អ្នក​ការទូត​អ៊ឺរ៉ុប​សង្ស័យ​ថា​លោក Netanyahu ចូល​រួម​សហការ​ជាមួយ​សេតវិមាន

លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បង្ហាញ​ភស្តុតាង​ស្តី​ពី​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Tel Aviv កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។

បណ្តា​ប្រទេស​ក្នុង​ទ្វីបអ៊ឺរ៉ុប​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​កំពុង​ធ្វើ​ការ​សនិដ្ឋាន​ផ្សេងៗ​គ្នា​អំពី​ការ​បង្ហាញ​របស់​លោក Benjamin Netanyahu នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​កាល​ពី​ថ្ងៃចន្ទ​ អំពី​ភស្តុតាង​ដែល​បង្ហាញ​ថា​អ៊ីរ៉ង់​បាន​កុហក​អំពី​កម្មវិធី​នុយក្លេអ៊ែររ​របស់​ពួកគេ។

ពួក​អ្នក​ការទូត​អ៊ឺរ៉ុប​មាន​ការ​សង្ស័យ​អំពី​បទបង្ហាញ​របស់​មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះ។ ពួកគេ​សង្ស័យ​ថា​ការ​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី Donald Trump បោះបង់​ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ២០១៥​ រវាង​ទីក្រុង​តេហេរ៉ង់​ និង​ប្រទេស​មហា​អំណាច​ទាំង៦​នោះ ​គឺ​ជា​ការ​ចូលរួម​សហការ​ជាមួយ​សេតវិមាន។ លោក Netanyahu មិន​បាន​ចោទ​ប្រកាន់​ដោយ​ផ្ទាល់​ទៅ​លើ​អ៊ីរ៉ង់​ពី​ការ​រំលោភ​បំពាន​កិច្ចព្រមព្រៀង​នេះ​ទេ​ ប៉ុន្តែ​លោក​មាន​បំណង​ប្រឆាំង​នឹង​ការ​បញ្ជុះ​បញ្ជូល​លោកTrumpដោយ​សហគមន៍​អ៊ឺរ៉ុប​ ដែល​ពួកគេ​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​នេះ​មិន​គួរ​បោះបង់​ចោល​នោះ​ទេ។

លោក Netanyahu បាន​និយាយ​ថា​ឯកសារ​សម្ងាត់​ជាច្រើន​របស់​អ៊ីរ៉ង់​ដែល​ក្រុមស៊ើបការណ៍​សម្ងាត់​របស់​អ៊ីស្រាអែល​ទទួល​បាន​ បាន​បង្ហាញ​ថា​អ៊ីរ៉ង់​បាន​កុហក​យ៉ាង​ច្បាស់​ក្រលែត​ ដោយ​ពួកគេ​បាន​និយាយ​ថា​ខ្លួន​មិន​ដែល​មាន​កម្មវិធី​នុយក្លេអ៊ែរ​ទេ តែ​តាម​ការពិត​ពួកគេ​នៅ​បន្ត​ផលិត​អាវុធ​នុយក្លេអ៊ែរ ដែល​ជាការ​រំលោភ​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ២០១៥ ដែល​មាន​បំណង​ទប់ស្កាត់​មហិច្ឆិតា​ផលិត​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ទីក្រុងតេហេរ៉ង់៕