រ៉ែដែកដែលជីកចេញពីតំបន់មានជម្លោះនៅក្នុងកន្លែងមួយចំនួនដូចជា សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of Congo) ជារឿយៗត្រូវបានលក់ដោយស្តេចត្រាញ់ដើម្បីទិញដូរអាវុធ។ កាលពីសប្តាហ៍មុន តំណាងរាស្រ្តរបស់សហភាពអឺរ៉ុបបានបោះឆ្នោតបង្ខំឲ្យរោងចក្របង្ហាញឲ្យច្បាស់ថា ចង្វាក់ផ្គត់ផ្គង់របស់ខ្លួនមិនបានបញ្ឆេះឲ្យមានជម្លោះ និងការរំលោភបំពានសិទ្ធិមនុស្សដោយចេតនានោះទេ។
ពោរពេញទៅដោយធូលីលើខ្លួន និងកំពុងធ្វើការនៅក្នុងស្ថានភាពគ្រោះថ្នាក់ហើយក្តៅក្នុងផ្លូវក្រោមដីដ៏តូចចង្អៀត ក្រុមអ្នកជីករ៉ែកំពុងកាត់មុខរ៉ែសំណរប៉ាហាងនៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ធនធានដ៏សម្បូរដែលរួមមានដូចជា ទង់ស្តែន (សារធាតុរ៉ែម្យ៉ាង) សំណប៉ាហាង តង់តាល់ (ប្រភេទរ៉ែម្យ៉ាង) និងមាស នៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្នុងបណ្តាប្រទេសក្នុងតំបន់អាហ្រ្វិកកណ្តាលផ្សេងៗទៀត ត្រូវបានគេលក់ដើម្បីផលិតទូរស័ព្ទ និងកុំព្យូទ័រយូរដៃទំនើបៗម៉ាក្សចុងក្រោយបង្អស់។ ក៏ប៉ុន្តែប្រាក់ចំណេញភាគច្រើនត្រូវហូរចូលទៅក្នុងហោប៉ៅរបស់មេដឹកនាំយោធាឬស្តេចត្រាញ់។ នេះបើតាមការអះអាងរបស់អ្នកស្រី Lucy Graham នៃអង្គការ Amnesty International។
«នៅកន្លែងមួយចំនួនដូចជាសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគខាងកើត សាធារណៈរដ្ឋអាហ្រ្វិកកណ្តាល និងសាធារណៈរដ្ឋកុងហ្គោ ក្រុមយោធាប្រដាប់ដោយអាវុធបានជីករ៉ែទាំងនោះ ហើយលក់ដើម្បីដោះដូរនឹងសព្វាវុធ និងគ្រាប់រំសេវ។ រ៉ែទាំងនោះចូលទៅក្នុងចង្វាក់ផ្គត់ផ្គង់ ហើយនៅទីបញ្ចប់ ក្លាយជាផលិតផលដែលយើងប្រើប្រាស់ប្រចាំថ្ងៃ។ នៅខណៈនេះដែរ ក្រុមហ៊ុនរបស់អឺរ៉ុបជាច្រើនមិនមានកាតព្វកិច្ចត្រួតពិនិត្យ ថាតើរ៉ែទាំងនោះដែលមាននៅក្នុងផលិតផលរបស់ពួកគេមកពីទីណានោះទេ»។
វាហាក់ដូចជា ការដូចនេះនឹងរងការផ្តាស់ប្តូរ។ តំណាងរាស្រ្តរបស់សហភាពអឺរ៉ុបអបអរសាទរកាលពីថ្មីៗនេះ បន្ទាប់ពីសភាបានបោះឆ្នោតឲ្យបង្ខំឲ្យក្រុមហ៊ុនរបស់អឺរ៉ុបទាំងនោះធ្វើការធានាថា រ៉ែដែលពួកគេនាំចូល ឬផលិតផលដែលមានសារធាតុរ៉ែទាំងនោះនឹងមិនរួមចំណែកធ្វើឲ្យមានជម្លោះ ឬការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសដទៃ។
បទបញ្ញាតិ្តនោះយកគំរូតាមច្បាប់ Dodd-Frank របស់អាមេរិក ដែលបានចែងថា ក្រុមហ៊ុនរបស់អាមេរិកទាំងអស់ត្រូវជូនដំណឹងដល់និយ័តករ ប្រសិនបើពួកគេប្រើប្រាស់រ៉ែមកពីសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឬប្រទេសដែលនៅក្បែរនោះ។
លោកស្រី Marie Arena តំណាងរាស្រ្តបារាំងបានបកស្រាយដោយគាំទ្រលើច្បាប់របស់អឺរ៉ុបនេះ។
លោកស្រីនិយាយថា ច្បាប់ Dodd-Frank សម្រេចបានការផ្លាស់ប្តូរពិតប្រាកដនៅក្នុងប្រទេសដែលជាប្រភពដើមនៃច្បាប់នេះ។ លោកស្រីបន្ថែមថា វាត្រូវការពេលវេលាច្រើន ក៏ប៉ុន្តែវាពិតជាមានការរីកចម្រើន។
តំណាងរាស្រ្តអឺរ៉ុបមួយចំនួនបង្ហាញការព្រួយបារម្ភអំពីផលប៉ះពាល់លើសេដ្ឋកិច្ចក្នុងស្រុកនៅទ្វីបអាហ្វ្រិក។ លោកស្រី Cecilia Malmstrom ដែលជាបេសកជនរបស់សហភាពអឺរ៉ុបទទួលបន្ទុកផ្នកជំនួញអន្តរជាតិនិយាយថា៖
«យើងពិតជាប្រថុយប្រថានក្នុងការបន្តរារាំងចង្វាក់ផ្គត់ផ្គង់ក្នុងសាកលលោក និងជំរុញឲ្យក្រុមហ៊ុនទាំងនោះចាកចេញពីអាហ្រ្វិកទាំងអស់។ យើងក៏នឹងប្រថុយនឹងការបង្កើតឲ្យមានការបែងចែកទិសដៅការធ្វើជំនួញដែរ ដែលនឹងបណ្តាលឲ្យមានការធ្វើគិតលម្អៀងប្រឆាំងនឹងប្រទេសផ្សេងៗ ឬសូម្បីតែទ្វីបនោះទាំងមូល។ នេះនឹងធ្វើឲ្យតម្លៃនៃសារធាតុរ៉ែទាំងនោះ ដែលមកពីប្រភពជាក់លាក់មួយចំនួនធ្លាក់ថ្លៃភ្លាមៗ»។
អង្គការលើកលែងទោសអន្តរជាតិ Amnesty International និយាយថា ឧស្សាហកម្មក្នុងសហភាពអឺរ៉ុបបានបញ្ចុះបញ្ចូលឲ្យធ្វើការប្រឆាំងដាត់ខាតចំពោះការត្រួតពិនិត្យចាំបាច់ណាមួយលើចង្វាក់ផ្គត់ផ្គង់។
«ខ្ញុំមិនអាចបកស្រាយឲ្យហួសពីជំហានដែលទើបតែចាប់ផ្តើមនេះបានទេ។ នៅពេលដែលសំណើត្រូវបានគេដាក់ជូនកាលពីឆ្នាំមុន វាជាការស្ម័គ្រចិត្តសុទ្ធសាធ»។
ឥឡូវនេះ សំណើសុំឲ្យមានប្រព័ន្ធចាំបាច់នោះ ត្រូវបានបញ្ជូនទៅកាន់រដ្ឋជាសមាជិកនីមួយៗនៃសហភាពអឺរ៉ុបដើម្បីពិនិត្យឲ្យបានម៉ត់ចត់បន្ថែមទៀត។ អ្នកធ្វើយុទ្ធនាការនិយាយថា រដ្ឋាភិបាលក្រុងព្រុចសែលបានផ្ញើសារដ៏មានឥទ្ធិពលមួយដែលន័យថា ប្រាក់ចំណេញដែលបានមកពីបច្ចេកវិទ្យាថ្មីៗចុងក្រោយ មិនគួរធ្វើឲ្យមានសង្រ្គាមនៅក្នុងប្រទេសដែលជាប្រភពដើមនៃបច្ចេកវិទ្យាទាំងនោះទេ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ