សភា​អឺរ៉ុប​បាន​អនុម័ត​កញ្ចប់​ថវិកា​បន្ទាន់​ចំនួន​៤០​ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ពី​ជំងឺ​កូវីដ១៩

មនុស្ស​កំពុង​កប់​សាក​សព​ទៅ​ក្នុង​ដី​នៅ​ឯ​កន្លែង​បញ្ចុះ​សាក​សព​មួយ​កន្លែង​ នៅ​ខណៈ​ដែល​ការ​រីករាល​ដាល​នៃវីរុស​កូរ៉ូណា នៅ​តែ​បន្ត​ នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃ​ទី​២៣ មីនា​២០២០។

សភា​អឺរ៉ុប​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បាន​អនុម័ត​ថវិកា​៤០​ពាន់​លាន​ដុល្លារ ដែល​ជា​កញ្ចប់​ថវិកា​គ្រា​អាសន្ន ដើម្បី​ជួយ​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុបនិង​ពលរដ្ឋ​របស់​ពួក​គេ​ដែល​ត្រូវ​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​ពី​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

ប្រធាន​សភា​អឺរ៉ុប​លោក David Sassoli ​ជា​បុគ្គលិក​តែ​ម្នាក់​គត់​ដែល​បានចូល​ទៅ​អគារ​សភា​សម្រាប់​ការ​ប្រជុំ​ពិសេស​នេះ ដោយ​សមាជិក​សភា​ផ្សេង​ទៀត​បានធ្វើ​ការ​បោះឆ្នោត​តាម​សារ​អេឡិកត្រូនិក​អ៊ីមែល។​

កម្មវិធី​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា «គំនិត​ផ្តួច​ផ្តើម​ការ​វិនិយោគ​ឆ្លើយ​តប​នឹង​កូរ៉ូណាវីរុស» មាន​គោលដៅ​ជួយ​ពលរដ្ឋ​ និង​អាជីវកម្ម​នានា​ក្នុង​ពេល​មាន​វិបត្តិ​នេះ។

កញ្ចប់​ថវិកា​បន្ទាន់​នេះ​ក៏​រួម​មាន​ការ​ពង្រីក​បន្ថែម​នូវ​មូលនិធិ​សាមគ្គីភាព​សហភាព​អឺរ៉ុប​សម្រាប់​គ្រោះ​អាសន្ន​ផ្នែក​សុខាភិបាល​សាធារណៈ​នៅ​អឺរ៉ុប។​

សមាជិក​សភា​អឺរ៉ុប​ក៏​បាន​អនុម័ត​ការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ដល់​ខែ​តុលា នូវ​ច្បាប់​មួយ​របស់​សហភាព​អឺរ៉ុប​ដែល​តម្រូវ​ឲ្យ​អាកាសចរណ៍​នានា​ត្រូវ​ប្រើប្រាស់៨០%​នៃ​ផ្លូវ​ហោះហើរ​ដែល​ខ្លួន​មាន​ក្នុង​មួយ​ឆ្នាំ​ៗ ដើម្បី​អាច​រក្សា​ផ្លូវ​ហោះហើរ​ទាំង​នេះ​បាន៕