លោក Serhiy Popko ប្រធានរដ្ឋបាលយោធាទីក្រុងកៀវនៃប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីបានវាយប្រហារតាមអាកាសលើទីក្រុងកៀវដោយប្រើដ្រូននិងមីស៊ីល។ លោកបានហៅការបាញ់ស្រោចនេះថាមាន «កម្រិតមិនធម្មតា»។
លោក Popko បានបង្ហោះសារនៅលើ Telegram ថា ការវាយប្រហារនេះបានបង្ហាញឱ្យឃើញអំពី «ចំនួនអតិបរមានៃមីស៊ីលវាយប្រហារនៅក្នុងរយៈពេលខ្លីបំផុតមួយ»។
កងទ័ពជើងអាកាសរបស់អ៊ុយក្រែនបានលើកឡើងថា ខ្លួនបានបាញ់ទម្លាក់ដ្រូនមួយចំនួននិងមីស៊ីលទាំង ១៨ គ្រាប់ដែលរុស្ស៊ីបានបាញ់ដាក់ទីក្រុងកៀវ ដែលក្នុងនោះរួមមានទាំងមីស៊ីលលឿនជាងសំឡេង(hypersonic) ប្រភេទ Kinzhal ចំនួន ៦ គ្រាប់ផងដែរ។
លោក Popko បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសនេះគឺជាការវាយប្រហារលើកទី ៨ សំដៅលើទីក្រុងកៀវតាំងពីដើមខែឧសភានេះមក។
អភិបាលក្រុងកៀវលោក Vitali Klitschko បានរាយការណ៍ថាកម្ទេចកម្ទីមីស៊ីលនិងដ្រូនដែលធ្លាក់ចុះពីលើអាកាសបានបណ្ដាលឱ្យមានការខូចខាតដល់សង្កាត់មួយចំនួននៅក្នុងទីក្រុងកៀវ ដែលក្នុងនោះរួមមានទាំងសង្កាត់ Solomyanskyi ផងដែរ ដែលនៅទីនោះមនុស្ស ៣ នាក់បានរងរបួស។
ទាក់ទិននឹងរឿងដោយឡែកមួយទៀត ចក្រភពអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួននឹងបញ្ជូនមីស៊ីលនិងដ្រូនវាយប្រហាររាប់រយគ្រឿងបន្ថែមទៀតដល់អ៊ុយក្រែនក្នុងក្ដីសង្ឃឹមថាអាចពង្រឹងការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអរគុណនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Rishi Sunak ដែលជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់ សម្រាប់សព្វាវុធថ្មីទាំងនេះ នៅពេលលោកទាំងពីរបានជួបពិភាក្សាគ្នានៅវិមាន Chequers ដែលជាវិមានសម្រាកលំហែកាយជនបទផ្លូវការរបស់លោក Sunak។
រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា ខ្លួនចាត់ទុកជំនួយបន្ថែមរបស់ចក្រភពអង់គ្លេសដល់អ៊ុយក្រែននេះថាមានលក្ខណៈ «អវិជ្ជមានខ្លាំងបំផុត» ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយថា រុស្ស៊ីមិនជឿថាសព្វាវុធថ្មីទាំងនេះនឹងធ្វើឱ្យមានការប្រែប្រួលធំដុំណាមួយលើសង្គ្រាមនោះទេ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។