អឺរ៉ុបដាក់ចេញនូវវិធានការច្បាប់តឹងតែង​បន្ថែមទៀត​ដើម្បីប្រយុទ្ធប្រឆាំង​នឹង​មេរោគកូរ៉ូណា​

  • Lisa Schlein

បុគ្គលិកសុខាភិបាលកំពុងបញ្ជូនអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ Gemelli នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

ចំនួន​ករណី​ឆ្លង​និង​ចំនួន​អ្នក​ស្លាប់​ដ៏​ច្រើន​បំផុត​ដោយ​សារ​មេរោគ​កូរ៉ូណា​ នៅ​តែត្រូវ​បាន​គេ​រាយការណ៍​ពី​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច​ដែល​រួម​មាន​ប្រទេស​ចិន។ ​ប៉ុន្តែ ​ទ្វីប​អឺរ៉ុប​ប្រដេញ​តាម​នៅ​លំដាប់​លេខ​២​ហើយឥឡូវ​នេះបណ្តា​ប្រទេស​អឺរ៉ុប​បូក​បញ្ចូល​គ្នា​មាន​ចំនួន​សរុបនៃការ​ឆ្លង​ និង​ការ​ស្លាប់​កើន​ឡើង​ច្រើន​ជាង​តំបន់​ដទៃ​ទៀត​បូក​បញ្ចូល​គ្នា។​

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​មានការ​ពិបាក​ក្នុង​ការ​បកស្រាយ​ថា​កត្តា​ណា​មួយ ឬ​សេណារីយ៉ូ​ពិសេស​ណា​មួយ​ ដែល​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ករណី​ជំងឺ​នេះ​នៅ​អឺរ៉ុប។ លោក​ Christian Lindmeier ​អ្នក​នាំពាក្យ​របស់​អង្គការ​សុខភាព​ពិភព​លោក ​បាន​ប្រាប់ VOA​ ថា​ ទីភ្នាក់ងារ​របស់​លោក​បាន​ធ្វើការ​ព្រមាន​អស់រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ ​ហើយ​ថា​ មេរោគ​ថ្មី​នេះ​នឹង​ចាក់ឫស​ ហើយ​បន្ត​រីករាលដាល​យ៉ាង​ល្បឿន​ឥត​ឈប់ឈរ​ នៅ​ជុំវិញ​ពិភព​លោក។

លោក​ Lindmeier ​បាន​និយាយថា៖ ​«ក្នុង​ពេល​ជាមួយគ្នា​នេះដែរ​ នៅពេល​មាន​ករណី​ឆ្លង​កើន​ឡើង​ច្រើន ម្យ៉ាង​អាច​ដោយ​សារ​គេ​មិន​បាន​រក​ឃើញ​មួយ​រយៈ​ ហើយ​ម្យ៉ាង​ទៀត​អាច​ជា​រឿងអភ័ព្វ​ដោយ​សារ​មាន​មនុស្ស​មួយ​ក្រុម​ធំឆ្លង​មេរោគ​ក្នុង​ពេល​ជាមួួយ​គ្នា​ ហេតុនេះ​វានាំឲ្យ​មាន​វិបត្តិ​សមត្ថភាព​ហើយ​នេះ​ជាអ្វី​ ដែល​ប្រទេស​អឺរ៉ុប​ជាច្រើន​ហាក់ដូច​ជា​កំពុង​ព្យាយាម​ដោះស្រាយ​ទាំង​លំបាក នៅ​ពេល​នេះ»។​

លោក​ Lindmeier​ ពន្យល់​ថា​ប្រទេស​ជាច្រើន​មិនបាន​ត្រៀម​ទុក​ជា​មុន​ក្នុង​ការ​ពិសោធន៍ ​ការ​ព្យាបាល​និង​ការ​តាម​ដាន​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នេះ​ទេ​ភ្លាមៗ​នៅ​ពេល​ដែល​មេរោគ​នេះ​វាយ​ប្រហារ។​លោក​មាន​ប្រសាសន៍​ថា​ ប្រទេស​ជាច្រើន​នៅតែខ្វះ​សមត្ថភាព​ក្នុងការ​អនុវត្ត​វិធាន​ការណ៍​សំខាន់ៗ​ទាំងនេះ។​ លោក​មាន​ប្រសាសន៍​ថា​ ខ្វះ​ឧបករណ៍​វេជ្ជសាស្ត្រ​ខ្វះ​ការ​ពិសោធន៍ (ការ​ធ្វើ​តេស្ត) ​ខ្វះ​បុគ្គលិក​ខ្វះគ្រែ​មន្ទីរ​ពេទ្យ​ខ្វះ​ឧបករណ៍​បញ្ចេញ​បញ្ចូល​ខ្យល់​គ្រប់គ្រាន់ និង​ខ្វះ​របស់​របរ​ចាំ​បាច់ដទៃ​ទៀត​គឺជា​បញ្ហា​ដែល​មាន​នៅ​ជុំវិញ​ពិភព​លោក។​

មានប្រទេស​ច្រើន​ឡើងៗ​កំពុង​ប្រវេប្រវា​ប្រើ​វិធាន​ការ​ច្បាប់​តឹងតែង​ ដូច​ជា​ឲ្យ​បុគ្គល​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដៃ​មិន​ឲ្យ​មាន​សកម្មភាព​សង្គម (គម្លាត​ពី​សង្គម)​ និង​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ Covid-19។​ លោក ​Lindmeier​ មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​រដ្ឋាភិបាល​នានា​ត្រូវតែ​សម្រេច​ចិត្តដោយ​ខ្លួន​ឯង​លើ​គោល​នយោបាយ​ ដែល​ពួកគេ​ជឿជាក់​ថា​នឹង​ធ្វើការ​បាន​ល្អ​បំផុត​សម្រាប់​សង្គម​របស់​ពួកគេ។​

ប៉ុន្តែ​លោក​កត់​សម្គាល់​ថា ​ទាំង​ប្រទេស​ចិន​និង​ប្រទេស​សិង្ហបុរី​ដែល​ប្រើ​វិធានការ​វេជ្ជ​សាស្រ្ត​សង្គម​ និង​នយោបាយ​យ៉ាង​តឹងរ៉ឹងមាន​ការ​ថយ​ចុះ​ចំនួន​ករណី​ឆ្លង​ និង​ការ​ស្លាប់​គួរ​ឱ្យ​កត់​សម្គាល់។

លោក​និយាយ​ថា​មាន​សញ្ញា​បង្ហាញ​ថា ​«ការ​កាត់​ផ្តាច់​យ៉ាង​លឿនឬ​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នូវ​សកម្មភាព​សង្គម​របស់​ប្រជាជន​គួប​ផ្សំនឹង​ការ​ពិសោធន៍រក​អ្នក​ឆ្លង​ជំងឺ​ ​ការ​តាមដាន​និង​ការ​ព្យាបាល​អ្នក​ជំងឺ​និង​ទំនាក់​ទំនង​របស់​ពួក​គេ​ជា​វិធានការ​មាន​ប្រសិទ្ធភាព»។

លោក​ Lindmeier​ អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភព​លោកនិយាយថា​ គេ​មិន​ទាន់​ដឹង​ទេ​ថាតើ​វិធានការថា​យ៉ាង​ម៉ឺងម៉ាត់​ដែល​អនុវត្ត​ដោយប្រទេស​អ៊ីតាលី​អេស្ប៉ាញ បារាំង ស្វីស​ និង​ប្រទេស​ដទៃ​នោះ​ទទួល​បាន​លទ្ធផល​ឬ​យ៉ាងណា​ទេ។​ លោក​មាន​ប្រសាសន៍​ថា ស្ថានភាពជំងឺ​រាតត្បាត​ទូទាំង​ពិភព​លោក​នេះ​នឹង​កាន់តែ​អាក្រក់​ទៅៗ ​មុន​ពេល​វា​ប្រសើរ​ឡើង​វិញ។

លោក​និយាយ​ថា​ប្រជាជនត្រូវទ្រាំ​នឹង​ការឆ្លង​និង​ឈឺស្លាប់​ច្រើន​ទៀត ​ទម្រាំ​ការ​រាតត្បាត​នេះ​ឡើង​ដល់​កម្រិត​កំពូល​និង​ធ្លាក់​ចុះ​វិញ៕

ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ​