សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសាជាថ្មីលើធនាគារនិងក្រុមហ៊ុនដឹកជញ្ជូនចំនួន៣២របស់អ៊ីរ៉ង់ បន្ទាប់ពីវិធានការណ៍បានត្រូវលុបចោលដោយតុលាការអឺរ៉ុបនៅដើមឆ្នាំនេះ។
កាលពីថ្ងៃពុធ សហភាពអឺរ៉ុបបានកំណត់ធនាគារ Tejarat និងក្រុមហ៊ុន៣២ទៀតសម្រាប់ដាក់ទណ្ឌកម្ម។ ការកំណត់ដាក់ទណ្ឌកម្មនេះ កើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានឈោងដល់គម្រោងកិច្ចព្រមព្រៀងជាមួយប្រទេសមហាអំណាចពិភពលោកហើយទទួលបានការបន្ធូបន្ថយការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិជាថ្នូរនឹងការដោះដូរការទប់ស្កាត់កម្មវិធីនុយក្លែអ៊ែរបស់អ៊ីរ៉ង់។
នៅក្នុងព្រឹត្តិប័ត្រផ្លូវការរបស់ខ្លួន សហភាពអឺរ៉ុបបានប្រាប់ឲ្យដឹងថា ធនាគារ Tejarat បានផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់រដ្ឋាភិបាលអ៊ីរ៉ង់ដោយការផ្តល់ប្រាក់និងសេវាកម្មហិរញ្ញវត្ថុសម្រាប់គម្រោងប្រេងនិងឧស្ម័ននានា។
កាលពីខែមករា តុលាការជាន់ខ្ពស់ទី២របស់អឺរ៉ុបបានកាត់សេចក្តីថាធនាគារ Tejarat និងក្រុមហ៊ុនដឹកជញ្ជូនជិត៤០ មិនទទួលកាន់ដាក់ទណ្ឌកម្មទេ។ ការសម្រេចដាក់ទណ្ឌកម្មឡើងវិញនៅក្រោមច្បាប់ផ្សេងៗ កើតមានឡើងបន្ទាប់ពីមានការជឿនលឿនទៅមុខនៅក្នុងកិច្ចព្រមព្រៀងដើម្បីកម្រិតកម្មវិធីនុយក្លែអ៊ែរបស់អ៊ីរ៉ង់។
នៅក្រោមគម្រោងកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុនដែលប្រឈមពេលកំណត់នៅថ្ងៃទី៣០ ខែមិថុនាដើម្បីបញ្ចប់កិច្ចព្រមព្រៀងនោះ ការដាក់ទណ្ឌកម្មនឹងត្រូវលុបចោលដរាបណាអ៊ីរ៉ង់ប្រកាន់ខ្ជាប់នូវការតាំងចិត្តរបស់ខ្លួន។
អ៊ីរ៉ង់បាននិយាយយ៉ាងទទូចជាយូរយាណាស់មកហើយថា កម្មវិធីនុយក្លែអ៊ែរបស់ខ្លួន គឺគោលបំណងដើម្បីសន្តិភាព ក៏ប៉ុន្តែសហរដ្ឋអាមេរិកហើយនិងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនជឿជាក់ថា អ៊ីរ៉ង់កំពុងធ្វើការងារឆ្ពោះទៅកាន់ការស្ថាបនាអាវុធនុយក្លែអ៊ែ៕