សេដ្ឋកិច្ចនៃតំបន់ Eurozone អឺរ៉ុបដែលមាន១៩ប្រទេសបានថយចុះរហូតដល់ជាង១២% ក្នុងត្រីមាសទី២ពីខែមេសា ដល់ខែមិថុនា ដែលជាការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងបំផុតមិនធ្លាប់មាន ខណៈដែលវិធានការបិទសកម្មភាពសង្គមនិងអាជីវកម្មនានាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការចាយវាយរបស់អ្នកប្រើប្រាស់។
អ្នកសេដ្ឋកិច្ចថា ចំណុចធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងបំផុតបានកន្លងផុតហើយ ដោយសារមានការបន្ធូរបន្ថយវិធានការរឹតត្បិតខ្លះវិញ ប៉ុន្តែថា ការរើបឡើងវិញនៃសេដ្ឋកិច្ចត្រូវការចំណាយពេលយូរហើយងាយរងគ្រោះពីការផ្ទួះរាតត្បាតឡើងវិញនៃកូវីដ១៩។
ប្រទេសអេស្ប៉ាញ ដែលធ្លាប់ជាកន្លែងមានការផ្ទុះរាតត្បាតកូវីដ១៩ខ្លាំងជាងដំបូងនៅអឺរ៉ុប ជាមួយប្រទេសអ៊ីតាលី បានទទួលផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរជាងគេ ដោយមានការធ្លាក់ចុះរហូត១៨,៥%។ ប្រទេសបារាំង អ៊ីតាលី និងព័រទុយហ្គាល់ក៏បានរងការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងដែរ។
រដ្ឋាភិបាលនានារបស់អឺរ៉ុបកំពុងទប់ស្កាត់ឱនភាពសេដ្ឋកិច្ចនេះដោយចេញវិធានការថវិកាជំនួយសេដ្ឋកិច្ចយ៉ាងច្រើន។ មេដឹកនាំអឺរ៉ុបមកទល់ពេលនេះបានឯកភាពចំពោះថវិកាតម្លៃ៧៥០ពាន់លានដុល្លារដើម្បីជួយសេដ្ឋកិច្ចពីឆ្នាំ២០២១ទៅ៕