អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ត្រូវបានចាប់ដាក់ពន្ធនាគារភ្លាមៗនៅថ្ងៃអង្គារនេះ បន្ទាប់ពីលោកបានធ្វើដំណើរទៅដល់ទីក្រុងបាងកក ប្រទេសថៃ ក្រោយពីបាននិរទេសខ្លួនដោយខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំមក។
លោក Thaksin ត្រូវបានទទួលស្វាគមន៍ដោយអ្នកគាំទ្ររាប់រយនាក់នៅអាកាសយានដ្ឋាន Don Muang ក្នុងទីក្រុងបាងកក មុនពេលត្រូវបានប៉ូលិសនាំខ្លួនទៅកាន់តុលាការកំពូល ដែលតុលាការនេះបានបញ្ជាឱ្យលោកបំពេញទោសជាប់ពន្ធនាគារ ៨ ឆ្នាំផ្អែកលើការផ្តន្ទាទោសកាលពីលើកមុនពីបទពុករលួយ។
អ្នកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់លោក Thaksin បានបង្ហោះរូបថតនៅលើបណ្ដាញសង្គមអនឡាញដែលបង្ហាញអំពីលោក Thaksin ថតជាមួយនឹងកូនរបស់លោក ៣ នាក់និងចៅ ៧ នាក់បន្ទាប់ពីបានធ្វើដំណើរទៅដល់ទីក្រុងបាងកក ដោយអមជាមួយនឹងសារដែលថាលោក Thaksin បានត្រឡប់មកវិញហើយ «និងដើម្បីបំពេញតាមនីតិវិធីរបស់តុលាការ»។
ការធ្វើដំណើរទៅដល់ប្រទេសថៃនិងការចាប់ដាក់ពន្ធនាគាររបស់លោក Thaksin នេះបានកើតឡើងក្នុងពេលប៉ុន្មានម៉ោងមុនរដ្ឋសភាបានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺលោក Srettha Thavisin មកពីគណបក្សភឿថៃ។
នយោបាយនៅក្នុងប្រទេសថៃបានជាប់គាំងតាំងពីពេលដែលគណបក្សឆ្ពោះទៅមុខ (Move Forward Party) និងដៃគូសម្ព័ន្ធភាពរបស់ខ្លួនទទួលបានជ័យជម្នះដ៏ខកចិត្តនៅក្នុងការបោះឆ្នោតរដ្ឋសភាកាលពីខែឧសភា។ ប៉ុន្តែ លោក Pita Limjaroenrat ដែលជាមេដឹកនាំរបស់គណបក្សនេះ មិនទទួលបានសំឡេងគាំទ្រចាំបាច់ដើម្បីបានកាន់តំណែងជានាយករដ្ឋមន្ត្រីនោះទេ ដោយសារមានការប្រឆាំងខ្លាំងក្លានៅក្នុងព្រឹទ្ធសភាអភិរក្សនិយមដែលគាំទ្រដោយយោធា។
គណបក្ស Pheu Thai ដែលជាគណបក្សចុងក្រោយបង្អស់ដែលលេចចេញពីចលនានយោបាយរបស់លោក Thaksin បានតែងតាំងមហាសេដ្ឋីអចលនទ្រព្យលោក Srettha Thavisin សម្រាប់តំណែងជានាយករដ្ឋមន្ត្រីនេះ។ គណបក្ស Pheu Thai ទទួលបានចំណាត់ថ្នាក់លេខ ២ នៅក្នុងការបោះឆ្នោតកាលពីខែឧសភា ប៉ុន្តែបានបង្កើតសម្ព័ន្ធភាពជាមួយនឹងសមាជិកសភាដែលជាយោធានិងមានទំនោរទៅរករាជានិយម ដែលធ្វើឱ្យអ្នកគាំទ្រយូរមកហើយរបស់ខ្លួនជាច្រើនមានការខឹងសម្បា។
លោក Thaksin ដែលជាមហាសេដ្ឋីផ្នែកប្រព័ន្ធផ្សព្វផ្សាយវ័យ ៧៤ ឆ្នាំរូបនេះ ត្រូវបានជ្រើសរើសឱ្យធ្វើជានាយករដ្ឋមន្ត្រីដំបូងនៅឆ្នាំ ២០០១ និងទទួលបានការគាំទ្រស្មោះស្ម័គ្រក្នុងចំណោមអ្នកក្រីក្រនៅតាមតំបន់ជនបទក្នុងប្រទេសថៃដោយសារគោលនយោបាយមួយចំនួនដូចជាការធានារ៉ាប់រងសុខភាពជាទូទៅ និងការបង់ជាលុយសុទ្ធដល់កសិករជាដើម។
ប៉ុន្តែ លោកត្រូវបានទម្លាក់ពីតំណែងនៅក្នុងរដ្ឋប្រហារឆ្នាំ ២០០៦ ដោយយោធាដែលចងសម្ព័ន្ធភាពជាមួយនឹងសមាជិកក្រុមឥស្សរជនដែលមានទំនោរទៅរករបបរាជាធិបតេយ្យនៅក្នុងប្រទេសថៃ ដែលមើលឃើញលោកថាជាការគំរាមកំហែងចំពោះការក្ដោបក្ដាប់យ៉ាងតឹងណែនជាយូរមកហើយរបស់ពួកគេលើរបៀបរៀបរយសង្គម។
លោក Thaksin ត្រូវបានកាត់ទោសនិងផ្ដន្ទាទោសដោយកំបាំងមុខក្រោមបទចោទប្រកាន់មួយចំនួនដែលលោកថាមានលក្ខណៈនយោបាយ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP Reuters និង AFP។