អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ

លោក Najib Razak អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្លែង​ទៅ​កាន់​សារព័ត៌មាន បន្ទាប់​ពី​ត្រូវ​បាន​គណៈកម្មាការ​ប្រឆាំង​អំពើ​ពុករលួយ​ម៉ាឡេស៊ី​សួរ​ចម្លើយ នៅ​ក្នុង​ក្រុង Putrajaya កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុក​រលួយ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ទាក់ទិន​នឹង​ថវិកា​វិនិយោគ​របស់​ក្រុមហ៊ុន 1MDB របស់​រដ្ឋ។

ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​បញ្ជាក់​ថា លោក Najib ត្រូវ​បាន​ភ្នាក់ងារ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​ប្រទេស​ម៉ាឡេស៊ី​ចាប់​ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ។ ការ​ចាប់​ខ្លួន​នេះ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស៊ើប​អង្កេត​មួយ​ទៅ​លើ​ក្រុមហ៊ុន SRC International ដែល​ជា​អតីត​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន 1MDB។

គេ​គ្រោង​នឹង​ចោទ​ប្រកាន់​លោក Najib ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​ស្អែក។

លោក Najib គឺ​ជា​ចំណុច​ស្នូល​នៃ​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ថា​បាន​លួច​ប្រាក់​ពី​ក្រុមហ៊ុន 1MDB របស់​រដ្ឋ ដែល​ជា​ក្រុមហ៊ុន​មួយ​ដែល​លោក​បាន​បង្កើត​ឡើង​នៅ​ពេល​ដែល​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ទឹក​ប្រាក់​សរុប​ចំនួន ៤ ពាន់ ៥ រយ​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​គេ​លួច​ពី​ថវិកា​ក្រុមហ៊ុន 1MDB ដែល​ទឹក​ប្រាក់​មួយ​ចំនួន​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​គណនី​ធនាគារ​ផ្ទាល់​ខ្លួន​របស់​លោក Najib។

រឿង​អាស្រូវ​នេះ​បាន​បណ្ដាល​ឲ្យ​គណបក្ស​សម្ព័ន្ធ​រណសិរ្ស​ជាតិ​របស់​លោក Najib បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត។ គណបក្ស​សម្ព័ន្ធ​រណសិរ្ស​ជាតិ​នេះ​បាន​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី​ដោយ​គ្មាន​ការ​រារាំង​តាំង​ពី​ប្រទេស​ម៉ាឡេស៊ី​ទទួល​បាន​ឯករាជ្យ​នៅ​ក្នុង​ឆ្នាំ ១៩៥៧ មក។

តាំង​ពី​អស់​តំណែង​មក លោក Najib ត្រូវ​បាន​គេ​ហាម​ឃាត់​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ត្រូវ​បាន​ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ចោទ​សួរ​រួម​ជាមួយ​នឹង​ភរិយា​របស់​លោក​គឺ​លោកស្រី Rosmah Mansor ផង​ដែរ៕