សហរដ្ឋអាមេរិកនឹងដកកងទ័ពជិត១ម៉ឺន២ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់ដែលការណ៍នេះបណ្តាលឲ្យមានការរិះគន់យ៉ាងខ្លាំងប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ទាំងនៅក្នុងប្រទេសនិងនៅបរទេស ទោះបីពួកមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងអង្គការអូតង់បានការពារចំណាត់ការនេះថា ជាការចាំបាច់ខាងយុទ្ធសាស្ត្រក៏ដោយ។
មន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកបានប្រកាសពីការផ្លាស់ប្តូរទីតាំងទ័ពកាលពីថ្ងៃពុធ ដោយនិយាយថា ការផ្លាស់ប្តូរទីតាំងទ័ពនេះជាលទ្ធផលនៃការវាយតម្លៃរយៈពេលមួយខែនៃកាយវិការខាងយោធាទូទាំងសាកលលោកដែលមានន័យថា ដើម្បីលើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទាំងការកំញ៉ើញនិងការឆ្លើយតបដល់ការគំរាមកំហែងមកពីមហាអំណាចសំខាន់ៗដូចជា ប្រទេសរុស្ស៊ី និងចិន។
លោក Mark Esper រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃពុធដោយបានបដិសេធការផ្លាស់ប្តូរនោះជាការដាក់ទណ្ឌកម្មប្រទេសអាល្លឺម៉ង់ដោយបាននិយាយថា «ការផ្លាស់ប្តូរទាំងនេះនឹងធ្វើឲ្យសម្រេចគោលការណ៍ដ៏សំខាន់នៃការធ្វើឲ្យប្រសើរឡើងរបស់សហរដ្ឋអាមេរិកនិងអង្គការអូតង់ដល់ការកំ ញើញដល់ប្រទេសរុស្ស៊ី ពង្រឹងអង្គការអូតង់ ធានាអះអាងឡើងវិញដល់សម្ព័ន្ធមិត្តនិងធ្វើឲ្យប្រសើរឡើងវិញនូវភាពដែលអាចបត់បែនបានខាងយុទ្ធសាស្ត្រ»។
លោករដ្ឋមន្ត្រីការពារប្រទេសអាមេរិក Esper បាននិយាយបន្តទៀតថា៖ «នេះជាអ្វីដែលយើងចង់ធ្វើ។ យើងមានអារម្មណ៍ល្អបំផុតអំពីបញ្ហានេះ។ យើងចង់ឲ្យបានទៅ ដល់ទីនោះឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន»។
ក៏ប៉ុន្តែ ទោះបីលោក Esper និងមន្ត្រីសហរដ្ឋអាមេរិកសំខាន់ៗផ្សេងៗទៀត បានការពារការផ្លាស់ប្តូរទីតាំងទ័ពថាជាយុទ្ធសាស្ត្រក៏ដោយ លោកប្រធានាធិបតីត្រាំបានប្រាប់ពួកអ្នកយកព័ត៌មាននៅឯសេតវិមានថា ការដកកងទ័ពមេរិកមួយផ្នែកចេញពីប្រទេសអាល្លឺម៉ង់ ត្រូវគេរំពឹងនឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ក្រោយទៀតនេះដោយអាស្រ័យលើថវិកា។
លោកប្រធានាធិបតីត្រាំបាននិយាយកាលពីថ្ងៃពុធថា៖ «យើងនឹងកាត់បន្ថយកងកម្លាំង ពីព្រោះតែពួកគេមិនបង់ប្រាក់។ វាជាការងាយស្រួលណាស់។ ការបង់ប្រាក់បានហួសកំណត់ពេល»៕