ក្រុងណៃរ៉ូប៊ី៖ អស់រយៈពេលជាង១០ឆ្នាំមកហើយ សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហៅកាត់ថា DRC ក្លាយជាកន្លែងកើតមានជម្លោះដ៏មរណៈនិងរំជើបរំជួលបំផុតនៅលើភពផែនដីនេះ។ យោងតាមគណៈកម្មការជួយសង្គ្រោះអន្តរជាតិ (International Rescue Committee) ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក មនុស្សជាង៥លាន៤សែននាក់ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នានៅ DRC ចាប់តាំងពីឆ្នាំ១៩៩៨ ដែលក្លាយទៅជាជម្លោះដ៏មរណៈបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២។
កាលពីពេលថ្មីៗនេះ ជម្លោះនេះត្រូវបានលាតត្រដាងឲ្យឃើញថា សង្គ្រាមដែលបន្តកើតមាននៅតាមបណ្តោយព្រំដែនភាគខាងកើតរបស់ប្រទេសនេះ មានសភាពធ្ងន់ធ្ងរឡើង ដោយសារការបញ្ជាទិញមកពីទូទាំងពិភពលោក នូវធនធានយ៉ាងច្រើនក្នុងតំបន់នេះ ដែលជារឿយៗត្រូវបានពិពណ៌នាថាជា «ជម្លោះធនធានរ៉ែ»។
សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានធនធានលោហធាតុដ៏មានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជាមាស សំណប៉ាហាំង តង់តាលូម និងតង់ស្តែន។ លោហធាតុទាំងបួនមុខនេះមានសារសំខាន់សម្រាប់ការផលិតឧបករណ៍អេឡិចត្រូនិកជាច្រើន រួមមានទូរស័ព្ទដៃ និងកុំព្យូទ័រជាដើម។ យោងតាមគម្រោង Enough Project ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ការគ្រប់គ្រងធនធានទាំងអស់នេះ បានក្លាយទៅជាបុព្វហេតុចម្បងនៃអំពើហិង្សានៅក្នុងតំបន់ ដោយឥឡូវនេះក្រុមពួកឧទ្ទាមបានប្រជែងគ្នា ដើម្បីគ្រប់គ្រងធនធានរ៉ែ ដែលផលិតលោហធាតុដ៏មានតម្លៃទាំងនេះ។
យោងតាមក្រុមនេះដែរ ការរំលោភផ្លូវភេទគឺជាវិធីសាស្ត្រដែលគេជ្រើសរើសដើម្បីបំភិតបំភ័យ ដោយប្រើក្រុមប្រដាប់អាវុធ ដើម្បីបង្ក្រាបពលរដ្ឋស៊ីវិល និងត្រួតត្រាច្រករត់ពន្ធទៅកាន់ពិភពលោកខាងក្រៅ។ បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅភាគខាងកើតកុងហ្គោ ឈ្មោះ MONUSCO គ្មានលទ្ធភាពទប់ស្កាត់អំពើហិង្សានេះបានទាល់តែសោះ។ កាលពីពេលថ្មីៗនេះ អំពើហិង្សានេះត្រូវបានលាតត្រដាងឲ្យឃើញថា ស្ត្រី និងកុមារជាង២៤០នាក់ត្រូវបានរំលោភ ដោយកងឧទ្ទាម ពេលពួកគេត្រួតត្រានៅលូវុងហ្គី (Luvungi) ក្នុងខេត្តគីវូខាងជើង (North Kivu)។
អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា មនុស្សចំនួន៥០០នាក់ត្រូវបានរំលោភនៅខេត្តគីវូខាងជើង និងខាងត្បូង ក្នុងអំឡុងខែកក្កដា និងសីហា ដោយក្រុមឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សានេះ។ អង្គការនេះបានពិពណ៌នា សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ថាជា«រដ្ឋធានីនៃការរំលោភផ្លូវភេទពិភពលោក» ហើយសហគមន៍អន្តរជាតិកំពុងចាប់ផ្តើមកត់សម្គាល់ដែរ។
កាលពីខែកក្កដា ព្រឹទ្ធសភាអាមេរិកាំងបានបន្ថែមបទបញ្ញតិ្តមួយទៅក្នុងច្បាប់ស្តីពីកំណែទម្រង់ហិរញ្ញវត្ថុ ដែលកំណត់ឲ្យក្រុមហ៊ុនអាមេរិកាំង ដែលទិញរ៉ែសំណប៉ាហាំង មាស និងលោហធាតុមានតម្លៃដទៃទៀត ឲ្យបង្ហាញថាផលិតផលរបស់ពួកគេគឺគ្មានជម្លោះ។ ក្រុមហ៊ុនណាដែលមិនបានធ្វើតាមបទដ្ឋាននេះ ត្រូវទទួលរងការធ្វើជម្រះបញ្ជីឯករាជ្យ និងទណ្ឌកម្មដ៏ធ្ងន់ធ្ងរ។ វិធានការនេះបានទទួលការសរសើរពីអង្គការមួយចំនួន ដូចជាអង្គការក្លបល វីតណេស ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដោយបានឲ្យដឹងថា ច្បាប់នេះដាក់ឲ្យក្រុមហ៊ុនទទួលខុសត្រូវ ដើម្បីចៀសវាងការផ្តល់ហិរញ្ញដល់អំពើហិង្សា។
អង្គការក្លបលវីតណេសក៏បានទទួលស្វាគមន៍ផងដែរដល់ដាក់ការហាមប្រាមនាពេលថ្មីៗនេះ ដែលត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតី ចូសិបហ៍ កាប៊ីឡា (Joseph Kabila) ទៅលើសកម្មភាពរុករករ៉ែ នៅភាគខាងកើតកុងហ្គោ។ កាលពីថ្ងៃសៅរ៍ លោកកាប៊ីឡា មានប្រសាសន៍ថា លោកបានផ្អាកដោយគ្មានកំណត់នូវការរុករករ៉ែនៅម៉ានីម៉ា (Maniema) និងខេត្តគីវូខាងជើង និងខាងត្បូង ដើម្បីលុបបំបាត់នូវអ្វីដែលលោកបានហៅថា ជាការគ្រប់គ្រងរបស់ «ក្រុមឧក្រិដ្ឋជន ឬម៉ាហ្វីយ៉ា» ទៅលើឧស្សាហកម្មនេះ។
លោកដានីញ៉ែល បាលីនឃឺធី (Daniel Balint-Kurti) ប្រធានយុទ្ធនាការកុងហ្គោ នៃអង្គការក្លូបល វីតណេស បានសម្តែងនូវសេចក្តីសង្ឃឹមប្រកបដោយភាពប្រយ័ត្នប្រយែងថា វិធានការនេះនឹងទទួលជោគជ័យ។
«វិស័យរ៉ែបានរួតរឹតទៅដោយការត្រួតត្រានៃក្រុមឧទ្ទាម និងក្រុមប្រដាប់អាវុធផ្សេងទៀត។ យើងគិតថា ប្រសិនបើការហាមនេះត្រូវបានធ្វើឡើង ដើម្បីសម្អាតវិស័យនេះ ធ្វើឲ្យកិច្ចការនេះមានសណ្តាប់ធ្នាប់ ហើយបន្ទាប់មកចាប់ផ្តើមផលិតកម្មរ៉ែ នៅក្រោមប្រព័ន្ធដំណើរការក្នុងលក្ខណៈ ដែលអ្នករុករករ៉ែមិនក្លាយជាជនរងគ្រោះដោយសារកងកម្លាំងប្រដាប់អាវុធ។ ដូច្នេះ កិច្ចការនោះនឹងក្លាយជារឿងដ៏ល្អ។ ការជាក់ស្តែង យើងពិតជាត្រូវរង់ចាំមើលថាតើរឿងនេះកើតឡើងយ៉ាងដូចម្តេច»។
ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែសប្បាយចិត្តនឹងការហាមរបស់លោកប្រធានាធិបតីនោះទេ។ ក្រុមឧស្សាហកម្មសំណប៉ាហាំងសកល ឈ្មោះ ITRI បានថ្លែងថា ការហាមការរុករករ៉ែ នៅខេត្តគីវូទាំងពីរនេះ នឹងធ្វើឲ្យគាំងដល់កិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីនាំយកតម្លាភាពទៅអនុវត្តក្នុងការរុករករ៉ែសំណប៉ាហាំង នៅក្នុងតំបន់។
កាលពីខែកក្កដាមុន ក្រុមនេះបានអនុវត្តគម្រោងផ្តួចផ្តើមសង្វាក់ផ្គត់ផ្គង់សំណប៉ាហាំង ITRI (Tin Supply Chain Initiative) ដើម្បីចាប់ផ្តើមតាមដាន និងធ្វើអត្តសញ្ញាណកម្មលើការនាំចេញសំណប៉ាហាំង នៅអណ្តូងរ៉ែ មួយចំនួន នៅតាមបណ្តាខេត្តជាច្រើន។
ដំណើរការនេះត្រូវបានផ្តល់មូលនិធិស្ទើរតែទាំងស្រុងដោយអ្នកនាំចេញ និងរោងចក្រ រំលាយសំណប៉ាហាំង ដែលពឹងផ្អែកលើក្រុមនេះ ក្នុងការធ្វើអត្តសញ្ញាណកម្មឲ្យរ៉ែរបស់គេ។ ក្រុមនេះឲ្យដឹងថា បើគ្មានការនាំចេញសំណប៉ាហាំងទេ ខ្លួននឹងមិនមានលទ្ធភាពធ្វើឲ្យប្រាកដថាសម្ភារៈស្របច្បាប់ ត្រូវបាននាំចេញពីតំបន់នោះឡើយ។
មានការភ័យខ្លាចមួយចំនួន ដែលថាបំរាមនេះអាចមានផលប៉ះពាល់ជាអវិជ្ជមានដល់អ្នករុករករ៉ែស៊ីវិល។ អ្នកស្រីខេយ នីម៉ូ (Kay Nimmo) អ្នកនាំពាក្យរបស់ ITRI បានប្រាប់វីអូអេថា វិធានការទាំងឡាយ ដូចជាបំរាម និងការដាក់កម្រិតរបស់អាមេរិក បានជំរុញមិនឲ្យមានការចូលរួម ជាជាងដំណោះស្រាយទប់ស្កាត់ចំពោះការរត់ពន្ធរ៉ែ។ អ្នកស្រីនីម៉ូបានព្រមានថា វិធានការដ៏តឹងរ៉ឹងបែបនេះអាចធ្វើឲ្យប៉ះពាល់ទីផ្សារ ជាជាងជំរុញឲ្យមានការកែទម្រង់។
«វាជាការសំខាន់ណាស់សម្រាប់មនុស្សក្នុងការដឹងថា ការស្ថិតនៅនឹងកន្លែង និងការព្យាយាមកែលំអ គឺប្រហែលជាវិធីដ៏ប្រសើរក្នុងការបំពេញកិច្ចការនេះ។ ដោយសារតែចំនួនសំណប៉ាហាំងកុងហ្គោមានកម្រិតទាបយ៉ាងខ្លាំង ដែលមានត្រឹមតែ៣ភាគរយនៃផលិតកម្មក្នុងពិភពលោក វាជាការងាយស្រួលក្នុងការទទួលការផ្គត់ផ្គង់មកពីតំបន់ដទៃ។ ដូច្នេះ វាជាជម្រើសងាយស្រួលក្នុងការនិយាយថា «យើងនឹងមិនអនុវត្តតាមនិតិវិធីដែលតម្រូវនៅក្នុងច្បាប់ស្តីពីរ៉ែជម្លោះទេ។ យើងគ្រាន់តែទិញពីកន្លែងផ្សេង»។
លោកបាលីនឃឺធី អ្នកនាំពាក្យរបស់អង្គការក្លូបល វីតណេស បានច្រានចោលទឡ្ហីករណ៍ទាំងអស់នោះ ដោយនិយាយថាកម្រិតគ្រោះថ្នាក់ ដែលធ្វើឡើងដោយអ្នកផលិតសំណប៉ាហាំង ដើម្បីទទួលបានរ៉ែរបស់ប្រទេសកុងហ្គោ បានបង្ហាញឲ្យឃើញពីលទ្ធភាពទីផ្សារក្នុងការជំទាស់នឹងការបំរាមនោះ។
អ្នកវិភាគជាច្រើនជឿថា រដ្ឋាភិបាលនឹងមានបញ្ហាក្នុងការអនុវត្តបំរាមនោះ ហើយជាលទ្ធផល អ្នកខ្លះបានប៉ាន់ស្មានពីកំណើននៃការរត់ពន្ធ។ គេនៅរង់ចាំមើលថាតើវិធានការអ្វី ដែលអាជ្ញាធរកុងហ្គោនឹងចាត់ ដើម្បីញែកកងកម្លាំងរដ្ឋាភិបាល និងឧទ្ទាម ឲ្យចេញពីការធ្វើពាណិជ្ជកម្មខុសច្បាប់។ ប្រសិនបើកិច្ចប្រឹងប្រែងជាតិ និងអន្តរជាតិ ទទួលបរាជ័យ ពលរដ្ឋកុងហ្គោនឹងទទួលរងគ្រោះបន្តទៀត៕
ប្រែសម្រួលដោយ លី សុខៀង