ប្រធានាធិបតីតំបន់ Catalonia លោក Carles Puigdemont ដែលត្រូវបានបណ្តេញចេញពីតំណែង ត្រូវបានចាប់ខ្លួនក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យ ខណៈដែលលោកឆ្លងព្រំប្រទល់ពីប្រទេស ដាណាម៉ាក។ នេះបើយោងតាមប៉ូលិសអាល្លឺម៉ង់។
លោក Jaume Alonso-Cuevillas មេធាវីរបស់លោក Puigdemont បានបញ្ជាក់តាមបណ្តាញសង្គម Twitter ថា ពិតមានការចាប់ខ្លួនប្រាកដមែន និងបានបន្ថែមថា លោក Puigdemont កំពុងតែធ្វើដំណើរទៅកាន់ប្រទេស ប៊ែលហ្ស៊ិក នៅពេលដែលត្រូវបានចាប់ខ្លួននោះ។
លោក Puigdemont បានរត់ភៀសខ្លួនទៅកាន់ប្រទេស ប៊ែលហ្ស៊ិក កាលពីដំបូងឡើយ បន្ទាប់ពីមានដីកាចាប់ខ្លួនលោក ចំពោះតួនាទីរបស់លោកនៅក្នុងការបោះឆ្នោតប្រជាមតិឯករាជ្យមួយកាលពីខែតុលាកន្លងទៅនេះ។
សេចក្តីរាយការណ៍មួយពីបណ្តាញសារព័ត៌មាន AFP បានឲ្យដឹងថា លោក Puigdemont នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃចន្ទនេះ ដើម្បីជាផ្នែកមួយនៃ
ដំណើរការកំណត់ទៅលើថាតើត្រូវបញ្ជូនខ្លួនលោកទៅប្រទេសអេស្ប៉ាញវិញឬយ៉ាងណា។ យោងតាមបណ្តាញសារព័ត៌មាន Associated Press ការឃុំខ្លួនលោក Puidgmont បង្កឲ្យមានការធ្វើបាតុកម្មមួយចំនួននៅក្នុងប្រទេសអេស្ប៉ាញ។
លោក Alonso-Cuevillas បានសរសេរថា លោក Puigdemont «កំពុងធ្វើដំណើរទៅកាន់ប្រទេសប៊ែលហ្ស៊ិក ដើម្បីបង្ហាញវត្តមានរបស់លោកនៅក្នុងតុលាការប៊ែលហ្ស៊ិក ដូចដែលលោកធ្លាប់ធ្វើកន្លងមក»៕