ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​បង្ហាញ​ថា​ធនាគារ​អន្តរជាតិ​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ជំនួញ​ត្បូង​ខុស​ច្បាប់​នៅ​ ហ្ស៊ីមបាប់វ៉េ​


French CRS riot police are covered with paint during clashes with demonstrators in front of tire-maker Goodyear Dunlop's France headquarters in Rueil Malmaison, near Paris.
French CRS riot police are covered with paint during clashes with demonstrators in front of tire-maker Goodyear Dunlop's France headquarters in Rueil Malmaison, near Paris.

ធនាគារ​អន្តរជាតិ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​ចោទ​ប្រកាន់​ពី​បទ​ទទួល​ផល​ប្រយោជន៍​ពីការ​លក់​«ពេជ្រ​ដែល​ប្រឡាក់​ឈាម»​ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ Blood​ Diamonds​ របស់​ប្រទេស​ ហ្ស៊ីមបាប់វ៉េ​ (Zimbabwe)។​ បើ​យោង​តាម​អង្គការ​ភាព​ជា​ដៃ​គូ​អាហ្វ្រិក​-កាណាដា ​(Partnership​ Africa​ Canada)​ ប្រទេសហ្ស៊ីមបាប់វ៉េ​ បន្ត​លក់​ត្បូង​ដែល​មិន​ទាន់​ទទួល​ការ​យល់​ព្រម​សម្រាប់​លក់​ពី​សំណាក់​និយតករ​អន្តរជាតិ។​
អង្គការ​ភាព​ជា​ដៃគូ​អាហ្វ្រិក​-កាណាដា​បាន​កំណត់​អត្តសញ្ញាណ​ធនាគារ​បី​របស់​ ហ្ស៊ីមបាប់វ៉េ​ ដែល​ខ្លួន​ថ្លែង​ថា​បាន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ប្រតិបត្តិការ​ប្រាក់​ចំណូល​ពី​ការ​លក់​ត្បូង​មិន​ទាន់​ច្នៃ​ដោយ​ខុស​ច្បាប់​ ដែល​ត្រូវ​បាន​ជីក​កកាយ​ពី​ទី​លាន​ពេជ្រ​ម៉ារ៉ាងហ្កេ​ (Marange)​ នៅ​ ហ្ស៊ីមបាប់វ៉េ​ ភាគ​ខាង​កើត។​
លោក​ អាឡាន​ ម៉ាទីន​ (Alan​ Martin)​ នាយក​ទទួល​បន្ទុក​ការ​ស្រាវ​ជ្រាវ​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ទីក្រុង​ ចូហាណេសបឺក​ (Johannesburg)​ ថា​ ធនាគារ​បី​របស់​ ហ្ស៊ីមបាប់វ៉េ​ មាន​ម្ចាស់​ភាគហ៊ុន​អន្តរជាតិ​ ដោយ​រាប់​បញ្ចូល​ទាំង​ធនាគារបាក្លេស៍​ (Barclays​ Bank)​ របស់​ប្រទេស​អង់គ្លេស​ និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ពីរ​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ឈ្មោះ​ Standard​ Bank​ និង​ Old​ Mutual។​
លោក​បាន​និយាយ​ថា​ សាជីវកម្ម​ផ្សាយ​លក់​រ៉ែ​ (Minerals​ Marketing​ Corporation)​ របស់​រដ្ឋាភិបាល​ បាន​ផ្តល់​ឈ្មោះ​ ធនាគារ​ ហ្ស៊ីមបាប់វ៉េ​ មាន​ដូចជា​ ធនាគារ​ពាណិជ្ជកម្ម​ ហ្ស៊ីមបាប់វ៉េ​ (Commercial​ Bank​ of​ Zimbabwe)​ ធនាគារ​ BancABC​ និង​ Premier​ Banking​ Group​ ទៅ​ឲ្យ​អ្នក​ទិញ​ពេជ្រ។​
សាជីវកម្ម​ផ្សាយ​លក់​រ៉ែ​ កត់​បញ្ជី​នៃ​ការ​លក់​ធន​ធាន​រ៉ែ​ទាំង​អស់​ពី​ ហ្ស៊ីមបាប់វ៉េ​ ដោយ​រាប់​បញ្ចូល​ទាំង​ពេជ្រ​ផង​ និង​ជា​សាជីវកម្ម​មួយ​ក្នុង​ចំណោម​សាជីវកម្ម​មួយ​ចំនួន​របស់ ​ហ្ស៊ីមបាប់វ៉េ​ ដែល​ទទួល​រង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក។​
លោក​ ម៉ាទីន​ បាន​ថ្លែង​ថា​ ធនាគារ​អន្តរជាតិ​ទាំង​អស់​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ខ្លួន​តាម​រយៈ​ការ​ធ្វើ​វិនិយោគ​នៅ​ក្នុង​ធនាគារ​ ហ្ស៊ីមបាវ៉េ​ ដែល​លោក​បាន​និយាយ​ថា​កំពុង​រត់​ពន្ធ​ពេជ្រ​ទុច្ចរិត។​
លោក​បាន​ស្នើ​សុំ​ដល់​ធនាគារ​អន្តរជាតិ​ទាំង​នេះ​ឲ្យ​ធ្វើ​ការ​ជំរះ​បញ្ជី​ភ្លាមៗ​ចំពោះ​ការ​វិនិយោគ​ក្នុង​ធនាគារ​ ហ្ស៊ីមបាប់វ៉េ​ទាំង​បី​ ដើម្បី​ធានា​ឲ្យ​បា្រកដ​ថា ​ពួកគេ​មិន​បាន​រំលោភ​លើ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​របរ​ធនាគារ​ដែល​ប្រកប​ដោយ​ក្រម​សីលធម៌​ និង​ការ​ទទួល​ខុស​ត្រូវ​ខាង​សង្គម​នោះ​ទេ។​
«យើង​បាន​ស្នើ​ដល់​ពួក​គេ​ឲ្យ​ប្តេជ្ញា​ចិត្ត​ប្រើ​ប្រាស់​ឥទ្ធិពល​ជា​ម្ចាស់​ភាគ​ហ៊ុន​របស់​ខ្លួន​ ដើម្បី​បញ្ឈប់​កិច្ច​ការ​ជំនួញ​ដែល​ទាក់​ទង​នឹង​ពេជ្រ​ខុស​ច្បាប់​ ហើយ​នៅ​ទី​បំផុត​ បើ​ធនាគារ​ ហ្ស៊ីមបាវ៉េ​ បដិសេធ​សំណើ​របស់​ពួក​គេ​ស្តី​ពី​អភិបាលកិច្ច​ហិរញ្ញវត្ថុ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ យើង​ស្នើ​ដល់​ពួក​គេ​ឲ្យ​បញ្ឈប់​ការ​វិនិយោគ​ ពី​ធនាគារ​ទាំង​នេះ»។​
លោក​បាន​និយាយ​ថា​មាន​ក្រុមហ៊ុន​ចំនួន​៦​ដែល​ឥឡូវ​នេះ​កំពុង​ជីក​រ៉ែ​នៅ​លើ​ចំណែក​ដី​តូច​មួយ​មាន​របង​ព័ទ្ធ​ជុំវិញ​ នៅ​ក្នុង​តំបន់​នៃ​ឃុំ​ ម៉ារ៉ាងហ្កេ​ យ៉ាង​ធំ​ល្វឹង​ល្វើយ​ ដែល​ស្ថិត​នៅ​ ហ្ស៊ីមបាប់វ៉េ​ ភាគ​ខាង​កើត។​
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រុមហ៊ុន​ធំ​ជាង​គេ​បំផុត​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នេះ​គឺ​ក្រុមហ៊ុន​ជីករ៉ែ​ ម្បាដា​ (Mbada​ Minning)​ ដែល​បាន​ផលិត​ត្បូង​ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស់​បំផុត​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។​
នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ជីក​រ៉ែ​ ម្បាដា​ នៅ​ ហ្ស៊ីមបាប់វ៉េ​ គឺ​លោក​ រ៉ូប៊ឺត​ មឡាងហ្គា​ (Robert​ Mhlanga)​ ដែល​ជា​អ្នក​ធានា​រ៉ាប់រ៉ង​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​ក្រុមហ៊ុន​នេះ​ដើម្បី​ចាប់​ផ្តើម​ប្រតិបត្តិការ​ជីក​រ៉ែ​នៅ​តំបន់​ ម៉ារ៉ាងហ្កេ​ ពី​លោក​ ដេវីដ​ កាសែល​ (David​ Kassel)​ ដែល​ជា​អ្នក​ជំនួញ​ល្បី​ល្បាញ​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់។​
«លោក​ កាសែល​ ជា​មនុស្ស​មាន​ទំនាក់​ទំនង​ច្រើន។​ លោក​ហាក់​ដូចជា​ក្លាយ​ជា​មិត្ត​ភក្តិ​ល្អ​ជា​មួយ​លោក​ រ៉ូប៊ឺត​ មឡាងហ្គា​ ដែល​ជា​អតីត​អ្នក​បើក​យន្តហោះ​ផ្ទាល់​ខ្លួន​របស់​លោក​ប្រធានាធិបតី​ រ៉ូប៊ឺត​ ម៉ូហ្គាបេ​ (Robert​ Mugabe)។​ លោក​គឺ​ជា​បុគ្គល​ម្នាក់​ដែល​ស្ថិត​ពី​ក្រោយ​ការ​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមហ៊ុន​ ម្បាដា។​ ក្រុមហ៊ុន​ ម្បាដា​ត្រូវ​ប្រមូល​ប្រាក់​ឲ្យ​បាន​ចំនួន​១០០​លាន​ដុល្លារ​ដើម្បី​ចាប់​ផ្តើម​ជីក​រ៉ែ​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ ហ្ស៊ីមបាប់វ៉េ»។​
លោក​ កាសែល​ បាន​អះអាង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រុមហ៊ុន​អាហ្រ្វិក​ខាងត្បូង​របស់​លោក ​ឈ្មោះ​ New​ Reclamation​ គឺ​ជា​អ្នក​ធ្វើ​វិនិយោគទុន​ដ៏​សំខាន់​នៅ​ក្នុង​ក្រុមហ៊ុន​ជីករ៉ែ​ ម្បាដា ​នៅ​តំបន់​ម៉ារ៉ាងហ្កេ។​
លោក​ ម៉ាទីន​ មាន​ប្រសាសន៍​ថា​សាជីវកម្ម​ផ្សាយ​លក់​រ៉ែ​របស់​ ហ្ស៊ីមបាប់វ៉េ​ (Mineral​ Marketing​ Corporation​ of​ Zimbabwe)​ បាន​ផ្សព្វផ្សាយ​ការ​លក់​ត្បូង​មិន​ទាន់​ច្នៃ​ពី​តំបន់​ ម៉ារ៉ាងហ្កេ​ កាល​ពី​៤​ឆ្នាំ​មុន​ ហើយ​ត្បូង​ភាគ​ច្រើន​បំផុត​បាន​មក​ពី​ក្រុមហ៊ុន​រ៉ែ​ ម្បាដា។​
លោក​បាន​និយាយ​ថា​ ត្បូង​ទាំង​នេះ​មិន​ទាន់​ទទួល​ការ​យល់​ព្រម​សម្រាប់​លក់​ ពី​សំណាក់​និយតករ​អន្តរជាតិ​ នៅ​ក្រោម​ដំណើរការ​គីមបឺលី​ (Kimberley​ Process)​ ទេ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទប់​ស្កាត់​ការ​លក់​ពេជ្រ​ដែល​ប្រឡាក់​ឈាម។​
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human​ Rights​ Watch)​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ ដែល​ជួល​ដោយ​ក្រុម​ហ៊ុន​ជីក​រ៉ែ​ត្បូង​មិន​ទាន់​ច្នៃ​នៅ​តំបន់​ ម៉ារ៉ាងហ្កេ​ បន្ត​បំពាន​លើ​រាង​កាយ​ជាង​ហត្ថករ​អណ្តូងរ៉ែ​ ដែល​បាន​ចូល​ទៅ​ក្នុង​តំបន់​ ម៉ារ៉ាងហ្កេ​ ដើម្បី​ជីក​កកាយ​រក​ត្បូង៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG