អ្នករៀបចំកិច្ចប្រជុំបានសម្រេចផ្អាកវេទិការនៃកិច្ចប្រជុំធុរកិច្ចដ៏សំខាន់មួយរវាងសហភាពអឺរ៉ុបនិងអ៊ីរ៉ង់ដែលបានគ្រោងបើកនៅថ្ងៃចន្ទនេះ ដោយសារតែមានការប្រឆាំងតវ៉ាជាខ្លាំងចំពោះប្រទេសអ៊ីរ៉ង់ដែលបានប្រហារជីវិតអ្នកប្រឆាំងគឺ លោក Ruhollah Zam កាលពីចុងសប្តាហ៍នេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAFP។
វេទិការធុរកិច្ចអឺរ៉ុប-អ៊ីរ៉ង់ដែលមានរយៈពេល៣ថ្ងៃ មានគម្រោងប្រព្រឹត្តទៅដោយមានការថ្លែងសុន្ទរកថាពីវាគ្មិនសំខាន់ៗ ដូចជារដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif និងប្រធានសហភាពអ៊ឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេស លោក Josep Borrellហើយបន្ទាប់មកនឹងមានវេទិការពិភាក្សាជាមួយឯកអគ្គរដ្ឋទូតបណ្តាប្រទេសសហភាពអឺរ៉ុបផងដែរ។
ប៉ុន្តែការផ្អាកកិច្ចប្រជុំនោះត្រូវបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានប្រហារជីវិតលោក Ruhollah Zamដែលបានផ្សព្វផ្សាយពីការប្រឆាំងតវ៉ាក្នុងឆ្នាំ២០១៧នៅលើបណ្តាញសង្គមដ៏មានប្រជាប្រិយភាពរបស់លោក។
អ្នករៀបចំកម្មវិធីកិច្ចប្រជុំនេះបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃអាទិត្យថា៖ «គណៈកម្មាធិការរៀបចំកិច្ចប្រជុំវេទិការធុរកិច្ចអឺរ៉ុប-អ៊ីរ៉ង់បានសម្រេចជំហរដ៏សំខាន់ដើម្បីផ្អាកកិច្ចប្រជុំនេះ»។
ក្រសួងការបរទេសបារាំងបានបង្ហោះសារក្នុងបណ្តាញសង្គម Twitter ថា បន្ទាប់«ពីការប្រហារជីវិតដ៏ឃោរឃៅនិងមិនអាចទទួលយកបាន»ចំពោះលោក Zam មក ឯកអគ្គរដ្ឋទូតរបស់បារាំងក្នុងទីក្រុងតេហេរ៉ង់ក៏ដូចជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបផ្សេងៗទៀតដែលរួមមាន ប្រទេសអាល្លឺម៉ង់ អូទ្រីស និងអ៊ីតាលីផងដែរ បានលុបចោលគម្រោងចូលរួមវេទិការនោះ។
លោក Zam ត្រូវបានព្យួរកនៅថ្ងៃសៅរ៍ បន្ទាប់ពីតុលាការកំពូលអ៊ីរ៉ង់បានរក្សាទុកសាលក្រមប្រហារជីវិតដែលសម្រេចដោយតុលាការជាន់ទាបកាលពីខែមិថុនា ជុំវិញតួនាទីរបស់លោកក្នុងព្រឹត្តិការណ៍ប្រឆាំងតវ៉ាក្នុងអំឡុងពេលរដូវត្រជាក់ក្នុងឆ្នាំ២០១៧-២០១៨ និងបទចោទប្រកាន់ផ្សេងៗទៀត៕