កាលពីថ្ងៃព្រហស្បតិ៍ អតីតមន្ត្រីសំខាន់ម្នាក់នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិក្នុងសេតវិមានបាននិយាយប្រាប់ការស៊ើបអង្កេតអំពីការចោទប្រកាន់ដើម្បីដកលោកប្រធានាធិបតី Donald Trump ពីតំណែងថាជា«ការនិយាយរៀបរាប់មិនពិត»ដែលថាប្រទេសអ៊ុយក្រែន មិនមែនប្រទេសរុស្ស៊ីទេ ដែលជ្រៀតជ្រែកក្នុងការបោះឆ្នោតក្នុងប្រទេសអាមេរិកកាលពីឆ្នាំ២០១៦ដែលលោក Trump បានទទួលជ័យជម្នះ។
នៅក្នុងការធ្វើសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការខាងការស៊ើបការសម្ងាត់នៃសភាតំណាងរាស្ត្រអាមេរិកាំង អ្នកស្រី Fiona Hill បាននិយាយផ្ទុយពីលោក Trump ដែលបាននិយាយថាប្រទេស រុស្ស៊ីមានលទ្ធភាពជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតហើយលោកក៏បានថ្លែងដែរថាលោកទទួលយកការបដិសេធរបស់ប្រធានាធិបតីរុស្សី Vladimir Putin ដែលថារដ្ឋាភិបាលក្រុងម៉ូស្គូមិនបានជ្រៀតជ្រែកដើម្បីគាំទ្រលោកទេ។
អ្នកស្រី Hill ដែលរហូតដល់កាលពីដើមឆ្នាំនេះជាទីប្រឹក្សាជាន់ខ្ពស់ខាងកិច្ចការប្រទេសរុស្សីនៅក្នុងក្រុមប្រឹក្សាសន្តិសុខបាននិយាយថា«ដោយផ្អែកលើសំណួរនិងសេចក្តីថ្លែងការណ៍ដែលខ្ញុំបានស្តាប់ អស់លោកខ្លះនៅក្នុងគណៈកម្មាធិការនេះហាក់ដូចជាជឿថាប្រទេសរុស្ស៊ីនិងសេវាសន្តិសុខរបស់ប្រទេសនេះមិនបានធ្វើយុទ្ធនាការប្រឆាំងនឹងប្រទេសយើងទេ--ហើយថាដោយសារហេតុផលខ្លះប្រទេសអ៊ុយក្រែនបានធ្វើការជ្រៀតជ្រែកបែបនេះ។ នេះជាការនិយាយរៀបរាប់មិនពិតដែលបានត្រូវប្រព្រឹត្តនិងផ្សព្វផ្សាយដោយសេវាសន្តិសុខរុស្ស៊ី»។
អ្នកស្រី Hill បានមានប្រសាសន៍ថា«ការពិតជាអកុសលគឺថាប្រទេសរុស្ស៊ីជាមហាអំណាចបរទេសដែលបានវាយប្រហារដោយប្រព័ន្ធលើស្ថាប័នប្រជាធិបតេយ្យរបស់យើងក្នុងឆ្នាំ២០១៦។ នេះជាការសន្និដ្ឋានសាធារណៈរបស់ទីភ្នាក់ងារខាងស៊ើបការសម្ងាត់របស់យើងដែលបានត្រូវបញ្ជាក់ថាពិតនៅក្នុងរបាយការណ៍របស់គណបក្សទាំងពីរនៅក្នុងសភាស.រ.អា.។ នេះជាការមិនអាចប្រកែកបានទេ ទោះណាជាសេចក្តីល្អិតល្អន់ខ្លះត្រូវតែជាការសម្ងាត់ក៏ដោយ៕