លោកប្រធានាធិបតីស.រ.អា. Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានចេញបទបញ្ជានីតិប្រតិបត្តិមួយដែលមានឈ្មោះថា ច្បាប់និងយុត្តិធម៌។
បទបញ្ជានីតិប្រតិបត្តិនេះធ្វើឡើងដើម្បីបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលជាប់ទាក់ទងនឹងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬជាប់ទាក់ទងនឹងអំពើពុករលួយ។ លោកប្រធានាធិបតីសរសេរថា ការសម្រេចរបស់លោកគឺតាមតាមអំណាចរបស់លោកក្នុងនាមជាប្រធានាធិបតី ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ស.រ.អា.។
លោកប្រធានាធិបតីសរសេរថា ខ្ញុំ Donald Trump ប្រធានាធិបតីស.រ.អា.បានកត់សម្គាល់ឃើញថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងមានអំពើពុករលួយ ដែលមានប្រភពទាំងស្រុង ឬមួយផ្នែកនៅក្រៅស.រ.អា. ដូចជាបុគ្គលដែលប្រព្រឹត្តអំពើនេះដោយខ្លួនឯង ឬដែលធ្វើតាមការបញ្ជារបស់គេ ដូចមានចែងក្នុងលក្ខខណ្ឌភ្ជាប់ក្នុងបទបញ្ជានេះ។
លោកបន្តថា អំពើទាំងនេះបានកើនឡើងដល់កម្រិតធ្ងន់ធ្ងរ ដែលជាការគំរាមកំហែងស្ថិរភាពប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ៕