លោកស្រី Federica Mogherini នាយកគោលនយោបាយការបរទេសនៃសហភាពអ៊ឺរ៉ុប បានថ្លែងថា កិច្ចព្រមព្រៀងអន្តរជាតិស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងតែដំណើរការ ហើយទោះជាមានការបារម្ភពីការវិវត្តនៃការផលិតកាំជ្រួញម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់អ៊ីរ៉ង់ និងសកម្មភាពផ្សេងៗទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ានោះក៏ដោយ ក៏បញ្ហាទាំងនោះ គួរតែត្រូវបានដោះស្រាយដាច់ដោយឡែកពីគ្នា។
លោកស្រីបានថ្លែងដូច្នេះបន្ទាប់ពីកិច្ចប្រជុំនៅក្នុងទីក្រុងប្រ៊ុចសែល កាលពីថ្ងៃព្រហស្បតិ៍ម្ស៊ិលម៉ិញ ជាមួយនឹងក្រុមរដ្ឋមន្រ្តីការបរទេសមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីរ៉ង់ ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលបានដាក់កំហិតទៅលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីឲ្យប្រទេសនេះអាចរួចចេញពីការដាក់ទណ្ឌកម្មផ្នែកហរិញ្ញវត្ថុ ស្របពេលមានការបារម្ភថាប្រទេសនេះកំពុងតែផលិតអាវុធនុយក្លេអ៊ែរនៅឡើយ។
ប្រទេសអ៊ីរ៉ង់បន្តអះអាងថាកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់ប្រើប្រាស់ដោយសន្តិវិធីតែប៉ុណ្ណោះ។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកMohammad Javad Zarif មិនមានវត្តមានជាមួយនឹងអ្នកការទូតផ្សេងទៀតទេ នៅពេលដែលពួកគេថ្លែងទៅកាន់អ្នកសារព័ត៌មាននោះ ប៉ុន្តែកាលពីថ្ងៃពុធលោកបានបង្ហាញពីការគាំទ្រកិច្ចព្រមព្រៀងនោះ និងបានចោទប្រកាន់សហរដ្ឋអាមេរិកពីការអនុវត្តគោលនយោបាយមហន្តរាយនានា។
លោកស្រី Mogherini បានថ្លែងបន្តថា កិច្ចព្រមព្រៀងនេះបានផ្តល់ឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជ្រាលជ្រៅ និងការសន្ទនាជាមួយនឹងអ៊ីរ៉ង់ពាក់ព័ន្ធនឹងបញ្ហានានា ដូចដែលលោកស្រីបានបញ្ជាក់ពីភាពចាំបាច់ដើម្បីបន្តភាពជោគជ័យរបស់ខ្លួន៕