ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លៃ​​មាស​​ឡើង​ សកម្មភាព​ពាណិជ្ជកម្ម​មាស​​ធ្លាក់​ចុះ


ម្ចាស់​ហាង​លក់​មាស​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ បាន​លើកឡើង​ថា បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ហាក់​មិន​សូវ​នាំ​គ្នា​ទិញ​មាស​ទុក​ដូច​ពេល​មុន​ទេ បន្ទាប់​ពី​តម្លៃ​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

អ្នកស្រី លី ហ៊ួ ម្ចាស់​ហាង​ប្តូរ​ប្រាក់ និង​លក់​មាស​ លី​ ហ៊ួ​ នៅ​លើ​ផ្លូវ​ Charles De Gaulle កណ្ដាល​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ប្រាប់​វីអូអេ នៅ​ថ្ងៃ​អង្គារ​ថា សព្វថ្ងៃ​មាន​តែ​អ្នក​លក់​ ប៉ុន្តែ​ស្ទើរ​តែ​គ្មាន​អ្នក​ទិញ ដោយសារ​តម្លៃ​មាស​កាន់​តែ​កើន​ឡើង​ខ្ពស់​កប់​ពពក។ អ្នក​ស្រី​បាន​ថ្លែង​ដូច្នេះ​ថា៖

«បើ​មាស​វា​ឡើង​ថ្លៃ​អញ្ចឹង អ្នក​លក់​វា​ច្រើន​ជាង អ្នក​ទិញ​គេ​មក​សួរ​អញ្ចឹង គេ​ថា​ហ្អឺ វា​រាង​ថ្លៃ​បន្តិចគេ​ថាចាំ​ចុះ​សិន។»

តម្លៃ​មាស​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ បាន​កើន​ឡើង​ពី​ចំនួន​តិច​ជាង​៧០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​អោន ឬ​ស្នើ​នឹង​ជាង​១​តម្លឹង នៅ​ឆ្នាំ​២០០៧ រហូតដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គឺ​ចំនួន​១.២៦៤,៩០​ដុល្លារ​អាមេរិក​ក្នុង​មួយ​អោនកាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១០​នេះ។ តម្លៃ​នេះ​ហាក់​នៅ​ថេរ​ ក្នុង​រង្វង់​ជាង​១.២០០​ដុល្លារ​អាមេរិក​ដដែល​ក្នុង​មួយ​អោន​រហូត​មកដល់​ដើម​សប្ដាហ៍​នេះ។

ដោយ​ឡែក យោង​តាម​អត្រា​ហាង​មាស​ក្នុង​ស្រុក​ដែល​ប្រែប្រួល​ទៅតាម​ទីផ្សារ​អន្តរជាតិ​នោះ តម្លៃ​លក់​ចេញ​ មាស​គីឡូ​១​តម្លឹង​ស្មើ​នឹង១.៤៧០​ដុល្លារ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​ និង​ថ្ងៃ​ពុធ​នេះ គឺ​កើន​ឡើង​១០​ដុល្លារ​បន្ថែម​ទៀត បើ​ធៀប​នឹង​តម្លៃ​មាស​កាល​ពី​ថ្ងៃ​ច័ន្ទ។

ការ​កើន​ឡើង​នូវ​តម្លៃ​មាស​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​នេះ​ត្រូវ​គេ​រាយការណ៍​ថា គឺ​ដោយសារ​អ្នក​វិនិយោគ​ទុន​ធំ​ៗ​ជា​ពិសេស​នៅ​បស្ចឹម​ប្រទេស​ចាប់​ផ្តើម​ប្រ​មួល​ទិញ​មាស​ទុក សម្រាប់​ជា​ការ​ស្តុក​តម្លៃ ដោយ​ភ័យ​ខ្លាច​អំពី​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​ទៅ​លើ​រូបិយប័ណ្ណ​ជា​ក្រដាសប្រាក់ ដូច​ដែល​បាន​កើតឡើង​កាល​ពី​ឆ្នាំ​២០០៨​កន្លង​មក។

ដោយ​ឡែក ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន មាន​ទម្លាប់​ទិញ​មាស​ទុក​ ក្នុង​រូបភាព​ជា​គ្រឿង​អលង្ការ​ដូច​ជា​ខ្សែ​ករ ខ្សែ​ដៃ ឬ ចិញ្ចៀន​ជាដើម ដើម្បី​ពាក់​លម្អ​ខ្លួន​ប្រាណ​ផង និង​ជាពិសេស​គឺ​ដើម្បី​រក្សា​ទុក សម្រាប់​ដោះដូរ​ជា​លុយ​កាក់​នៅ​ពេល​ពួកគេ​មាន​តម្រូវ​ការ​ចាំបាច់​ណាមួយ​នៅ​ក្នុង​គ្រួសារ​ផង។

ជាង​នេះ​ទៀត ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ក៏​មាន​ទម្លាប់​ទិញ​មាស​ទុក ដើម្បី​បង្កើន​ទ្រព្យ​សន្សំ​របស់​ខ្លួន ដោយ​សារ​ពួកគេ​គិត​ថា បើ​ពួកគេ​ទុក​លុយ​សុទ្ធ​នោះ​ពួកគេ​ចេះ​តែ​មាន​ទំនោរ​ចង់​ដក​លុយ​នោះ​យក​ទៅ​ចាយវាយ​ផ្សេង​ៗ។

ប៉ុន្តែ អ្នកស្រី ជា​ លី ប្រជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ជាប់​នឹង​ផ្សារ​ដើម​គរ​ក្នុង​ទី​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ ទាំង​អ្នកស្រី​ព្រម​ទាំង​ប្រជា​ជន​ខ្មែរ​ជាច្រើន​ទៀត មិន​ត្រឹម​តែ​មិនចង់​ទិញ​មាស​ទុក​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​បែរ​ជា​ចង់​លក់​មាស​ដែល​ពួកគេ​រក្សា​ទុកថែម​ទៀត​ផង ដោយ​សារ​មាស មិន​អាច​ចរាចរណ៍​ឲ្យ​បាន​ទូលំ​ទូលាយ​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​នោះ​ទេ។ អ្នក​ស្រី​បន្ត​ថា៖

«ខ្មែរ​យើង​ឥឡូវ​មាន​តែ​លក់​មាស​វិញ​ ម្នាក់​ៗ​គ្មាន​នរណា​ទិញ​បាន​ទេ ព្រោះ​អី​លុយ​ច្រើន​ពេក ម្នាក់​ៗ​រក​លុយ​អត់​បាន​ទេ លុយ​ហ្នឹង​គេ​ទុក​ទិញ​ស្អី​ផ្សេង​ៗ​ទៀត​ គេ​អត់​ចង់​ទិញ​មាស​ទេ។ កាល​មុន​គេ​ត្រូវ​ប៉ាន់​ដី​ ត្រូវ​អី​ គេ​ចេះ​តែ​នេះ​ទៅ ឥឡូវ​គ្នា​អត់​ត្រូវ​ផង អត់​អី​ផង​ ទិញ​ម្តេច​បាន។»

ថ្វី​ត្បិត​តែ​នៅ​ពេល​នេះ​ ប្រជាពលរដ្ឋ​កម្ពុជា​ហាក់​មិន​សូវ​ទិញ​មាស​ទុក ដោយសារ​តែ​តម្លៃ​ថ្លៃ​និង​ការ​បារម្ភ​ថា​តម្លៃ​មាស​អាច​នឹង​ធ្លាក់​ចុះ​វិញ​ក៏ដោយ ក៏ពួកគេ​ភាគច្រើន​មិន​បាន​លក់​មាស​របស់​ខ្លួន​ចេញ​វិញ​ដែរ។ នេះ​បើ​ផ្អែក​តាម​ម្ចាស់​ហាង​លក់​មាស​មួយ​ចំនួន។

អ្នកស្រី នាង ចាន់​នួន ម្ចាស់​ហាង​លក់​មាស និង​គ្រឿង​អលង្ការ​នៅ​ម្តុំ​ផ្សារ​អូរ​ឬស្សី​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា អតិថិជន​របស់​អ្នកស្រី​មួយ​ចំនួន​នៅតែ​សម្រេច​ចិត្ត​រក្សា​មាស​របស់​ពួកគេ​ទុក បើ​ទោះ​ជា​តម្លៃ​មាស​បាន​ឡើង​ថ្លៃ​ខ្ពស់​ក៏ដោយ​ ដោយ​សារ​ពួកគេ​រំពឹង​ថា តម្លៃ​មាស​នឹង​អាច​ឡើង​ថ្លៃ​ខ្ពស់​ជាង​នេះ​ទៀត។ អ្នក​ស្រី​មនិយាយថា៖

«ខ្លះ​គេ​នឹក​ឃើញ​ថា​ឡើង​ទៅ​មុខ​ទៀត​អញ្ចឹង គេ​មិន​ទាន់​យក​មក​លក់​ ព្រោះ​គេ​អត់​ទាន់​ត្រូវការ​លុយ ។ អ្នក​ខ្លះ​ទិញ​ពី​មុន​ថោក​មែន ប៉ុន្តែ​អត់​ទាន់​យក​មក​លក់​ទេ គេ​នឹក​ឃើញ​ថា ក្រែង​លោ​វា​ឡើង​ទៀត។»

អ្នក​ស្រី នាង ចាន់​នួន មានប្រសាសន៍​បន្ថែម​ថា ប្រសិនបើ​តម្លៃ​មាស​ចេះ​តែ​បន្ត​កើន​ឡើង​ទៀត​នោះ នោះ​ប្រជា​ជន​កម្ពុជា​អាច​នឹង​ផ្លាស់​ប្តូរ​ទម្លាប់​ក្នុង​ការ​ទិញ​មាស​ទុក ហើយ​អាច​នឹង​យក​ប្រាក់​របស់​ពួក​គេ​ទៅ​សន្សំ​ឬ វិនិយោគ​តាម​របៀប​ផ្សេង​វិញ។

លោក ចាន់ សុផល ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​មាន​ប្រសាសន៍​ថា វា​ជា​ការ​ល្អ​ប្រសើរ​ ប្រសិន​បើ​ប្រជាជន​ខ្មែរ​សន្សំ​ប្រាក់​នៅ​ក្នុង​ធនាគារ ជាជាង​សន្សំ​មាស​ទុក ដោយ​សារ​ពួក​គេ​អាច​ចំណេញ​ការ​ប្រាក់​ពី​ធនាគារ។ ប៉ុន្តែ លោក​ ចាន់ សុផល បាន​ប្រមើល​មើល​ថា ទម្លាប់​នៃ​ការ​សន្សំ​មាស​ទុក​របស់​ប្រជា​ជន​ខ្មែរ​ទំនង​ជា​នឹង​នៅ​តែ​បន្ត​ទៀត​ បើ​ទោះ​ជា​តម្លៃ​មាស​ឡើង​ថ្លៃ​ខ្ពស់ជាង​នេះ​ក៏ដោយ ដោយ​លោក​លើក​ហេតុផល​ថា​មាស​គឺ​ជា​រូបីប័ណ្ណ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​ក្នុង​គ្រប់​របប​នៃ​សង្គម​ខ្មែរ។

XS
SM
MD
LG