ក្រុមប្រទេសអឺរ៉ុបដែលជាហត្ថលេខីលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយជាមួយប្រទេសអ៊ីរ៉ង់ បានអំពាវនាវឱ្យមានការប្រជុំជាបន្ទាន់មួយនៃភាគីមានទាក់ទិនដើម្បីពិភាក្សាគ្នាអំពីការប្រព្រឹត្តតាមកិច្ចព្រមព្រៀងនេះដោយរដ្ឋាភិបាលក្រុងតេរ៉ង់។
ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុបបានអំពាវនាវឱ្យមានការប្រជុំនេះកាលពីថ្ងៃអង្គារ គឺមួយថ្ងៃក្រោយពីទីភ្នាក់ងារបរមាណូរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញូមលើសកម្រិត ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥។
ភាគីអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ពួកគេមាន «កង្វល់យ៉ាងខ្លាំងថា ប្រទេសអ៊ីរ៉ង់មិនបានបំពេញតាមការសន្យារបស់ខ្លួនមួយចំនួនតាមរយៈកម្មព្រមព្រៀងផែនការសកម្មភាពទូលំទូលាយរួមគ្នាដែលភាសាអង់គ្លេសហៅថា Joint Comprehensive Plan of Action ហៅកាត់ថា JCPOA»។
ក្រុមមេដឹកនាំអឺរ៉ុបបាននិយាយថា ប្រទេសអ៊ីរ៉ង់បាននិយាយប្រាប់ពួកគេថា ខ្លួនចង់ឋិតនៅក្នុងកិច្ចព្រមព្រៀង JCPOA ក៏ប៉ុន្តែមេដឹកនាំទាំងនេះបាននិយាយបន្ថែមថា រដ្ឋាភិបាលក្រុងតេរ៉ង់ «ត្រូវធ្វើសកម្មភាពសមស្របដោយប្រែក្រឡះសកម្មភាពទាំងនេះ ហើយវិលត្រឡប់ទៅកាន់ការប្រព្រឹត្តតាមកិច្ចព្រមព្រៀង JCPOA ទាំងស្រុងដោយគ្មានការពន្យាពេល»។
អ្នកការទូតកំពូលរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron កំពុងបំពេញទស្សនកិច្ចពីរថ្ងៃនៅក្នុងក្រុងតេរ៉ង់នៅក្នុងការប៉ុនប៉ងមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ លោក Macron និងលោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានយល់ស្របគ្នាកាលពីដំណាច់សប្តាហ៍មុនថាកំណត់យកថ្ងៃទី១៥ ខែកក្កដា ជាថ្ងៃចុងក្រោយបង្អស់ ដើម្បីដោះស្រាយបញ្ហាសម្រិតសម្រាំងសារធាតុអ៊ុយរ៉ាញូម។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបាននិយាយថា ក្រុមអធិការរបស់ខ្លួនបានផ្ទៀងផ្ទាត់កាលពីថ្ងៃចន្ទថាប្រទេសអ៊ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញូមលើសកម្រិតកំណត់ដោយកិច្ចព្រមព្រៀងនេះចំនួន ៣,៦៧ ភាគរយ ដែលមានគោលដៅរឹតត្បិតសមត្ថភាពរបស់រដ្ឋាភិបាលក្រុងតេរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរជាថ្នូរនឹងការបន្ធូរការដាក់ទណ្ឌកម្ម៕