ​ ​ដែល​មាន​ឈ្មោះ​ ​និង​រូប​ក្នុង​សារ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈតាមបណ្តាញ​សង្គម​ ​រៀបរាប់​ពី​ទំនាក់ទំនង​ស្នេហារបស់​លោក​ ហ៊ុន ម៉ានី​ និង​ស្រ្តី​វ័យ​ក្មេង​ជា​ច្រើន​រូប​ ​ដោយ​មាន​ទាំង​ការ​ប្រើ​ហិង្សា​លើ​ស្រ្តី​ទាំង​នោះ​ផង។​ ​អ្នកស្រី​បន្ថែម​ក្នុង​លិខិត​នោះ​ថា ដើម្បី​ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​ស្រ្តី​ខ្មែរ​ ​និង​សុវត្ថិភាព​របស់​ស្រ្តី​ដែល​មាន​ឈ្មោះ​ ​និង​រូប​ក្នុង​សារ​ ​និង​វីដេអូ​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ ​អ្នកស្រីស្នើ​ឲ្យ​លោក​ ​ហ៊ុន ម៉ានី​ ​ចេញ​មុខ​បកស្រាយឲ្យ​បាន​ច្បាស់​អំពី​ហេតុការណ៍ទាំង​នោះ។​

អ្នកស្រី​ មូរ សុខហួរ​ ថ្លែង​ប្រាប់​ VOA ​ពី​បរទេស​ នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា៖​

«យើង​ឃើញ​នៅ​ក្នុង​រូបភាព​នេះ ​ហើយ​និង​សម្តី ​ពាក្យ​ត្អូញត្អែរ​ទាំងឡាយ​ ឃើញ​ថា​ ជា​ការ​ធ្ងន់ធ្ងរ​ណាស់ ​រហូត​ដល់​ទៅ​ចង់​សម្លាប់​ខ្លួន​ទៅ​ទៀត​នោះ។ ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ អ្វី​ដែល​ខ្ញុំ​បារម្ភ​បំផុត​នោះ​គឺ​យើង​ឃើញ​ជាក់ស្តែង​ ហើយ​ស្រ្តី​ដែល​រងគ្រោះ ​ពេល​ណា​ដែល​អត់​មាន​សុវត្ថិភាព ​អត់​មាន​ការ​ការពារ អាច​មាន​ទទួល​រង​គ្រោះ​ដោយ​ការ​ជះ​ទឹកអាស៊ីត ​ដោយ​ការ​សម្លាប់ ​ហើយ​យើង​ឃើញ​ថា ​ស្រ្តី​រង​គ្រោះ​ទាំងនោះ​មិន​ដែល​ទទួលបាន​នូវ​យុត្តិធម៌​ទេ»។

ក្នុងការ​អំពាវ​នាវ​ឲ្យ​លោក ​ហ៊ុន ម៉ានី ចេញ​មុខ​បក​ស្រាយ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​សារ ​និង​វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ អំពី​រឿង​អាស្រូវនោះ ​អ្នកស្រី ​មូរ សុខហួរ ​បន្ថែមថា៖​

«រឿង​នេះ​គឺខ្ញុំ​មិនមែន​ចោទ​លោក ហ៊ុន ម៉ានី​ទេ ​គឺខ្ញុំ​សុំ​ឲ្យ​លោក ហ៊ុន ម៉ានី​មក​បំភ្លឺ​ជា​សាធារណៈ​ ហើយ​បើ​សិន​ជា​អត់​មាន​ប្រព្រឹត្ត​ទេ ​រួម​កម្លាំង ​តួនាទី​របស់​លោក​ អំណាច​របស់​លោក​ អាច​ធ្វើ​ជា​យុទ្ធនាការ​ដើម្បី​ការពារ​ស្រ្តី​ដទៃ​ទៀត​ដែល​រងគ្រោះ​ដោយ​សារ​ទារុណ​កម្ម​ផ្លូវ​ភេទ​របៀប​នេះ»។​

កាលពី​សប្តាហ៍​មុន​ ​វីដេអូ​ជា​ច្រើន​ត្រូវ​បាន​ពួក​ជន​អនាមិក​ ​Hackers​ ​បង្ហាញ​ជា​សាធារណៈ​ ​និង​ចែក​ចាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​និង​ ​Youtube​ ​ក្រោយ​ការ​កាន់កាប់​គណនី​ហ្វេសប៊ុក​លោក​ ​ហ៊ុន ម៉ានី​ ​កូន​ប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។​ ​វីដេអូ​មួយ​ចំនួន​បាន​បង្ហាញ​អំពី​ការ​ឆ្លើយ​ឆ្លង​សារ​ស្នេហា​ ​និង​មេត្រី​ភាព​រវាង​លោក​ ​ហ៊ុន ម៉ានី​ ​និង​តារា​ស្រីៗ​ ​ក្មេងៗ​មួយ​ចំនួន​តាម​បណ្តាញ​សង្គម​ ​Facebook​ ដែលក្នុង​នោះ​ ​មាន​ការ​បង្ហាញ​ពីរូប​ភាព​ស្នាមខាំ​ ​និង​ស្នាម​ជាំ​លើ​ដើម​ដៃ​របស់​ស្រ្តីក្មេងៗ​មួយ​ចំនួន​ ​ព្រមទាំង​រូបភាព​ស្រ្តី​ម្នាក់​កំពុង​ព្យាបាល​ជំងឺ​ ​ដែល​ក្រុម​ ​Hacker​ ​ទាំង​នោះ​អះ​អាង​ថា ​ជា​ស្លាកស្លាម​កើត​ឡើង​ដោយសារ​ ​លោក​ ​ហ៊ុន ម៉ានី។​

នៅ​មុន​ការ​បែកធ្លាយ​វីដេអូ​ទាំង​នោះ​ ​លេខាធិការដ្ឋាន​របស់​លោក​ ​ហ៊ុន ម៉ានី​ ​បាន​ប្រកាស​ថា​ ​គណនី​ និង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ ​ហ៊ុន ម៉ានី​ ​ដែល​មាន​ឈ្មោះ​ថា​ ​Hun Mani​ ​និង​ ​Hun Many​ ​ត្រូវ​បាន​ក្រុម​ជន​អនាមិក​វាយ​លុក​យក​ទៅ​កាន់កាប់​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ​ក្រោយ​ការ​ព្យាយាមជា​ច្រើនលើក។​

លោក​ ​ហ៊ុន ម៉ានី​ ​តំណាង​រាស្រ្ត​វ័យ​ក្មេង​របស់គណបក្ស​កាន់​អំណាច​មកពី​មណ្ឌល​កំពង់​ស្ពឺ​ ​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​ដែល​មាន​យុវជន​ប្រមាណ​ជា​ជាង​មួយម៉ឺននាក់ជា​សមាជិក​ បានបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​ទេ។​

​លោក​ ​ហ៊ុន ម៉ានី​ ​បញ្ជាក់​ថា៖​

«បើ​សិន​ជា​ចង់​សម្ភាសន៍​ ​ដាក់​លិខិត​មក​តាម​នីតិវិធី​មក​ ​ហើយ​ចាំ​ជួបគ្នា ​ទល់​មុខ​គ្នា​ ​សម្ភាស​ល្អ​ជាង។​ ខ្ញុំ​អត់​ទម្លាប់​សម្ភាស​តាម​ទូរស័ព្ទ​ទេ»។

​VOA​ ​មិន​អាច​ទាក់ទងរដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ ​អ្នកស្រី​ ​អ៊ឹង កន្ថាផាវី​ ​ដើម្បី​សុំ​ការអធិប្បាយ​បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។​

អ្នកស្រី​ ​ធីតា ឃឹះ​ ​នាយិកា​ប្រតិបត្តិ​អង្គការ​សីលកា ​ដែល​ជា​អង្គការ​ធ្វើការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​ ​ប្រាប់​ VOA​ ​ថា​ ​អ្នកស្រី​មិនទាន់​បាន​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹងសារ​ដែល​ទម្លាយដោយ​ក្រុម​ ​Hacker ​នោះ​ទេ។​ ​ទោះយ៉ាង​ណា អ្នកស្រីថា​ ​លោក​ ​ហ៊ុន ម៉ានី​ ​គួរចេញ​មុខ​បកស្រាយ​ជា​សាធារណៈ​ពាក់ព័ន្ធ​នឹង​សារ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ទាំង​នោះ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​អត់​បាន​ឃើញ​ ​អីចឹង​ទៅ​ខ្ញុំ​ឆ្លើយ​អត់រួច​ ​ឆ្លើយ​អត់​កើត​ដែរ។​ ​ប៉ុន្តែ​ឥឡូវ​នេះ​ នៅ​ក្នុង​ពិភពលោក​គេ​កំពុង​ផ្អើល​ពី​រឿង​ដាក់​បន្ទោស​ ​ឬ​ក៏​ដាក់​បន្ទុក​ទៅ​លើ​បញ្ហា​ដែល​កើត​មានឡើងអំពី​អំពើ​ហិង្សា។​ ដូច្នេះ​ខ្ញុំ​អត់​បាន​ឃើញ​ ​ខ្ញុំ​ឆ្លើយ​អត់បាន។​ ប៉ុន្តែក្នុង​នាម​គាត់​ជា​មនុស្ស​សាធារណៈ​ ​ជា​បុគ្គល​សាធារណៈ​ ​ប្រសិន​បើ​មាន​រឿង​អញ្ចឹង ​គាត់​អាច​និយាយ​ដើម្បី​ការពារ​ខ្លួនគាត់​ ​ឬ​មួយ​ក៏​ពន្យល់​ហេតុ​ការណ៍​ហ្នឹង​ទៅ​តាម​ការណ៍​ពិត​ដែល​គាត់​អាច»។​

ក្រោយ​ការ​បែក​ធ្លាយ​វីដេអូ​ និង​សារ​លើ​បណ្តាញ​សង្គម​ដែល​ចោទ​ថា ​លោក ហ៊ុន ម៉ានី​ មាន​រឿង​អាស្រូវ​ជាមួយ​ស្រ្តី​ក្មេងៗ​ជាច្រើន​ ​គេ​ឃើញ​ស្រ្តី​វ័យ​ក្មេង​មួយ​ចំនួន​ដែលស្ថិត​ក្នុង​វីដេអូ​ ​និង​សារ​ទាំង​នោះ​ ​បាន​ចេញ​មក​បកស្រាយលើ​គណនី​ ​Facebook​ ​របស់​ពួក​គេ​ ​ហើយថា​ ​ពួក​គេ​គ្រាន់តែរាប់អាន​គ្នា​ធម្មតា​ជា​មួយ​លោក​ ​ហ៊ុន ម៉ានី​ ​ប៉ុណ្ណោះ៕