អង្គការសម្រាប់សន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុបកំពុងតែជំរុញឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ឈប់ការវាយប្រហាររបស់លោកទៅលើសារព័ត៌មានដោយនិយាយថា ការវាយប្រហារទាំងនោះបន្ទាបនូវតម្លៃដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងលទ្ធិប្រជាធិបតេយ្យ។
អ្នកតំណាងសេរីភាពសារព័ត៌មាន OSCE លោក Harlem Desir បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា អត្ថាធិប្បាយរបស់លោក ត្រាំ ទៅលើប្រព័ន្ធផ្សព្វផ្សាយគឺជាបញ្ហាដ៏ជ្រៅ ដោយលោកបានបន្ថែមថា អត្ថាធិប្បាយទាំងនោះ ជាពិសេសការកំណត់ប្រព័ន្ធផ្សព្វផ្សាយថាជា«សត្រូវរបស់ប្រជាជន» អាចធ្វើឲ្យអ្នកកាសែតកាន់តែងាយរងគ្រោះនិងក្លាយទៅជាគោលដៅនៃអំពើហិង្សា។
លោក Desir បានសរសេរនៅក្នុងលិខិតមួយច្បាប់ទៅកាន់លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកថា៖ «ខ្ញុំជំរុញឲ្យរដ្ឋបាលរបស់សហរដ្ឋអាមេរិកបញ្ឈប់ការវាយប្រហារទាំងអស់នោះទៅលើប្រព័ន្ធផ្សព្វផ្សាយ»។
លោក Desir បានគូសបញ្ជាក់នូវសុន្ទរកថារបស់លោក ត្រាំ កាលពីសប្តាហ៍មុននៅក្នុងទីក្រុង Phoenix រដ្ឋ Arizona ដែលលោកប្រធានាធិបតីបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថា «មិនស្មោះត្រង់ទាល់តែសោះ» «ប្រឌិត» «ទុច្ចរិត» និងចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថា បង្កើតរឿងមិនពិតនិងបង្កឲ្យមានការបែកបាក់នៅក្នុងប្រទេសកាន់តែខ្លាំងឡើង។
លោក Desir បានមានប្រសាសន៍ថា អត្ថាធិប្បាយទាំងនោះ «គឺគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ដោយសារតែសហរដ្ឋអាមេរិកគឺជាជំហរដ៏រឹងមាំអស់រយៈពេលជាយូរមកហើយក្នុងនាមជាមេដឹកនាំពិភពលោក នៅក្នុងការការពារសេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាន»។ លោកបានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់នៅក្នុងលទ្ធិប្រជាធិបតេយ្យ ដើម្បីឲ្យរដ្ឋាភិបាលមានការទទួលខុសត្រូវ ហើយក៏ផ្តល់ជាវេទិកាមួយសម្រាប់សំឡេងគ្រប់គ្នាផងដែរ៕