សភាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានបោះឆ្នោតទៅច្បាប់ពន្ធដារដែលមានទឹកប្រាក់១,៥ទ្រីលានដុល្លាររបស់គណបក្សសាធារណរដ្ឋ ដែលផ្តល់ការលើកលែងដល់ពលរដ្ឋអាមេរិកាំងភាគច្រើន ប៉ុន្តែផ្តល់អត្ថប្រយោជន៍ភាគច្រើនដល់ពួកអ្នកមាន នេះបើយោងតាមក្រុមអ្នកវិភាគពន្ធដាអព្យាក្រឹតប្រាប់ឲ្យដឹង។
មេដឹកនាំសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ លោក Mitch McConnell បានថ្លែងថា បន្ទាប់ពីការបោះឆ្នោតនៅសភារួចហើយ ព្រឹទ្ធសភាបានបោះឆ្នោតទៅលើច្បាប់នេះនៅល្ងាចថ្ងៃអង្គារដដែល។ ប្រសិនស្ថាប័នទាំងពីរនេះអនុម័តទៅលើច្បាប់នេះ គេនឹងបញ្ចូនច្បាប់នេះទៅលោកប្រធានាធិបតី Donald Trump ចុះហត្ថលេខាសម្រេចដើម្បីកែប្រែច្បាប់ពន្ធដាររបស់សហរដ្ឋអាមេរិកដ៏ស្មុគស្មាញនេះ ដែលមានរយៈពេលជាង៣០ឆ្នាំមកហើយ ហើយការណ៍នេះនឹងបង្ហាញពីជ័យជម្នះរបស់លោក Trump នៅក្នុងកំណែទម្រង់ច្បាប់ជាលើកទី១របស់លោក។
មជ្ឈមណ្ឌលគោលនយោបាយពន្ធដារអព្យាក្រឹត កាលពីថ្ងៃចន្ទបានសន្និដ្ឋានថា ច្បាប់ពន្ធដារនេះនឹងកាត់ពន្ធពីពលរដ្ឋអាមេរិកចំនួន៩៥ភាគរយនៅឆ្នាំក្រោយ ប៉ុន្តែច្បាប់នេះនឹងកាត់ពន្ធពីពួកអ្នកមានចំណូលច្រើន តិចជាងអ្នកមានចំណូលទាប៕