រដ្ឋាភិបាល​ប្រទេស​​អឺរ៉ុប​កំពុង​ធ្វើ​ការ​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​កែប្រែ​រចនា​សម្ព័ន្ធ​អង្គការ​ WHO

រូប​ឯកសារ៖ ស្លាកសញ្ញា​របស់​អង្គការ​សុខភាព​ពិភពលោក​ត្រូវ​បាន​ដាក់​នៅ​ខាង​ក្រៅ​អគារ​របស់​អង្គការ​នេះ នៅ​ក្នុង​ក្រុង​ហ្សឺណែវ។

មន្ត្រី​ជាន់​ខ្ពស់​សុខាភិបាល​អឺរ៉ុប​មួយ​រូប​និយាយ​ថា រដ្ឋាភិបាលនៃ​ប្រទេស​អឺរ៉ុប​សំខាន់ៗ​កំពុង​ធ្វើ​ការ​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ផែនការ​រុះរើ​រចនាសម្ព័ន្ធ​អង្គការ​សុខភាព​ពិភពលោក WHO ដែល​នេះ​បង្ហាញ​ថា​អឺរ៉ុប​ក៏​មាន​ការ​បារម្ភ​ខ្លះៗ​អំពី​អង្គការនេះ ដែល​បាន​នាំ​ឲ្យ​សហរដ្ឋ​អាមេរិក​សម្រេច​ដក​ខ្លួន​ចេញ​នោះ។​

មន្ត្រី​រូប​នោះ​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ថា ប្រទេស​អង់គ្លេស បារាំង អាល្លឺម៉ង់ ​និង​អ៊ីតាលី កំពុង​ពិភាក្សា​ថ្នាក់​បច្ចេកទេស​ជាមួយ​សហរដ្ឋ​អាមេរិក​អំពី​កំណែទម្រង់​អង្គការ​សុខភាព​ពិភពលោក។

មន្ត្រី​នោះ​ថា​គោលដៅ​នៃ​កំណែទម្រង់​នេះ​គឺ​ដើម្បី​ធានា​ឯករាជ្យភាព​នៃ​អង្គការ WHO ដែល​នេះ​ទំនង​ជា​ការ​សំដៅ​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា​អង្គការ​នេះ​ស្និទ្ធស្នាល​ពេក​នឹង​ប្រទេស​ចិន​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នៅ​ដើម​ឆ្នាំ​នេះ។​

មន្ត្រី​នោះ​ថា​កំណែទម្រង់​មួយ​គឺ​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ថវិកា​នៃ​អង្គការ​នេះ​ឲ្យ​យូរ​អង្វែង ដោយ​កន្លង​មក WHO មាន​កញ្ចប់​ថវិកា​រយៈ​ពេល​២​ឆ្នាំ​ម្តង ដែល​ធ្វើ​ឲ្យ​អង្គការ​នេះ​ពិបាក​រៃ​អង្គាស​ប្រាក់​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ។

ប្រធានាធិបតី​សហរដ្ឋ​លោក ដូណាល់ ត្រាំ កន្លង​មក​បាន​ចោទ​ប្រកាន់​អង្គការ​ WHO ថា ជិត​ស្និត​នឹង​ប្រទេស​ចិន​ពេក ហើយ​លោក​បាន​ប្រកាស​ពី​ផែនការ​ផ្តាច់​សមាជិកភាព​ និង​ថវិកា​របស់​អាមេរិក៕