ការ​ដោះ​ដូរ​អ្នកទោស​សង្គ្រាម​ចាប់​ផ្តើម​នៅ​អ៊ុយក្រែន​ភាគ​ខាងកើត

សមាជិក​នៃ​ក្រុម​ឧទ្ទាម​ដែល​លម្អៀង​ទៅ​រុស្ស៊ី​ដើរ​ឆ្លងកាត់​យោធា​អ៊ុយក្រែន​កំឡុង​ពេល​ដោះដូរ​អ្នកទោស​សង្រ្គាម​នៅ​ខាងក្រៅ​ក្រុង​ Donetsk ប្រទេស​អ៊ុយក្រែន​ កាលពី​ថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០១៤។

កាល​ពី​ថ្ងៃ​សុក្រ​ ប្រទេស​អ៊ុយក្រែន​និង​ក្រុម​ទាមទារ​បំបែក​រដ្ឋលម្អៀង​ទៅ​ខាង​រុស្សី​បាន​ចាប់ផ្តើម​ប្តូរ​អ្នកទោស​សង្គ្រាម​ដោយ​គេ​រំពឹង​ថា​ឈ្លើយ​សឹក​រាប់​រយ​នាក់​នឹង​ត្រូវ​ដោះលែង​មិន​ហួស​ពី​ពេល​យប់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ទេ។​

ការ​ប្តូរ​អ្នកទោសសង្គ្រាម​នេះ​មាន​ទាក់ទិន​នឹង​យុទ្ធជន​ទាមទារ​បំបែក​រដ្ឋ​២២០នាក់​និង​ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែន​១៥០​នាក់​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​កាលពី​៨​ខែ​មុន​នេះ។

ការ​ដោះដូរ​ឈ្លើយ​សឹក​ទាំង​នេះ​ប្រព្រឹត្ត​ទៅ​តាម​លក្ខខណ្ឌនៃ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​បាន​ត្រូវ​សម្រេច​ទ្បើង​រវាង​ភាគី​នានានៅ​ក្នុង​រដ្ឋធានី​ Minsk នៃ​ប្រទេស​បេឡារុស​ (Belarus)។

​អ្នកតំណាង​នៃ​ប្រទេស​អ៊ុយក្រែន​និងក្រុម​ឧទ្ទាម​លម្អៀង​ទៅ​ខាង​រុស្សី​បាន​ជួប​គ្នា​កាលពី​ពេល​មុននេះ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ធ្វើ​ការ​ចរចារ​គ្នា​ដែល​បាន​សម្របសម្រួល​ដោយ​អង្គការ OSCE និង​ក្រុម​ប្រសិត​រុស្សី​ដោយយក​ចិត្ត​ទុកដាក់​លើ​ការ​ធ្វើ​បែបណា​ដើម្បី​ពង្រឹង​ឯកសារ​ពិធី​ការ​មាន​១២ចំណុច​ដែល​បាន​យល់​ស្របគ្នា​កាល​ពី​ខែ​កញ្ញា។​

ជំនួប​គ្នា​កាលពី​ថ្ងៃ​ពុធ​ត្រូវ​មាន​បន្ត​ដោយ​ការ​ប្រជុំ​គ្នា​មួយ​លើក​ទៀត​នៅ​ថ្ងៃ​សុក្រ​ស​ម្រាប់​ការចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទូលំទូលាយ​មួយ​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ក្នុង​តំបន់ Donbas នា​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។ ប្រភព​ជិត​ស្និទ្ធ​នឹង​កិច្ច​ចរចា​គ្នា​នេះ​បាន​ពណ៌នា​ថា​មាន​ភាព «តានតឹងខ្លាំង​ណាស់» ហើយ​នៅ​ពេល​នេះ​កិច្ចចរចា​គ្នា​នេះ​បាន​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ក្រោយ​វិញ​ហើយ៕